ការ​ស្រាវ​ជ្រាវ​ឧស្សាហកម្ម​ដែក​របស់​ខ្មែរ​បុរាណ



Image: Archaeogy
ចាប់​ពី​ថ្ងៃ​ទី​២០ រហូត​ដល់​ថ្ងៃទី​៣០​ ខែមករា​ខាង​មុខ​នេះ​ ក្រុម​ការងារ​បុរាណ​វិទ្យា​ដែល​ដឹកនាំ​ដោយ​លោក​បណ្ឌិត​សាស្ត្រាចារ្យ​ ធុយ ចាន់ធួន​នឹង​ចុះ​ធ្វើការ​ស្រាវជ្រាវ​បន្ត​នូវ​ទីតាំង​ឧស្សាហកម្ម​ដែក​បុរាណ​ នៅ កម្ពុជា ​ដែល​ឋិត​នៅ​ក្នុង​ខេត្ត​ព្រះវិហារ។ កម្មវិធីស្រាវជ្រាវ​នេះ​រួម​មាន​ការ​វាស់វែង​ស្ថានីយ​កំណាយ​បុរាណ​វិទ្យា និង​ការ​រុករកភស្តុតាង​នានា​ជុំវិញ​ឧស្សាហកម្មដែក​បុរាណ​ខ្មែរ។
តាមរយៈ​នាទី​យើង​ លោក​បណ្ឌិត​ធុយ ចាន់ធួន​នឹង​ជម្រាប​ពិស្តារ​ពីសក្តានុពលនៃ​បដិវត្តន៍​ដែក​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​អាណាចក្រដ៏រុងរឿង​កាលពី​សម័យ​កាល​នោះ។
មនុស្ស​​ខ្មែរ​បាន​បង្កើត​ឧស្សាហកម្ម​ឡ​ស្លរដែក​ខ្នាតធំ​តាំង​ពី​ឆ្នាំ​៦៧៣ មុន គ.ស។ អ្នកបុរាណ​វិទ្យា​​បាន​រក​​ឃើញថា​ដែក​ជា​ចំណែក​ដែលធ្វើ​ឲ្យ​ខ្មែរ​ក្លាយជា​អាណាចក្រ​ដ៏ថ្កុំថ្កើង​កាលពី​សម័យមុន។ មនុស្ស​បុរាណ​ខ្មែរ​ពូកែ​ខាង​វិទ្យាសាស្ត្រ​និង​បច្ចេក​វិទ្យា​ដែល​អាច​កែច្នៃដែក​យក​មក​ប្រើប្រាស់​ក្នុងការ​សាង​សង់​ប្រាសាទ​ដែល​បន្សល់​ទុក​រហូត​មក​ទល់​បច្ចុប្បន្ន។

កាលពី​ដើម នៅ​អាស៊ីអាគ្នេយ៍​មាន​តែ​ខ្មែរ​ទេ​ដែល​​មាន​ឧស្សាហកម្ម​ឡ​ស្លរដែក។ អ្នក​ប្រាជ្ញ​ខាង​បុរាណ​វិទ្យា​បាន​រកឃើញ​ឧស្សាហកម្ម​ឡ​ស្លរដែក​ចំនួន​២០០កន្លែង​ដែល​បុព្វបុរស​ខ្មែរ​បាន​បង្កើត។

ទីតាំង​ចម្រាញ់​ដែក​បុរាណទាំង២០០ទីតាំង ស្ថិត​នៅ​ក្នុង​ស្រុក​រវៀង ស្រុក​ជ័យសែន ស្រុកឆែប ស្រុក​សង្គម​ថ្មី នៃខេត្តព្រះ​វិហារ ស្រុកចុងកាល់ ខេត្តឧត្តរ​មានជ័យ ស្រុកជីក្រែង និង​ស្រុក​អង្គរជុំ របស់​ខេត្ត​សៀមរាប។ ក្នុងចំណោមស្ថានីយ៍ជាង២០០នោះ   មានស្ថានីយ​ដែល​អាច​កំណត់​បាន​ថា ជាទី​តាំង​ឧស្សាហកម្ម​ផលិត​ដែកធំៗ​នៅ​សម័យ​បុរេអង្គរ​មាន​ចំនួន០៩ ស្ថានីយគឺ៖

១. ស្ថានីយ​សន្លុង​ភូមិ​បឹង មាន​ទីតាំង​ស្ថិត​នៅក្នុង​ភូមិ​បឹង ឃុំរបៀប ស្រុក​រវៀង ខេត្ត​ព្រះវិហារ

២. ស្ថានីយ​សន្លុងតាលៃ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ធ្នង់ ឃុំរមណីយ ស្រុករ​វៀង

