លោកបានប្រាប់វិទ្យុអូស្រ្ដាលីខេមរភាសាជាភាសាអង់គ្លេសយ៉ាងនេះ។
(សំឡេងលោក កេន លូ)
សូមជម្រាបថា កាលពីថ្ងៃពុធ ទី៨ ខែមករា កន្លងទៅនេះ តាមព័ត៌មានដែលវិទ្យុអូស្រ្ដាលីបានទទួលសមាគមរោងចក្រកាត់ដេរកម្ពុជាបានផ្ញើលិខិតមួយជូនទៅលោក អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ ដោយស្នើសុំក្រសួងចេញសេចក្ដីជូនដំណឹងអំពីការមិនទទួលបានប្រាក់ឈ្នួលក្នុងអំឡុងពេលធ្វើកូដកម្មបាតុកម្មថ្មីៗនេះ ដោយយោងទៅតាមសំណើរបស់សមាជិករោងចក្រក្នុងកិច្ចប្រជុំរបស់សមាគមរោងចក្រកាត់ដេរកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤។
សេចក្ដីក្នុងលិខិតនោះបានលើកឡើងថា ព្រឹត្ដិការណ៍បាតុកម្ម កូដកម្មខុសច្បាប់ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ បានបង្កនូវការខូចខាតជាច្រើនដល់រោងចក្រដែលមានទឹកប្រាក់សរុបមិនតិចជាង២០០លានដុល្លារ នៅពេលដែលផលិតកម្មត្រូវបានផ្អាកទាំងស្រុក ហើយទ្រព្យសម្បត្ដិរោងចក្រជាច្រើនត្រូវបានបំផ្លាញ ហើយទើបតែមានសភាពស្ងប់ស្ងាត់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។
លិខិតនេះក៏បានឲ្យដឹងទៀតថា សមាជិកសមាគមបានជូនដំណឹងថា សហជីពនឹងនៅតែទាមទារខុសច្បាប់ឲ្យមានការបង់ប្រាក់ឈ្នួលសម្រាប់អំឡុងពេលកូដកម្មបាតុកម្ម ដែលជាជាការបន្ថែមបន្ទុកដ៏អយុត្ដិធម៌ថែមទៀតមកលើនិយោជកដែលបានរងការខូចខាតដ៏ធំធេងរួចហើយនោះ។
ខាងសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរលោក គង់ អាទិត្យ អនុប្រធានសហជីពនេះបានប្រាប់វិទ្យុអូស្រ្ដាលីឲ្យដឹងព្រឹកមិញដែរថា មកទល់ពេលនេះមិនមានការចរចារឿងប្រាក់ខែនេះនោះទេ ព្រោះភាគីនីមួយៗកំពុងរង់ចាំមើលសញ្ញាគ្នាទៅវិញទៅមករៀងៗខ្លួន ដោយមិនមាននរណាផ្ដួចផ្ដើមការចរចាឡើងវិញទេ។
