នៅមុខស្ថានទូតបរទេសនានា គេសង្កេតឃើញសកម្មជននិងប្រជាពលរដ្ឋនាំគ្នាយកញត្តិទៅសុំអន្តរាគមន៍ឲ្យមានការដោះលែងជនស្លូតត្រង់ចំនួន២៣នាក់ ដែលត្រូវចាប់ឃុំខ្លួនដោយអយុត្តិធម៌ក្នុងហេតុការណ៍បង្ក្រាបដោយហិង្សា កាលពីថ្ងៃទី០២-០៣ ខែមករា ហើយសកម្មភាពនេះនៅតែបន្តធ្វើរហូតទាល់តែទទួលបានជោគជ័យ និងមានការដោះលែងជនស្លូតត្រង់ទាំង២៣នាក់ឲ្យមានសេរីភាពវិញ បើទោះបីជាមានការរារាំងរំខានបែបណាក៏ដោយ ក៏មិនអាចបំបាក់ស្មារតី និងភាពក្លាហានរបស់សកម្មជនបានឡើយ។ ស្ថានទូតបរទេសធំៗនៅភ្នំពេញ បានឈឺក្បាលវិលមុខ ដោយសារតែក្រុមអ្នកក្រាញអំណាចគ្មានឆន្ទៈដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ញត្តិដែលប្រជាពលរដ្ឋខ្មែរសុំអន្តរាគមន៍ពីស្ថានទូតបរទេសគរដូចភ្នំ មិនតែប៉ុណ្ណោះ ពលរដ្ឋក៏រងនូវការវាយបង្ក្រាបដោយហិង្សាពីសំណាក់ជនបិទ មុខនិងក្រុមបាតដៃទី៣ ធ្វើឲ្យមន្ត្រីការទូតនៃប្រទេសមហាអំណាច មើលឃើញពីការធ្វើបាបរាស្ត្រខ្លួនឯង ប្រព្រឹត្តដោយអាជ្ញាធរអ្នកកាន់អំណាចក្រោមបញ្ជារបស់ ហ៊ុន សែន កាន់តែច្បាស់។
នៅមុខស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទីដែលចាប់ឃុំខ្លួនសកម្មជន និងអ្នកតស៊ូមតិ មានប្រជាពលរដ្ឋនាំគ្នាក្រាលកន្ទេលដេកជួបជុំដើម្បីឲ្យមានការដោះលែងអ្នកតស៊ូដើម្បីសិទ្ធិសេរីភាពមកវិញ ព្រោះពួកគេអត់បានធ្វើអ្វីខុសទេ ដូចដែលក្រុមអង្គការសិទ្ធិមនុស្សមួយចំនួនបានទទូចជារឿយៗថា គ្រាន់តែប្រជាពលរដ្ឋសម្តែងមតិតវ៉ាជួបជុំគ្នានាំយកញត្តិទៅដាក់ជូនស្ថានទូតបរទេស ដើម្បីសុំកិច្ចអន្តរាគមន៍រកយុត្តិធម៌ ពួកគាត់មិនបានធ្វើអ្វីខុសទេ។ ហើយការចាប់ឃុំខ្លួនពួកគាត់ជារឿយៗ គឺជាអំពើខុសច្បាប់រំលោភសិទ្ធិមនុស្ស រងនូវការថ្កោលទោសជុំទិសពីសហគមន៍អន្តរជាតិដូច្នេះដើម្បីកុំឲ្យខូចមុខមាត់របស់លោក ហ៊ុន សែន តទៅថ្ងៃក្រោយមិនគួរមានការចាប់ចងសកម្មជន និងអ្នកតស៊ូដើម្បីសិទ្ធិសេរីភាពនោះទេ។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក៏ដូចជាអ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ក៏បានទទូចឲ្យមានការលើកលែងនូវបំ រាមនៃការជួបជុំគ្នា និងបញ្ឈប់លើ ការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ព្រោះថាប្រទេសកម្ពុជា ប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស មានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនិងមានធានាដោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសផងដែរ ហើយស្ថានភាពចុងក្រោយនៃការរឹតត្បិតសិទ្ធិសេរីភាពការបំបែកពិធីជួបជុំសម្តែងមតិរបស់ប្រជាពលរដ្ឋកំពុងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាដើរថយក្រោយ វិលទៅរករបបផ្តាច់ការ។ ក្រុមអង្គការសង្គមស៊ីវិលក៏បានទាមទារឲ្យអាជ្ញាធរអ្នកក្រាញអំណាចប្រគល់ទីលានប្រជាធិបតេយ្យឲ្យប្រជាពលរដ្ឋធ្វើការជួបជុំសម្តែងមតិតវ៉ាដោយសន្តិវិធីឡើងវិញ ហើយគេមិនដឹងថាទីប្រឹក្សាណាមួយជាអ្នកផ្តល់យោបល់ឲ្យបោសសម្អាតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី០៤ ខែមករា នោះទេ ព្រោះវាជារឿងខាតបង់ធ្ងន់ធ្ងរ និងប៉ះពាល់ដល់មុខមាត់របស់លោក ហ៊ុន សែន នៅពេលដែលពលរដ្ឋនិងសកម្មជនគ្មានទីលានសម្រាប់សម្តែងមតិ ក៏នាំគ្នាដើរធ្វើបាតុកម្មនិងនាំគ្នាសម្តែងមតិតាមផ្លូវ តាមមុខស្ថានទូតបរទេសកាន់តែផុសផុលខ្លាំងឡើងជាងមុនទៅទៀត។
តំណាងប្រជាពលដ្ឋដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនហើយដោះលែងវិញ ដោយសារតែមានការរិះគន់ជុំទិសពីសហគមន៍អន្តរជាតិបានលើកឡើងថា អំឡុងពេលចាប់ឃុំខ្លួននោះ អាជ្ញាធរបានបង្ខំឲ្យពួកគាត់សារភាពកំហុសឆ្គងនិងចុះកិច្ចសន្យាកសាងខ្លួន ឈប់ធ្វើការតវ៉ាផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ប៉ុន្តែរឿងពិតពួកគាត់មិនបានធ្វើអ្វីខុសទេ គ្រាន់តែនាំគ្នាសម្តែងមតិតវ៉ាដោយសន្តិវិធី ហើយអ្នកដែលត្រូវកសាងកែខ្លួននោះ គឺអាជ្ញាធរមានសមត្ថកិច្ចទៅវិញទេ ដែលបានប្រព្រឹត្តអំពើគម្រក់ឥតអៀនខ្មាសធ្វើបាបប្រជារាស្ត្រទន់ខ្សោយ ដូចជាការប្រើប្រាស់កម្លាំងសន្តិសុខយាមសួនច្បារឬការប្រើកម្លាំងសណ្តាប់ធ្នាប់ដែលគ្មានក្របខ័ណ្ឌជាសមត្ថកិច្ច មកនាំខ្លួនប្រើអំពើហិង្សាឬវាយបង្ក្រាបប្រជារាស្ត្រស្លូតត្រង់គឺជាអំពើខុសច្បាប់និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ជាពិសេសសកម្មភាពចុងក្រោយដែល លោក ហ៊ុន សែន ប្រើប្រាស់បាតដៃទី៣ និងក្រុមជនបិទមុខឲ្យប្រើអំពើហិង្សាវាយបង្ក្រាបទៅលើពលរដ្ឋរងនូវការថ្កោលទោសកាន់តែខ្លាំងពីសហគមន៍អន្តរជាតិ។ តំណាងពលរដ្ឋដែលតែងតែនាំគ្នាតវ៉ាដើម្បីសិទ្ធិសេរីភាពនិងយុត្តិធម៌សង្គម ក៏បានចំអកផងដែរថា មួយរយៈចុងក្រោយនេះ រដ្ឋអំណាចរបស់លោក ហ៊ុន សែន ហាក់ដូចជាភ័យស្លន់ស្លោខ្លាចការប្រមូលផ្តុំរបស់ពលរដ្ឋ ដូចជាករណីសកម្មជន ២០ទៅ៣០នាក់នាំគ្នាតវ៉ាមុខស្ថានទូតបរទេស និងដាក់ញត្តិសុំកិច្ចអន្តរាគមន៍ផ្សេងៗក៏ប្រើកម្លាំងទៅបង្ក្រាបដោយមិនសមទំនង មិនដឹងជាក្រុមអ្នកក្រាញអំណាចទាំងនោះដេកយល់សប្តិអាក្រក់ ឬខ្លាចស្រមោលខ្លួនឯងបែបណានោះទេ ប៉ុន្តែអ្វីដែលពួកគេកំពុងប្រព្រឹត្តមិនខុសពីការរុញ ហ៊ុន សែន ឲ្យធ្លាក់ទឹកកាន់តែឆាប។
អាជ្ញាធរបានចាប់ឃុំខ្លួនតំណាងពលរដ្ឋដែលនាំគ្នាធ្វើការតស៊ូមតិដើម្បីសិទ្ធិសេរីភាព និងយុត្តិធម៌ សឹងរាប់ភ្លេចទៅហើយ ប៉ុន្តែមិនអាចបំបាក់ស្មារតីពួកគេបានទេ ជាក់ស្តែង នៅពេលអាជ្ញាធរដោះលែងមកវិញ ក្រុមអ្នកតវ៉ាទាំងនោះបាននាំគ្នាច្រៀងបទប្រជាធិបតេយ្យដើម្បីលើកទឹកចិត្តឲ្យអ្នកស្រឡាញ់យុត្តិធម៌ទាំងអស់តស៊ូមិនចុះចាញ់ ដោយបញ្ជាក់ថាដរាបណាពួកគេនៅមានជីវិត ពួកគេនឹងនៅតែតស៊ូតទៅទៀត មិនចុះចាញ់ការចាប់ចង ការគំរាមបំបាក់ស្មារតី ឬការវាយបង្ក្រាបដោយហិង្សានោះទេ ព្រោះ រាងកាយរបស់ពួកគាត់ហាក់ដូចជាស៊ាំទៅហើយ ទៅនឹងដំបងឬការទាត់ធាក់ ប៉ុន្តែអ្វីដែលពួកគាត់ឈឺចាប់បំផុតនោះ គឺរឿងរ៉ាវអយុត្តិធម៌ដែលកើតមានក្នុងសង្គមខ្មែរ។ រូបភាពដែលលោក ហ៊ុន សែន បិទភ្នែកឲ្យអាជ្ញាធរថ្នាក់ក្រោមប្រើប្រាស់ក្រុមជនបាតដៃទី៣ ឬក្រុមជនបិទមុខឲ្យធ្វើបាបប្រជារាស្ត្រខ្លួនឯងកាន់តែសាហាវឃោរឃៅ បានបង្ហាញយ៉ាងច្បាស់ថាអាជ្ញាធរថ្នាក់ក្រោមកំពុងតែរុញលោក ហ៊ុន សែន ឲ្យធ្លាក់ទឹកកាន់តែឆាប់ ហើយប្រជារាស្ត្រខ្មែរជាច្រើននៅតែនឹកឃើញរឿងព្រេងនិទានដ៏មានប្រជាប្រិយភាពមួយគឺរឿងធនញ្ជ័យ ត្រង់ឈុតមួយដែលមន្ត្រីហៃអើ មិនដឹងខុសត្រូវពេលធនញ្ជ័យលោតទឹកគេចខ្លួនគេនាំគ្នាស្រែកថាអាជ័យ ធ្លាក់ទឹក ហើយមន្ត្រីទាំងនោះមិនអើពើថែមទាំងស្រែកថា ហៃអើៗៗ ដូច្នេះលោក ហ៊ុន សែន គួរតែពិចារណាឡើងវិញពីអំពើដ៏គួរឲ្យអៀនខ្មាសដែលក្រុមជនបាតដៃទី៣ និងក្រុមជនបិទមុខកំពុងធ្វើបាបប្រជារាស្ត្រស្លូតត្រង់៕
ប្រភព៖មនសិការខ្មែរ Labels: ព័ត៌មានជាតិ