ខេត្ត​ព្រះវិហារ

៣. ស្ថានីយសន្លុងប្រសាទបាកាណ មានទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិតាសែង ឃុំរណសិរ្ស

ស្រុក​សង្គមថ្មី ខេត្តព្រះវិហារ

៤. ស្ថានីយ​សន្លុងអាចម៍​សំរឹទ្ធ មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិស្លែង ឃុំខ្យង ស្រុក​ជ័យសែន

ខេត្ត​ព្រះវិហារ

៥. ស្ថានីយ​សន្លុង​ភ្នំដែក​សំរោង​ចុងកាល់ មានទីតាំងស្ថិតនៅក្បែភ្នំដែក ក្នុងភូមិចារ​ថ្មី ឃុំ​លំទង

ស្រុក​អន្លង់វែង ខេត្តឧត្តរ​មានជ័យ (នៅចន្លោះមុំបីស្រុក សំរោង ចុងកាល់ និងអន្លង់វែង)

៦. ស្ថានីយសន្លុង​កំបុត​ចាស់ មានទីតាំងស្ថិតនៅក្នុងភូមិ​ដង​ផ្លិត ឃុំឆែប២ ស្រុកឆែប

ខេត្ត​ព្រះវិហារ

៧. ស្ថានីយ​សន្លុងឫស្សីត្រឹប មានទីតាំងស្ថិត​នៅក្នុង​ភូមិ​ដង​ផ្លិត ឃុំឆែប២ ស្រុកឆែប

ខេត្ត​ព្រះវិហារ

៨.ស្ថានីយ​សន្លុង​ស្រែ​រំទេព ក្នុងភូមិភ្នំដែក ឃុំរមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ

៩. ស្ថានីយ​សន្លុងស្វាយ​តំណាក់ ក្នុងភូមិ​ស្វាយ​ដំណាក់ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ

ក្នុង​បេសកកម្ម​ចំនួន​១០ថ្ងៃ​ចាប់ពីស​ប្តាហ៍​ក្រោយនេះ​ លោក​បណ្ឌិត​ធុយ​ ចាន់ធួន​នឹង​បន្ត​ការ​ស្រាវ​ជ្រាវជុំវិញ​ភ្នំដែកនិង​តំបន់​ជាច្រើន​ទៀត​នៅ​ក្នុង​ខេត្ត​ព្រះវិហារ។

(សំឡេង)

លោក​បណ្ឌិត​ធុយ ចាន់ធួន​បាន​បន្ថែមថា​តាម​របក​គំហើញ​បញ្ជាក់យ៉ាងច្បាស់ពី​ភាព​អស្ចារ្យ​របស់​មនុស្ស​ខ្មែរ​ដែល​ចេះ​ប្រើប្រាស់ដែក​យកទៅ​ចាក់ថ្ម​ក្នុងការ​សាងសង់​ប្រាសាទផងទាំងឡាយ។ ក្រៅពី​សព្វាវុធសម្រាប់​ធ្វើ​សង្រ្គាម​ខ្មែរ​បាន​ប្រើប្រាស់ដែក​ជា​ប្រយោជន៏​ក្នុងការ​សាងសង់​សំណង់​ប្រវត្តិ​សាស្ត្រ​ដែល​បន្សល់ទុក​ដល់​កូនខ្មែរ​នា​ពេល​បច្ចុប្បន្ន។

(សំឡេង)

ក្រោម​ការ​ខ្នះ​ខ្នែង​របស់​លោក​បណ្ឌិត​ធុយ ចាន់ធួន​ ស្ថានីយ​ផលិត​ដែក​បុរាណ​​ចំនួនមួយ​ត្រូវ​បាន​កែប្រែ​ក្លាយជា​ឧទ្យាន​ជាតិ​និង​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ​ អន្តរជាតិ។​

ស្ថានីយ​ឧស្សាហកម្ម​ដែក​បុរាណ​ទាំង៩​ទី​តាំង​សំខាន់ៗ​នោះ ជាស្ថានីយ​ដែល​ចាំ​បាច់
ត្រូវ​ការពារ​ឲ្យ​នៅ​រក្សា​ទម្រង់​ដើម។

(សំឡេង)

ទីតាំង​ឡស្លរដែក​ទាំង​២០០​កន្លែង​របស់​មនុស្ស​ខ្មែរ​បុរាណ​គឺ​ឋិត​នៅ​ក្នុង​ព្រះវិហារ ខេត្ត​សៀម​រាប និង​កំពង់​ធំ និងខេត្ត​ឧត្ត​មាន​ជ័យ។ ដែក​ដែល​ត្រូវ​យក​មក​ប្រើប្រាស់​គឺ​​ទាញយក​ពីរ៉ែដែកនៅ​ខេត្ត​ឧត្តមាន​ជ័យ និង​ ព្រះវិហារ​។

