តុ​លា​ការ​​ខេត្ត​​កំ​​ពង់​​ស្ពឺ​សម្រេច​​ដាក់​​មេ​​ដឹក​​នាំ​​សហ​​ជីព​​កម្មករ​៥​រូប​ឲ្យ​​ជាប់​​កាតព្វ​​កិច្ច​នៃ​​ការ​​ត្រួត​​ពិ​​និត្យ​​តាម​​ផ្លូវ​​តុ​​លា​​ការ​



លោក ជា មុនី ប្រធាន​​សហជីព​​សេរី​កម្មករ​
ដោយ លី ម៉េងហួរ

ចៅ​ក្រម​ស៊ើប​សួរ នៃ​សា​លា​ដំបូង ខេត្ត​កំពង់​ស្ពឺ បាន​ចេញ​ដី​កា​សម្រេច ដាក់​ជន​ត្រូវ​ចោទ ជា​មេ​ដឹក​នាំ​សហ​ជីព​កម្មករ ៥ រូប ឲ្យ​ជាប់​កាតព្វ​កិច្ច នៃ​ការ​ត្រួត​ពិនិត្យ តាម​ផ្លូវ​តុលា​ការ។ មេ​ដឹក​នាំ​សហ​ជីព​សេរី​កម្មករ​របស់​លោក​ជា​មុនី ទាំង ៥ រូប​នោះ ពាក់​ព័ន្ធ​នឹង​សំ​ណុំ​រឿង​តវ៉ា​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ សា​ប្រ៊ី​ណា នៅ​ខេត្ត​កំពង់​ស្ពឺ ហើយ​កើត​អំពើ​ហឹង្សា កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៣។

មេ​ដឹក​នាំ​សហជីព​សេរី​កម្មករ​ទាំង ៥ រូប​នោះ រួម​មាន លោក យ៉ាន់ រ័ត្ន​កែវ​ពិសី លោក ថន ថុល អ្នក​ស្រី សំ ស្រី​មុំ លោក សាយ ប្រុស និង​លោក សៀង ហេម។ មេ​សហ​ជីព​កម្មករ​ទាំង ៥ ស្ថិត​ក្នុង​ចំ​ណោម​កម្មក​រ និង​មេ​ដឹក​នាំ​សហ​ជីព ១៦ រូប ដែល​ត្រូវ​បាន​ថៅ​កែ​ក្រុម​ហ៊ុន រោង​ចក្រ​កាត់​ដេរ សា​ប្រ៊ី​ណា ប្តឹង​ចោទ​ប្រកាន់​ពី​បទ​បំ​ផ្លិច​បំ​ផ្លាញ​ទ្រព្យ​សម្បត្តិ​រោង​ចក្រ និង​ញុះ​ញង់​ឲ្យ​កម្មករ ធ្វើ​បាតុ​កម្ម​តវ៉ា ប្រ​ព្រឹត្ត​បទ​ឧក្រិដ្ឋ តាម​រយៈ​បាតុ​កម្ម​កម្មករ​រោង​ចក្រ ដែល​កើត​មាន​អំ​ពើ​ហិង្សា កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៤​។

ដី​កា​សម្រេច ចុះ​ថ្ងៃ​ទី​៥​កុម្ភៈ របស់​លោក ឆឹម ឬទ្ធី ចៅ​ក្រម​ស៊ើប​សួរ នៃ​តុលា​ការ សា​លា​ដំបូង ខេត្ត​កំពង់​ស្ពឺ បាន​លើក​ឡើង​ថា ការ​សម្រេច​ដាក់​ជន​ត្រូវ​ចោទ ឲ្យ​ជាប់​កាតព្វ​កិច្ច នៃ​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលា​ការ ដើម្បី​ធានា​ជន​ត្រូវ​ចោទ មាន​វត្ត​មាន​ចំពោះ​មុខ​តុលា​ការ និង​ដើម្បី​ចៀស​វាង​ការ​រាំង​ស្ទះ ក្នុង​ដំ​ណើរ​ការ នៃ​នី​តិ​វិធី​។

