ប្រេងតូតាល់ ក្រុមហ៊ុនរថយន្តប៉ឺហ្សូ រឺក៏សហគ្រាសធុនតូច និងមធ្យម បាននាំគ្នាវិលត្រលប់ចូលទឹកដីអ៊ីរ៉ង់ជាថ្មីម្តងទៀត ដើម្បីត្រៀម ខ្លួនរកស៊ីនៅទីនោះ។ ពួកគេសង្ឃឹមថា អ៊ីរ៉ង់នឹងសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយទូទៅមួយ ស្តីពីនុយក្លេអ៊ែរ និងការលើកលែងទណ្ឌកម្មពីសំណាក់សហគមន៍អន្តរជាតិ។ ដោយឡែក អ៊ីរ៉ង់បាន សុំអោយបារាំងវិនិយោគផ្នែកថាមពល ក្នុងទឹកដីខ្លួន ដើម្បីទទួលបាន ប្រយោជន៍ពីលក្ខខណ្ឌមួយចំនួន។
ក្នុងកិច្ចប្រជុំតុមូលនៅអ៊ីរ៉ង់ ថ្ងៃអង្គារនេះ អង្គការអន្តរជាតិបារាំង ឈ្មោះថា Medef ដែលជាសាខាមួយនៃអង្គការប្រធានសហគ្រាសបារាំង បានដឹកនាំអ្នកតំណាងសហគ្រាសបារាំង១១៦រូប ជួបជាមួយសហគ្រាសអ៊ីរ៉ង់ជាច្រើន។ ក្នុងកិច្ចប្រជុំនេះ អ៊ីរ៉ង់បានសុំអោយបារាំងធ្វើការវិនិយោគផ្នែកថាមពលក្នុងទឹកដីខ្លួន ដើម្បីទទួលបានប្រយោជន៍ពីលក្ខខណ្ឌមួយចំនួន។ យោងតាមផែនការ៥ឆ្នាំ ឆ្នាំ២០១០-២០១៥ ផ្នែកប្រេងនិងឧស្ម័នអ៊ីរ៉ង់ ត្រូវការ២៣០ពាន់លានដុល្លារ ហើយ៥៥ភាគរយនៃការវិនិយោគទាំងអស់នេះ ត្រូវតែសម្រេចធ្វើអោយបាន ដើម្បីអនុវត្តន៍ផ្នែកប្រេងនិងឧស្ម័ននេះ។
គណៈប្រតិភូបារាំង១១៦រូបនេះ តំណាងគណៈប្រតិភូសេដ្ឋកិច្ចសហភាពអឺរ៉ុបធំបំផុត ដែលចូលមកក្នុងទឹកដីអ៊ីរ៉ង់ គិតចាប់ពីពេលមានកិច្ចព្រមព្រៀងលើកដំបូងស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីខែវិច្ឆិកាកន្លងទៅ។ ពាណិជ្ជករបារាំងទាំងនេះ មកពីសហគ្រាស ផ្នែកប្រេង រថយន្ត អាកាសចរណ៍ កសិកម្មចំណីអាហារ រឺឱសថសាស្ត្រ ជាដើម។ វិស័យទាំងនេះ ជាវិស័យចំបងសម្រាប់ប្រជាជនអ៊ីរ៉ង់ ដើម្បីរុញច្រានសេដ្ឋកិច្ចអ៊ីរ៉ង់ឡើងវិញ។ សហគ្រាសបារាំងមួយចំនួន ដែលធ្លាប់រកស៊ីនៅអ៊ីរ៉ង់រួចមកហើយនោះ កំពុងតែចោទសួរថា តើពេលណាទើបអាចចាប់ផ្តើមដំណើរការខ្លួនបានឡើងវិញ ក្នុងទឹកដីអ៊ីរ៉ង់។
សហគ្រាសបារាំងទាំងអស់នេះសង្ឃឹមថា នៅក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរ ថ្ងៃ១៨កុម្ភៈខាងមុខនេះ អ៊ីរ៉ង់នឹងសម្រេចបានកិច្ចព្រមព្រៀងទូទៅចុងក្រោយមួយ ស្តីពីនុយក្លេអ៊ែរ និងការលើកលែងទណ្ឌកម្មពីសំណាក់សហគមន៍អន្តរជាតិ។ គួររំលឹកថា កិច្ចព្រមព្រៀងក្រុងហ្សឺណែវ ស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់ ចូលជាធរមានថ្ងៃ២០មករាកន្លងទៅ ចែងទាក់ទងតែពីវិស័យឧស្សាហកម្មរថយន្ត អាកាសចរណ៍ មាស ថ្មមានតម្លៃ រឺការនាំចេញផលិតផលកៃច្នៃពីប្រេងឆៅតែប៉ុណ្ណោះ។
សហគ្រាសបារាំងដឹងច្បាស់ថា ទណ្ឌកម្មដែលសហគមន៍ អន្តរជាតិដាក់លើអ៊ីរ៉ង់ នៅមិនទាន់លើកលែងបាន១០០ភាគរយនោះទេ។ ដូច្នេះ ដំណើរការរកស៊ីនៅអ៊ីរ៉ង់នៅមាន ព្រំដែនកំណត់នៅឡើយ។ ក្រុមហ៊ុនបារាំងមិនអាចចុះកិច្ចសន្យាផ្តេសផ្តាសឡើយ ប្រសិនបើអ៊ីរ៉ង់មិនបានទទួលការលើកលែងទណ្ឌកម្មហិរញ្ញវត្ថុទេនោះ។
ផលិតផលបារាំងនាំចូលទឹកដីអ៊ីរ៉ង់ គិតជាទឹកប្រាក់មានប្រមាណ១ពាន់៨រយលានដុល្លារ ក្នុងខែមិនា ឆ្នាំ២០០៥ ប៉ុន្តែ បានធ្លាក់ចុះពាក់កណ្តាល គិតក្នុងខែមិនាឆ្នាំ២០១៣។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអ៊ីរ៉ង់ លោក ម៉ូហាម៉ាត រេហ្សា នេម៉ាត់ហ្សាដិច បានព្យាយាមអះអាងថា ការដោះដូររវាងក្រុងប៉ារីស និងក្រុងតេហេរ៉ង់អាចនឹងកើនដល់ជាង៥ពាន់លានដុល្លារ៕