(សំឡេង)

លោក​បណ្ឌិត ធុយ ចាន់ធួនបាន​ថ្លែង​ថាពី​ដើម ​ខ្មែរ​មិន​ត្រឹម​តែ​អាច​ចេះ​ស្វែង​រករ៉ែដែក​នោះ​ទេ ខ្មែរ​នៅ​អាចស្លរ​ដែក​ដើម្បី​យក​មក​ប្រើ​ប្រាស់​ជាប្រយោជន៍​បាន​យ៉ាង​ច្រើន​ក្រាស់​ក្រែល។

(សំឡេង)

ជា​មួយ​គ្នានេះលោក​បណ្ឌិតបាន​បង្ហាញការ​សោកស្តាយ​ចំពោះ​សម័យ​បច្ចុប្បន្ន​ដែល​ខ្មែរ​មិន​អាច​ចេះ ចំរាញ់​និង​ស្លរ​ដែក​យក​មក​ប្រើ​ប្រាស់​បាន។

(សំឡេង)

កម្ពុជា​នៅ​មាន​ធនធាន​រ៉ែ​ដែក និង​មាន​ភ្នំ​ដែក​ចំនួន​ពីរ​គឺ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ និង​នៅ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ។ ក៏ប៉ុន្តែ​លោកបណ្ឌិត​ធុយ ចាន់ធួន​បាន​ថ្លែង​ថា​លោក​មិន​ដឹង​ថា​រ៉ែដែក​ដែល​នៅសេស​សល់​នោះ​មានទំហំ​ប៉ុណ្ណា​នោះ​ទេ។

តាម​រយៈ​ភស្ដុតាង កាផលិត​ដែក​បន្សល់​ស្លាក​ស្នាម​គំនរ​សំណល់​ដែក រាប់​លាន​ម៉ែត្រ​គូប កប់​នៅ​ក្នុង​ព្រៃ។ សក្ខីកម្ម​នៃ​ការ​រក​ឃើញ​កន្លែង​ផលិត​ដែក​ធំៗ នេះ​បញ្ជាក់​ថា មនុស្ស​ខ្មែរ​មុន​សម័យ​អង្គរ ចេះ​ប្រើ​កម្ដៅ រាប់​ពាន់​អង្សាសេ ដើម្បី​រំលាយ​ដែក។ មនុស្ស​ខ្មែរ​បុរាណ​ចេះ​បង្កើត​សព្វាវុធ សម្រាប់​ការ​ពារ​អាណាចក្រ​អង្គរ និង​បាន​ផលិត​របស់​ប្រើ​ប្រាស់ ជា​ច្រើន​ប្រភេទ​ធ្វើ​អំពី​ដែក សម្រាប់​ការពារ​ជាតិ និង​តម្រូវ​ការ​សង្គម។ មនុស្ស​ខ្មែរ​បុរាណ​បាន​បន្សល់​ភស្ដុតាង​ការដ្ឋាន​កាត់​ថ្ម ជា​ច្រើន​កន្លែង ដែល​បាន​ប្រើ​ដែក​ទៅ​កាត់ថ្ម យក​មក​កសាង​ប្រាសាទ។

ការ​ស្រាវ​ជ្រាវ​នេះបាន​បង្ហាញ​អំពី​សម្ថភាព​ខ្ពស់​ខាង​ផលិត​ដែក របស់​ខ្មែរ​បុរាណ ឲ្យ​មនុស្ស​ខ្មែរ ជំនាន់​ក្រោយ យក​គំរូ​វីរភាព និង​ចេះរិះរក​បច្ចេកទេស​ដើម្បី​អភិវឌ្ឍប្រទេស ដោយ​អាស្រ័យ​ផលធនធាន​រ៉ែ​ក្នុង​ស្រុក​របស់​ខ្នួន។ សម្រាប់ការ​ស្រាវ​ជ្រាវ​បន្ត ក្នុង​ឆ្នាំ២០១៤​នេះ លោក​សាស្រ្ដាចារ្​យបណ្ឌិត បាន​បញ្ជាក់​ថា លោក​មាន​បំណង​ចង់​រកឲ្យ​ឃើញ នូវ​បច្ចេក​ទេស និង​ទំហំ​ចង្ក្រាន ឬ​ឡ​សម្រាប់​រំលាយ​ដែក នៅ​សម័យ​បុរាណ​នោះ​ឲ្យ​ឃើញ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors