មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរាយការណ៍ ដោយផ្អែកលើលទ្ធផលនៃការស្រាវជ្រាវថា ការផ្តល់ដីសម្បទានសង្គមកិច្ចឱ្យប្រជាជនក្រីក្រ ក៏បានបង្កជម្លោះដីធ្លីក្នុងចំណោមពលរដ្ឋដែរ ព្រោះនេះជានយោបាយបណ្តេញអ្នកចាស់ចេញ ដាក់អ្នកថ្មីចូល។ មជ្ឈមណ្ឌលសិទ្ធិមនុស្សអំពាវនាវឱ្យសង្គមស៊ីវិល ម្ចាស់ជំនួយ និងប្រជាពលរដ្ឋកម្ពុជា ត្រូវតែតាមដានបញ្ហានេះឱ្យមែនទែន ដោយហេតុថា
ការផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនវិនិយោគឯកជន មិនបានកាត់បន្ថយទំនាស់ដីធ្លីនៅកម្ពុជាទេ។ក្នុងឆ្នាំ២០១៣កន្លងទៅ រដ្ឋាភិបាលកម្ពុជាបានផ្តល់ដីសម្បទានសង្គមកិច្ចឱ្យប្រជាពលរដ្ឋក្រីក្រ ជាពិសេសគ្រួសារយុទ្ធជន អតីតយុទ្ធជន និងយោធិនពិការ ចំនួន៤២០កន្លែង ឬស្មើនឹងផ្ទៃដីទំហំ៥សែន២ពាន់៤រយហិកតា។ នេះបើតាមរបាយការណ៍ ផ្សាយថ្ងៃទី៣០ ខែមករា ម្សិលមិញ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស ដែលបានកត់សម្គាល់ឃើញថា ការជួយប្រជាជនក្រីក្រ តាមរយៈផ្តល់ដីលំនៅដ្ឋាន និងដីសម្រាប់បង្កបង្កើនផលដោយរដ្ឋាភិបាល ក៏បានបង្កឱ្យមានទំនាស់ដីធ្លី ដូចការផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនវិនិយោគឯកជនដែរ។លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លី របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានគូសបញ្ជាក់ថា គម្រោងដីសម្បទានសង្គមកិច្ចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០១៣ ត្រូវបានធ្វើក្នុងរូបភាពបណ្តេញអ្នកកាន់កាប់ចាស់ចេញ ដាក់អ្នកកាន់កាប់ថ្មីចូល។ យ៉ាងណាមិញ បើតាមលោក វណ្ណ សុផាត ការផ្តល់ដីសម្បទានសេដ្ឋកិច្ចទំហំ៣ពាន់ហិកតា នៅក្នុងឃុំប៊ូស្រា ស្រុកអូរយ៉ាដាវ ខេត្តមណ្ឌលគីរី នាំបញ្ហាដល់ជនជាតិដើមភាគតិចចំនួន៦០០គ្រួសារ នៅពេលដែលគ្រួសារចំណូលថ្មីរបស់អតីតយុទ្ធជន ដែលត្រូវទទួលបានដីសម្រាប់លំនៅដ្ឋាន និងដីសម្រាប់បង្កបង្កើនផល ហាមមិនឱ្យអ្នកភូមិប៉ូឡូ ត្រង់ចំណុចអូររ៉េត បន្តធ្វើចម្ការវិលជុំតាមបែបប្រពៃណីទៀត។ អ្នកសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សរូបនេះ បានឱ្យដឹងបន្ថែមថា ក្នុងករណីដីសម្បទានសង្គមកិច្ចទំហំ៨០០ហិកតា នៅឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីត្រូវបានផ្តល់ទៅឱ្យប្រជាជន១២៩៩គ្រួសារ នៅពេលដែលប្រជាជន២៥០គ្រួសារផ្សេងទៀតកំពុងកាន់កាប់និងអាស្រ័យផលលើដីស្ថិតក្នុងប្លង់កម្មសិទ្ធិទាំងនោះ។
ទំនាស់នានាបានកើតឡើងក្នុងរបៀបប្រហាក់ប្រហែលនឹងករណីខាងលើដែរ សម្រាប់ដីសម្បទានសង្គមកិច្ចទំហំ១១០ហិកតា ក្នុងឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងសម្រាប់ផ្ទៃដីសម្បទានសង្គមកិច្ចទំហំ៥៥៥៧ហិកតា ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបង្ហាញថា ជម្លោះដីធ្លីមួយចំនួន ក្នុងចំណោមជម្លោះដីធ្លីចំនួន៤១ករណីថ្មី ដែលត្រូវបានកត់ត្រាថាបានកើតឡើងក្នុងឆ្នាំ២០១៣ មានទំនាក់ទំនងជាមួយការផ្តល់ដីសម្បទានសង្គមកិច្ច។
គួររម្លឹកថា រដ្ឋាភិបាលបានសម្រេចផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនវិនិយោគឯកជន ហើយបង្កើនការផ្តល់ដីសម្បទានសង្គមកិច្ចនៅឆ្នាំ២០១៣រហូតដល់៥ដង បើប្រៀបទៅឆ្នាំ២០១២ សម្រាប់ប្រជាពលរដ្ឋ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងចៀសវាងទំនាស់ដីធ្លីរវាងក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ដោយផ្អែកលើរបាយការណ៍ថ្មី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអំពាវនាវឱ្យសង្គមស៊ីវិល ម្ចាស់ជំនួយ និងប្រជាពលរដ្ឋកម្ពុជា ត្រូវតែតាមដានទំនាស់ដីធ្លីឱ្យមែនទែន ដោយហេតុថា ការផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនវិនិយោគឯកជន មិនបានកាត់បន្ថយទំនាស់ដីធ្លីនៅកម្ពុជាទេ៕
Labels: ព័ត៌មានជាតិ