Pages

Friday, January 24, 2014

ជនបិទមុខ​និង​ក្រុម​បាតដៃ​ទី​៣ កំពុង​រុញ​ឲ្យ ហ៊ុន សែន ធ្លាក់ទឹក​កាន់តែ​ឆាប់​ដោយសារ​ការប្រើ​ហិ​ង្សា​ធ្វើបាប​ប្រជា​រាស្រ្ត​ស្លូតត្រង់​រង​នូវ​ការ​ថ្កោលទោស​ឥត​ស្រាកស្រាន្ត​

ជនបិទមុខ
សំ​រឹប​ជើង​របស់​អ្នក​ស្រឡាញ់​យុត្តិធម៌ និង​អ្នកតស៊ូ​ដើម្បី​សិទ្ធិសេរីភាព បានក្លាយ​ទៅជា​បទ​ភ្លេង​ប្រជាធិបតេយ្យ​ដ៏​ពីរោះ​រណ្តំ​ចិត្ត​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ ដែល​កំពុង​ស្រេកឃ្លាន​ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ ព្រោះថា​ការប្រើប្រាស់​ជនបិទមុខ និង​ក្រុម​បាតដៃ​ទី​៣ មក​អុកឡុក​រំខាន​ការសម្តែង​មតិ​តវ៉ា និង​ចាប់ខ្លួន​សកម្មជន​កំពុង​រង​នូវ​ការ​ថ្កោលទោស​ជុំ​ទិស ប៉ុន្តែ​មិនអាច​រារាំង​ឬ​ទប់ស្កាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ក្រោកឈរឡើង​ធ្វើការ​តស៊ូ​មតិ​តាមបែប​សន្តិវិធី​នោះទេ​។ យ៉ាង​ណា​ក៏ដោយ ក្រុម​បាតដៃ​ទី​៣​និង​ជនបិទមុខ​ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​រំខាន​ឬ​ប្រើ​អំពើ​ហិង្សា​លើ​ប្រជារាស្ត្រ​ស្លូតត្រង់​ត្រូវបាន​សហគមន៍​អន្តរជាតិ ថ្កោលទោស​កាន់តែខ្លាំង​ឡើងៗ​​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ប្រសិនបើ​ក្រុម​អ្នក​ក្រាញ​អំណាច​នៅតែ​ប្រើប្រាស់​ក្រុម​ជនបិទមុខ និង​ក្រុម​ជន​បាតដៃ​ទី​៣ ឲ្យ​ប្រព្រឹត្ត​អំពើ​ថោកទាប​បែបនេះ​ទៀត មិន​ខុសពី​ការ​រុញ​ឲ្យ ហ៊ុន សែន ធ្លាក់ទឹក​កាន់តែ​ឆាប់​នោះទេ​។​

នៅមុខ​ស្ថានទូត​បរទេស​នានា គេ​សង្កេតឃើញ​សកម្មជន​និង​ប្រជាពលរដ្ឋ​នាំគ្នា​យក​ញត្តិ​ទៅសុំ​អន្តរាគមន៍​ឲ្យ​មានការ​ដោះលែង​ជនស្លូតត្រង់​ចំនួន​២៣​នាក់ ដែល​ត្រូវ​ចាប់ឃុំខ្លួន​ដោយ​អយុត្តិ​ធម៌​ក្នុង​ហេតុការណ៍​បង្ក្រាប​ដោយ​ហិង្សា កាលពី​ថ្ងៃទី​០២-០៣ ខែមករា ហើយ​សកម្មភាព​នេះ​នៅតែ​បន្តធ្វើ​រហូត​ទាល់តែ​ទទួលបាន​ជោគជ័យ និង​មានការ​ដោះលែង​ជនស្លូតត្រង់​ទាំង​២៣​នាក់​ឲ្យ​មាន​សេរីភាព​វិញ បើទោះបីជា​មានការ​រារាំង​រំខាន​បែបណាក៏ដោយ ក៏​មិនអាច​បំបាក់​ស្មារតី និង​ភាពក្លាហាន​របស់​សកម្ម​ជន​បានឡើយ​។ ស្ថានទូត​បរទេស​ធំៗ​នៅ​ភ្នំពេញ បាន​ឈឺក្បាល​វិលមុខ ដោយសារតែ​ក្រុម​អ្នក​ក្រាញ​អំណាច​គ្មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​របស់​ប្រជា​ពល​រដ្ឋ ហើយពី​មួយថ្ងៃ​ទៅមួយថ្ងៃ ញត្តិ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​បរទេស​គរ​ដូច​ភ្នំ មិនតែប៉ុណ្ណោះ ពលរដ្ឋ​ក៏​រង​នូវ​ការ​វាយ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​ជន​បិទ មុខ​និង​ក្រុម​បាតដៃ​ទី​៣ ធ្វើ​ឲ្យ​មន្ត្រីការទូត​នៃ​ប្រទេស​មហាអំណាច មើលឃើញ​ពី​ការ​ធ្វើបាប​រាស្ត្រ​ខ្លួនឯង ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​អ្នកកាន់អំណាច​ក្រោម​បញ្ជា​របស់ ហ៊ុន សែន កាន់តែច្បាស់​។​


​នៅមុខ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទី​ដែល​ចាប់ឃុំខ្លួន​សកម្មជន និង​អ្នកតស៊ូ​មតិ មាន​ប្រជាពលរដ្ឋ​នាំគ្នា​ក្រាលកន្ទេល​ដេក​ជួបជុំ​ដើម្បី​ឲ្យ​មានការ​ដោះលែង​អ្នកតស៊ូ​ដើម្បី​សិទ្ធិសេរីភាព​មកវិញ ព្រោះ​ពួកគេ​អត់​បានធ្វើ​អ្វី​ខុស​ទេ ដូចដែល​ក្រុម​អង្គការសិទ្ធិមនុស្ស​មួយ​ចំនួន​​បាន​ទទូច​ជារឿយៗ​ថា គ្រាន់តែ​ប្រជាពលរដ្ឋ​សម្តែង​មតិ​តវ៉ា​ជួបជុំគ្នា​នាំយក​ញត្តិ​ទៅ​ដាក់ជូន​ស្ថានទូត​បរទេស ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​រក​យុត្តិធម៌ ពួកគាត់​មិនបាន​ធ្វើ​អ្វី​ខុស​ទេ​។ ហើយ​ការចាប់​ឃុំខ្លួន​ពួកគាត់​ជារឿយៗ គឺជា​អំពើ​ខុសច្បាប់​រំលោភសិទ្ធិ​មនុស្ស រង​នូវ​ការ​ថ្កោលទោស​ជុំ​ទិស​ពី​សហគមន៍​អន្តរជាតិ​ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ខូច​មុខមាត់​របស់លោក ហ៊ុន សែន តទៅ​ថ្ងៃក្រោយ​មិនគួរ​មានការ​ចាប់ចង​សកម្មជន និង​អ្នកតស៊ូ​ដើម្បី​សិទ្ធិសេរីភាព​នោះទេ​។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ក៏ដូចជា​អ្នកតំណាង​ពិសេស​របស់​អង្គ​ការ​ស​ហ​ប្រជាជា​តិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក៏បាន​ទទូច​ឲ្យ​មានការ​លើកលែង​នូវ​បំ រាម​នៃ​ការជួប​ជុំគ្នា និង​បញ្ឈប់​លើ ការ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ ព្រោះថា​ប្រទេស​កម្ពុជា ប្រកាន់យក​នូវ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់​កំពូល​និង​មាន​ធានា​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ផងដែរ ហើយ​ស្ថានភាព​ចុងក្រោយ​នៃ​ការ​រឹតត្បិត​សិទ្ធិសេរីភាព​ការ​បំបែក​ពិធី​ជួបជុំ​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យនៅ​ប្រទេស​កម្ពុជា​ដើរ​ថយក្រោយ វិល​ទៅរក​របប​ផ្តាច់ការ​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​អ្នក​ក្រាញ​អំណាច​ប្រគល់​ទីលាន​ប្រជាធិបតេយ្យ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ជួបជុំ​សម្តែង​មតិ​តវ៉ា​ដោយ​សន្តិវិធី​ឡើងវិញ ហើយ​គេ​មិនដឹងថា​ទីប្រឹក្សា​ណាមួយ​ជា​អ្នកផ្តល់យោបល់​ឲ្យ​បោសសម្អាត​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​០៤ ខែមករា នោះទេ ព្រោះ​វា​ជា​រឿង​ខាតបង់​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​មុខមាត់​របស់លោក ហ៊ុន សែន នៅពេលដែល​ពលរដ្ឋ​និង​សកម្មជន​គ្មាន​ទីលាន​សម្រាប់​សម្តែង​មតិ ក៏​នាំគ្នា​ដើរ​ធ្វើបាតុកម្ម​និង​នាំគ្នា​សម្តែង​មតិ​តាមផ្លូវ តាម​មុខ​ស្ថានទូត​បរទេស​កាន់តែ​ផុសផុល​ខ្លាំង​ឡើង​ជាង​មុន​ទៅទៀត​។​

តំណាង​ប្រជា​ពល​ដ្ឋ​ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់ឃុំខ្លួន​ហើយ​ដោះលែង​វិញ ដោយសារតែ​មានការ​រិះគន់​ជុំ​ទិស​ពី​សហគមន៍​អន្តរជាតិ​បានលើកឡើង​ថា អំឡុងពេល​ចាប់ឃុំខ្លួន​នោះ អាជ្ញាធរ​បាន​បង្ខំ​ឲ្យ​ពួកគាត់​សារភាព​កំហុសឆ្គង​និង​ចុះកិច្ចសន្យា​កសាង​ខ្លួន ឈប់​ធ្វើ​ការតវ៉ា​ផ្សេងៗ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។ ប៉ុន្តែ​រឿង​ពិត​ពួកគាត់​មិនបាន​ធ្វើ​អ្វី​ខុស​ទេ គ្រាន់តែ​នាំគ្នា​សម្តែង​មតិ​តវ៉ា​ដោយ​សន្តិវិធី ហើយ​អ្នក​ដែល​ត្រូវ​កសាង​កែខ្លួន​នោះ គឺ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទៅវិញ​ទេ ដែល​បាន​ប្រព្រឹត្ត​អំពើ​គម្រក់​ឥត​អៀនខ្មាស​ធ្វើបាប​ប្រជារាស្ត្រ​ទន់ខ្សោយ ដូចជា​ការប្រើប្រាស់​កម្លាំង​សន្តិសុខ​យាម​សួនច្បារ​ឬ​ការប្រើ​កម្លាំង​សណ្តាប់ធ្នាប់​ដែល​គ្មាន​ក្របខ័ណ្ឌ​ជា​សមត្ថកិច្ច មក​នាំខ្លួន​ប្រើ​អំពើហិង្សា​ឬ​វាយ​បង្ក្រាប​ប្រជារាស្ត្រ​ស្លូតត្រង់​គឺ​ជា​​​អំពើ​ខុសច្បាប់​និង​ជាការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ ជាពិសេស​សកម្មភាព​ចុងក្រោយ​ដែល លោក ហ៊ុន សែន ប្រើប្រាស់​បាតដៃ​ទី​៣ និង​ក្រុម​ជនបិទមុខ​ឲ្យ​ប្រើ​អំពើហិង្សា​វាយ​បង្ក្រាប​​ទៅ​លើ​​ពល​រដ្ឋ​រង​នូវ​ការ​ថ្កោលទោស​កាន់តែខ្លាំង​ពី​សហគមន៍​អន្តរជាតិ​។ តំណាង​ពលរដ្ឋ​ដែល​តែងតែ​នាំគ្នា​តវ៉ា​ដើម្បី​សិទ្ធិសេរីភាព​និង​យុត្តិធម៌​សង្គម ក៏បាន​ចំអក​ផងដែរ​ថា មួយរយៈ​ចុង​ក្រោយ​​នេះ រដ្ឋអំណាច​របស់លោក ហ៊ុន សែន ហាក់ដូចជា​ភ័យ​ស្លន់ស្លោ​ខ្លាច​ការប្រមូលផ្តុំ​របស់​ពលរដ្ឋ ដូចជា​ករណី​សកម្មជន ២០​ទៅ​៣០​នាក់​នាំគ្នា​តវ៉ា​មុខ​ស្ថានទូត​បរទេស និង​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ផ្សេងៗ​ក៏​ប្រើ​កម្លាំង​ទៅ​បង្ក្រាប​ដោយ​មិន​សម​ទំនង មិនដឹង​ជា​ក្រុម​អ្នក​ក្រាញ​អំណាច​ទាំងនោះ​ដេក​យល់សប្តិ​អាក្រក់ ឬ​ខ្លាច​ស្រមោល​ខ្លួនឯង​បែបណា​នោះទេ ប៉ុន្តែ​អ្វីដែល​ពួកគេ​កំពុង​ប្រព្រឹត្ត​មិន​ខុសពី​ការ​រុញ ហ៊ុន សែន ឲ្យ​ធ្លាក់ទឹក​កាន់តែ​ឆាប​។​

អាជ្ញាធរ​បាន​ចាប់ឃុំខ្លួន​តំណាង​ពលរដ្ឋ​ដែល​នាំគ្នា​ធ្វើការ​តស៊ូ​មតិ​ដើម្បី​សិទ្ធិសេរីភាព និង​យុត្តិ​ធម៌ សឹង​រាប់​ភ្លេច​ទៅហើយ ប៉ុន្តែ​មិនអាច​បំបាក់ស្មារតី​ពួកគេ​បានទេ ជាក់ស្តែង នៅពេល​អាជ្ញា​ធរ​​ដោះលែង​មកវិញ ក្រុមអ្នកតវ៉ា​ទាំងនោះ​បាននាំគ្នា​ច្រៀង​បទ​ប្រជាធិបតេយ្យ​ដើម្បី​លើក​ទឹក​ចិត្ត​​ឲ្យ​អ្នក​ស្រឡាញ់​យុត្តិធម៌​ទាំងអស់​តស៊ូ​មិន​ចុះចាញ់ ដោយ​បញ្ជាក់ថា​ដរាបណា​ពួកគេ​នៅ​មាន​​ជីវិត ពួកគេ​នឹង​នៅតែ​តស៊ូ​តទៅទៀត មិន​ចុះចាញ់​ការ​ចាប់ចង ការ​គំរាម​បំបាក់​ស្មារតី ឬ​ការ​វាយ​បង្ក្រាប​ដោយ​ហិង្សា​នោះទេ ព្រោះ រាងកាយ​របស់​ពួកគាត់​ហាក់ដូចជា​ស៊ាំ​ទៅហើយ ទៅនឹង​ដំបង​ឬ​ការ​ទាត់​ធាក់ ប៉ុន្តែ​អ្វីដែល​ពួកគាត់​ឈឺចាប់​បំផុត​នោះ គឺ​រឿងរ៉ាវ​អយុត្តិធម៌​ដែល​កើតមាន​ក្នុងសង្គម​ខ្មែរ​។ រូបភាព​ដែល​លោក ហ៊ុន សែន បិទ​ភ្នែក​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ប្រើ​ប្រាស់​​ក្រុម​ជន​បាតដៃ​ទី​៣ ឬ​ក្រុម​ជនបិទមុខ​ឲ្យ​ធ្វើបាប​ប្រជារាស្ត្រ​ខ្លួនឯង​កាន់តែ​សាហាវ​ឃោរ​ឃៅ បានបង្ហាញ​យ៉ាងច្បាស់​ថា​អាជ្ញាធរ​ថ្នាក់ក្រោម​កំពុងតែ​រុញ​លោក ហ៊ុន សែន ឲ្យ​ធ្លាក់ទឹក​កាន់តែ​ឆាប់ ហើយ​ប្រជារាស្ត្រ​ខ្មែរ​ជាច្រើន​នៅតែ​នឹកឃើញ​រឿងព្រេង​និទាន​ដ៏​មាន​ប្រជា​ប្រិយ​ភាព​​មួយ​គឺ​រឿង​ធនញ្ជ័យ ត្រង់​ឈុត​មួយ​ដែល​មន្ត្រី​ហៃអើ មិនដឹង​ខុសត្រូវ​ពេល​ធនញ្ជ័យ​លោតទឹក​គេច​ខ្លួនគេ​នាំគ្នា​ស្រែកថា​អា​ជ័យ ធ្លាក់ទឹក ហើយ​មន្ត្រី​ទាំងនោះ​មិន​អើពើ​ថែមទាំង​ស្រែកថា ហៃអើៗ​ៗ  ដូច្នេះ​លោក ហ៊ុន សែន គួរតែ​ពិចារណា​ឡើងវិញ​ពី​អំពើ​ដ៏​គួរ​ឲ្យ​អៀន​ខ្មាស​​ដែល​ក្រុម​ជន​បាតដៃ​ទី​៣ និង​ក្រុម​ជនបិទមុខ​កំពុង​ធ្វើបាប​ប្រជារាស្ត្រ​ស្លូតត្រង់​៕​
ប្រភព៖មនសិការខ្មែរ