
នៅក្នុងលិខិតថ្វាយព្រះមហាក្សត្រ សម្ដេចរាជបុត្រី បានទួលថ្វាយថា នៅក្នុងកាលៈទេសៈនៃអាយុជីវិតជាតិនេះ មានតែព្រះបរមរាជតម្រិះរបស់ព្រះមហាក្សត្រ ជាទីសក្ការៈនៃប្រជានុរាស្ត្រកូនចៅទាំងអស់គ្នាទេ ទើបអាចធ្វើឲ្យមានការសម្របសម្រួល ឬការចរចានយោបាយមួយសម្រាប់រក្សាបាននូវស្ថិរភាព និងសន្តិភាពជាតិ ដែលជាកត្តាចម្បងនៃសាមគ្គីជាតិ និងឯកភាពជាតិខ្មែរ។
ការទទូចសុំព្រះរាជអន្តរាគមន៍ព្រះមហាក្សត្រនៅពេលនេះ ធ្វើឡើងក្នុងពេលដែលប្រទេសកម្ពុជា កំពុងជួបប្រទះនូវវិបត្តិសង្គម និងនយោបាយ ដែលគណបក្សឈ្នះឆ្នោតអាសនៈសភាទាំងពីរមិនអាចដោះស្រាយបានតាមរយៈការចរចា។
កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិភាគសង្គម និងនយោបាយឯករាជ្យ រួមមានលោកបណ្ឌិត ឡៅ ម៉ុងហៃ លោកបណ្ឌិត សុខ ទូច និងលោកបណ្ឌិត កែម ឡី ព្រមទាំងក្រុមអង្គការ សង្គមស៊ីវិល មកពី ១៣ស្ថាប័ន ក៏បានគោរពយាងព្រះមហាក្សត្រ ព្រះមេត្តាអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ជួបចរចាគ្នាក្រោមព្រះរាជាធិបតីភាពនៃព្រះអង្គផ្ទាល់ ក្នុងពេលវេលាដ៏ឆាប់បំផុត។
ក្រុមអ្នកវិភាគ និងអង្គការសង្គមស៊ីវិលទាំងនេះ លើកឡើងថា ចំពោះមុខព្រឹត្តិការណ៍ដ៏សែនរន្ធត់នេះ ប្រទេសជាតិពិតជាត្រូវការចាំបាច់ និងជាបន្ទាន់នូវព្រះរាជអន្តរាគមន៍ ដែលមិនអាចខ្វះបានរបស់ព្រះមហាក្សត្រ ក្នុងការផ្សះផ្សា និងឯកភាពជាតិ ដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា៕