លោក ឆឹម ឫទ្ធី ចៅ​ក្រម​ស៊ើប​សួរ របស់​តុលា​ការ សា​លា​ដំបូង​ខេត្ត​កំពង់​ស្ពឺ បាន​សម្រេច ឲ្យ​ជន​ជាប់​ចោទ ជាប់​កាតព្វ​កិច្ច នៃ​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលា​ការ ដោយ​មិន​ត្រូវ​ផ្លាស់​ប្តូរ​លំ​នៅ​ស្ថាន ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅ​ក្រម​ស៊ើប​សួរ និង​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះ​ហៅ​ពី​គ្រប់​បុគ្គល ដែល​ចាត់​តាំង​ដោយ​ចៅ​ក្រម​ស៊ើប​សួរ ជា​ដើម​។

លោក​ចៅ​ក្រម ក៏​បាន​ព្រមាន​ថា ក្នុង​ករណី ដែល​ជន​ត្រូវ​ចោទ​គេច​វេះ ដោយ​ចេត​នា មិន​អនុវត្ត​តាម​ដីកា​ខាង​លើ​នេះ ចៅ​ក្រម​ស៊ើប​សួរ នឹង​ចាប់​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ឡើង​វិញ។
ដី​​កា​​សម្រេច​របស់​ចៅ​ក្រម​ស៊ើប​សួរ ត្រូវ​បាន​ជន​ជាប់​ចោទ​ទាំង ៥ រូប ជា​មេ​ដឹក​នាំ​សហជីព​សេរី​កម្មករ បាន​បិទ​មេ​ដៃ ទទួល​យក នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

លោក យ៉ាន់ រ័ត្ន​កែវ​ពិសី អគ្គ​លេខា​ធិ​ការ​រង​សហ​ជីព​សេរី​កម្មករ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​ជា​ជន​ជាប់​ចោទ​មួយ​រូប ក្នុង​ចំណោម​មេ​ដឹក​នាំ​សហ​ជីព​កម្មករ​ទាំង ៥ រូប ដែល​ចៅ​ក្រម ដាក់​ឲ្យ​ជាប់​កាតព្វ​កិច្ច នៃ​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលា​ការ បាន​ចាត់​ទុក ការ​ប្តឹង​ផ្តល់ និង​ដីកា​សម្រេច​របស់​តុលា​ការ ថា​ជា​ការ​មួល​បង្កាច់ ក្នុង​បំណង​បំ​បាក់​ស្មារតី​របស់​កម្មករ និង​មេដឹក​នាំ​សហជីព។ លោក​បញ្ជាក់ថា នៅ​ថ្ងៃកើតហេតុ នា​ថ្ងៃទី៣មិថុនា ឆ្នាំ២០១៣ រូបលោក មិនបាន​នៅ​កន្លែង​កើត​ហេតុ និង​មិន​បាន​ញុះ​ញង់ ដឹក​នាំ​កម្មករ ធ្វើ​បាតុ​កម្ម​តវ៉ា ដែល​នាំ​ដល់​អំ​ពើ​ហិង្សា​នោះ​ទេ។

ជា​ការ​កត់​សម្គាល់ ក្នុង​សំ​ណុំ​រឿង​ព្រហ្ម​ទណ្ឌ នៅ​រោង​ចក្រ​កាត់​ដេរ សា​ប្រ៊ី​ណា នៅ​ខេត្ត​កំពង់​ស្ពឺ ខាង​ក្រុម​ហ៊ុន​រោង​ចក្រ បាន​ប្តឹង​លើ​កម្មករ និង​មេ​ដឹក​នាំ​សហ​ជីព​កម្មករ ចំ​នួន ១៦ រូប។ ក្នុង​នោះ មាន​កម្មករ និង​មេ​ដឹក​នាំ​សហ​ជីព​កម្មករ ៨ នាក់ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ចាប់​តាំង​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៣ ក្នុង​ពេល​កើត​មាន​ជម្លោះ​នៅ​រោង​ចក្រ​កាត់​ដេរ សា​ប្រ៊ី​ណា ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ ម្តុំ​ផ្សារ​ថ្នល់​ទទឹង ក្នុង​ខេត្ត​កំពង់​ស្ពឺ។ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​ធ្នូ​ ឆ្នាំ​២០១៣ ចៅ​ក្រម​បាន​សម្រេច​ដោះ​លែង​កម្មករ និង​មេ​ដឹក​នាំ​សហ​ជីព​កម្មករ ទាំង ៨ នាក់ តែ​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលា​ការ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors