កាលពីពាក់កណ្តាលសប្តាហ៍មុន
កងទ័ពអាកាសអាមេរិកបានព្យួរផ្អាកការងារមន្រ្តីទទួលបន្ទុកមីស៊ីល
នុយក្លេអ៊ែរចំនួន៩២នាក់ បន្ទាប់ពីគេបានរកឃើញថា
មន្រ្តីទាំងនោះមានជាប់ពាក់ព័ន្ធ ឬបានបន្លំ លួចចម្លង ចម្លើយវិញ្ញាសា
នៅក្នុងការប្រលងធ្វើតេស្តសមត្ថភាពមួយ។ រឿងអាស្រូវ
លួចចម្លងចម្លើយវិញ្ញាសា របស់មន្រ្តីទ័ពអាមេរិក
ធ្វើឲ្យគេចោទសួរពីសមត្ថភាពរបស់មន្រ្តីទ័ព
ដែលត្រូវទទួលបន្ទុកគ្រប់គ្រង
និងបញ្ជាគ្រាប់មីស៊ីលនុយក្លេអ៊ែររបស់អាមេរិក។
មន្រ្តីទ័ពអាមេរិកមិនអាចរួចផុតពីរឿងអាស្រូវដែលត្រូវបាន
គេរកឃើញ និងយកមកបរិហារជាបន្តបន្ទាប់ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។
អស់ពីរឿងអាស្រូវពុករលួយ និងការលួចប្រើថ្នាំញៀនក្នុងជួរកងទ័ព
មន្ទីរបញ្ចកោណអាមេរិកត្រូវមកឈឺក្បាលនឹងរឿងអាស្រូវដែលជាប់ទាក់ទង
យ៉ាងសំខាន់ នឹងសមត្ថភាពរបស់មន្រ្តីទ័ពជើងអាកាសដែលត្រូវទទួលបន្ទុក
ថែរក្សា និងបញ្ជាបាញ់មីស៊ីល ដែលមានផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន គឺប្រធានកងទ័ពជើងអាកាស លោកស្រី Deborah Lee James ដែលបានប្រកាសប្រាប់អ្នកកាសែត ពីការរកឃើញក៏មិនគួរឲ្យជឿមួយ។ នោះគឺមន្រ្តីដែលបន្ទុកកាន់គ្រប់គ្រងគ្រាប់មីស៊ីលដែលគេសង្ស័យ ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវលួចបន្លំក្នុងពេលប្រលងធ្វើតេស្ត នៅមូលដ្ឋានទ័ព ម៉ុងតាណា បានកើនឡើង ពី៣៤នាក់ ដល់៩២នាក់។ មានន័យថា មន្រ្តីជាងពាក់កណ្តាលនៃមន្រ្តីទទួលបន្ទុកគ្រាប់នុយក្លេអ៊ែររបស់ អាមេរិកនៅមូលដ្ឋានទ័ពម៉ុងតាណា បានលួចបន្លំក្នុងពេលប្រលង ឬបានដឹងពីការលួចបន្លំ ប៉ុន្តែមិនព្រមរាយការណ៍ទៅថ្នាក់លើ។
កាលពីបីសប្តាហ៍មុននេះ កងទ័ពជើងអាកាសអាមេរិកបានព្យួរការងារមន្រ្តីនុយក្លេអ៊ែរអាមេរិក ចំនួន ៣៤នាក់ បន្ទាប់ពីគេរកឃើញថា ពួកគេបានលួចបន្លំ ក្នុងពេលប្រលងធ្វើតេស្តសមត្ថភាព។ ការរកឃើញសកម្មភាពលួចបន្លំរបស់មន្រ្តីអាមេរិក កើតឡើងដោយចៃដន្យ បំផុត ព្រោះថា ដំបូងឡើយ គេគ្រាន់តែធ្វើការស៊ើបអង្កេត និងចាប់បានមន្រ្តីនុយក្លេអ៊ែរដែលបានប្រើថ្នាំញៀន នៅកន្លែងធ្វើការ។ ប៉ុន្តែ នៅក្នុងស្រាវជ្រាវ និងចាប់ខ្លួនមន្រ្តីដែលជាប់ចោទពីបទប្រើថ្នាំញៀន ក្រុមអធិការកិច្ច បានរកឃើញចម្លើយវិញ្ញាសាររួចជាស្រេច នៅក្នុងទូរស័ព្ទដៃរបស់មន្រ្តីយាមគ្រាប់នុយក្លេអ៊ែរម្នាក់។ ការលួចបន្លំ និងការធ្វេសប្រហែលនៅក្នុងការងាររបស់មន្រ្តីទ័ពអាមេរិកមិនមែនមានជា លើកទីមួយទេ។ រឿងអាស្រូវលើកនេះ កើតមានជាបន្តបន្ទាប់ពីរឿងអាស្រូវខ្វះវិជ្ជាជីវៈរបស់មន្រ្តីកងទ័ព អាមេរិក។ កាលពីពេលថ្មីៗនេះ មន្រ្តីផ្កាយពីរម្នាក់របស់កងទ័ពជើងអាកាសម្នាក់ត្រូវបានគេបណ្តេញ ចេញពីការងារ ដោយសារ តែប្រកាន់ឥរិយាបទ និងប្រើគ្រឿងស្រវឹង នៅក្នុងការងារ។ កាលពីឆ្នាំ ២០០៨ អតីតរដ្ឋមន្រ្តីការពារជាតិបានបញ្ជាឲ្យគេផ្លាស់ប្តូរតួនាទីមន្រ្តី ទ័ពអាកាសពីរនាក់ ពីបទធ្វេសប្រហែលដឹកជញ្ជូនគ្រាប់ បេ ៥២ ដែលមានផ្ទុកក្បាលគ្រាប់នុយក្លេអ៊េរ ហោះកាត់ពីលើសហរដ្ឋអាមេរិក។
ហេតុអ្វីបានជាមន្រ្តីកាន់គ្រាប់នុយក្លេអ៊ែរចាំបាច់លួចបន្លំ នៅក្នុងពេលប្រលង?
នៅម៉ុងតាណា មូលដ្ឋានស្តុកគ្រាប់មីស៊ីល មានផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ស្ថិតនៅក្រោមដី ក្នុងជម្រៅ៣០ម៉ែត្រ។ ជារៀងរាល់ខែ មន្រ្តីទទួលបន្ទុក គ្រប់គ្រង និងបញ្ជាគ្រាប់មីស៊ីលត្រូវប្រលង រំលឹកសមត្ថភាព។ ពួកគេត្រូវចាំបាច់ទទួលបានពិន្ទុល្អ គឺទទួលជោគជ័យឲ្យបាន៩០ភាគរយក្នុងការប្រលង។ ការរឹតបន្តឹងសមត្ថភាព និងការទាមទារខ្ពស់ ក្នុងពេលធ្វើតេស្តប្រលង អាចជាមូលហេតុមួយដែលជំរុញមន្រ្តីលួចបន្លំ នៅក្នុងពេលប្រលង។ តាមលោកស្រីប្រធានកងទ័ពជើងអាកាស ការលួចចម្លង ចម្លើយវិញ្ញាសារគឺជារឿងមួយដែលមិនអាចទទួលយកបាន និងផ្ទុយពីសុចរិតភាពរបស់មន្រ្តីដែលទទូលបន្ទុកយាមការពារ និងបញ្ជាគ្រាប់មីស៊ីលនុយក្លេអ៊ែរ។ ប៉ុន្តែ យ៉ាងណាក៏ដោយ បន្ទាប់ពីបានធ្វើដំណើរទៅត្រួតពិនិត្យនៅមូលដ្ឋានទ័ពទាំងបីដែល រក្សាគ្រាប់មីស៊ីលនុយក្លេអ៊ែរ លោកស្រីប្រធានកងទ័ពជើងអាកាសអាមេរិកទទួលស្គាល់ថា បរិយាកាសធ្វើការរបស់មន្រ្តីរក្សានុយក្លេអ៊ែររុករានដោយជម្ងឺ តប់ប្រមល់ ស្ត្រេស និងការភ័យខ្លាច។ នៅក្នុងទីតាំងស្តុកទុកគ្រាប់មីស៊ីលដែលមាន ផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដ៏ស្មុគស្មាញ មន្រ្តីទាំងឡាយខ្លាចមិនបានឡើងតំណែង នៅពេលប្រលងធ្លាក់ និងព្រួយបារម្ភពីអនាគតការងាររបស់ពួកគេ។ សឹងតែមន្រ្តីទូទៅ នៅមូលដ្ឋានរក្សាគ្រាប់មីស៊ីលអាមេរិកជួបការបាក់ទឹកចិត្ត។ ពួកគេបាក់ទឹកចិត្ត ដោយសារតែមូលដ្ឋានទ័ពរបស់ពួកគេ មិនបានទទួលការចាប់អារម្មណ៍ ឬយកចិត្តទុកដាក់ពីសំណាក់មន្ទីរបញ្ចកោណ។ ជារួម ខុសពីមុខជំនាញទ័ពផ្សេងទៀត ដែលរវល់ខ្លាំង ដោយសារសង្រ្គាមនៅអ៊ីរ៉ាក់ និងនៅអាហ្វហ្កានីស្ថាន មូលដ្ឋានស្តុកគ្រាប់មីស៊ីលដែលមានផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរមិនបាន បញ្ចេញមុខមាត់របស់ខ្លួន តាំងពីសម័យសង្រ្គាមត្រជាក់។
គួរបញ្ជាក់ថា ម៉ុងតាណា ជាមូលដ្ឋានទ័ពមួយ ក្នុងចំណោមមូលដ្ឋានទ័ពសំខាន់បី ដែលមានតាំងទី គ្រាប់មីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ ចំនួន ៤៥០ដើមរបស់អាមេរិក ដែលផ្ទុកដោយក្បាលគ្រាប់នុយក្លេអ៊ែរ។ នៅក្នុងពេលដែលមានផ្ទុះរឿងអាស្រូវ ដែលធ្វើឲ្យគេចោទសួរពីសមត្ថភាពរបស់មន្រ្តីរក្សាមីស៊ីល ប្រធានកងទ័ពជើងអាកាសអាមេរិកបានបញ្ជាក់ថា រឿងអាស្រូវមិនបានប៉ះពាល់ដល់សមត្ថភាពរបស់កម្មវិធីអាមេរិក ក្នុងផ្នែកបាញ់មីស៊ីលរយៈចម្ងាយឡើយ។ យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីការពារជាតិអាមេរិក បានបញ្ជាឲ្យគេសើរើ និងរៀបចំកែតម្រូវឡើងវិញ ការងារនៅមូលដ្ឋានស្តុកគ្រាប់មីស៊ីលដែលមាននុយក្លេអ៊ែរ៕ Labels: ព័ត៌មានអន្តរជាតិ