រដ្ឋា​​ភិ​​បាល​​បើក​​ការ​​ស៊ើប​​អង្កេត​​អំ​ពើ​​ហិង្សា​​នៅ​​ផ្លូវ​​វ៉េង​​ស្រេង​​



Herevanna Pich's photo.

ដោយ ប្រាក់ ធីតា
ទី​បំ​ផុត​ទៅ រដ្ឋា​ភិ​បាល​បាន​សម្រេច​បើក​ការ​ស៊ើប​អង្កេត​ករ​ណី​ហិង្សា​ នៅ​ផ្លូវ​វ៉េង​ស្រេង ​កាល​ពី​ថ្ងៃ​ទី​៣​មករា។ ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​បាន​ជំរុញ​ឲ្យ​គណៈកម្មការ​ពិសេស​ទាំងបី ​ខិតខំ​ធ្វើ​ការងារ​របស់ខ្លួន​ ដើម្បី​ស្វែងរក​មូលហេតុ​នៃ​អំពើហិង្សា។ អង្គការ​លីកាដូ​បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល ប៉ុន្តែ​បានស្នើ​សុំ​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​យុត្តិធម៌ ហើយ​ត្រូវតែ​ផ្តន្ទាទោស​ដល់​ជនល្មើស​ឲ្យ​បាន​ពិតប្រាកដ។
រដ្ឋា​ភិ​បាល​បាន​បង្កើត​គណៈ​កម្មការ​ពិសេស​ចំនួន​បី​ ដើម្បី​ស៊ើប​អង្កេត​ករណី​ហិង្សា​នៅលើ​ផ្លូវ​វ៉េង​ស្រេង។ គណៈ​កម្ម​ការ​ទី១​ ដើ​ម្បី​ស្រាវ​ជ្រាវ​រក​ការ​ខូច​ខាត​ដោយ​សារ​បាតុ​កម្ម​អនា​ធិបតេយ្យ ទី២-ស្រាវ​ជ្រាវ​ឧប្បទ្ទវ​ហេតុ​ដែល​បាន​កើត​ឡើង និង​ទី៣-សិក្សា​អំពី​ថ្លៃឈ្នួល​អប្បបរមា​របស់​កម្មករ។ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ លោកនា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​ជំរុញ​ឲ្យ​គណៈ​កម្មការ​ទាំង​បី​ ខិត​ខំ​បំ​ពេញ​ការ​ងារ​របស់​ខ្លួន​ឲ្យ​បាន​ល្អ។

លោក​ស្រី ពុង ឈីវ​ហ្គិច ប្រធាន​អង្គ​ការ​ការ​ពារ​សិទ្ធិមនុស្ស លី​កា​ដូ បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​បង្កើត​គណៈ​កម្មការ​ពិសេស​ស៊ើប​អង្កេត​លើ​ករណី​ហិង្សា​ លើ​ផ្លូវ​វ៉េង​ស្រេង របស់​រដ្ឋា​ភិបាល ប៉ុន្តែ លោក​ស្រី​សុំ​ឲ្យ​ការ​ស៊ើប​អង្កេត​នោះ​ឯក​រាជ្យ ហើយ​និង​យុត្តិ​ធម៌ ដោយ​ដាក់​ទោស​ទៅ​លើ​អ្នក​ដែល​ប្រព្រឹត្ត​បទ​លើ្មស​ពិត​ប្រា​កដ មិន​មែន​ដាក់​ទោស​ទៅលើ​អ្នក​ដែល​គ្មាន​កំហុស​នោះ​ទេ។

លោក ស្រី​ពុង ឈីវ​ហ្គិច បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​នេះ​ថា ប្រ​សិន​បើ​គណៈ​កម្ម​ការ​ពិ​សេស​ទាំង​បី​នោះ​ស៊ើប​អង្កេត​រក​ឃើញ​អ្នក​ដែល​បង្ក​អំពើ​ហិង្សា និង​រក​ជន​ដៃ​ដល់​ដែល​បាន​បាញ់​សម្លាប់​មនុស្ស​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ប្រទេស​នោះ នោះ​កម្ពុជា​និង​មិន​រង​ការ​រិះ​គន់​ពី​អន្តរ​ជាតិ​​ទៀត​ឡើយ។

គួរ​បញ្ជាក់​ថា ​អំ​ពើ​ហិង្សា​នៅ​លើ​ផ្លូវ​វ៉េង​ស្រេង ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ២ និង​ទី ៣​មករា​នោះ​ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស ៤​នាក់​ស្លាប់ និង​រង​របួស​ជា​ច្រើន​នាក់ ហើយ​មាន​មនុស្ស​ចំនួន ២៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ អំពើ​ហិង្សា​នេះ កើត​មាន​ឡើង បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ រវាង​​​កម្មករ​ទាម​ទា​រ​ដំ​ឡើង​ប្រាក់​ខែ ១៦០​ដុល្លារ​ និង​កង​ម្លាំង​សមត្ថ​កិច្ច​ប្រ​ដាប់​អាវុធ។

សាធារ​ណៈមតិ​ជាតិ និង​អន្តរ​ជាតិ​បាន​រិះ​គន់​យ៉ាង​ខ្លាំង​ទៅ​លើ​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ ដែល​បាន​ប្រើ​កម្លាំង​ហួស​ហេតុ​បាញ់​ទៅ​លើ​ក្រុម​អ្នក​តវ៉ា។ ប៉ុន្តែ ភាគី​អា​ជ្ញាធរ​រដ្ឋា​ភិបាល​វិញ​ បាន​ការពារ​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​ ដោយ​ពន្យល់​ថា នេះ​ជា​វិធាន​ការ​ការ​ពារ​ខ្លួន​ទល់​នឹង​ក្រុម​កុបករ​តែ​ប៉ុណ្ណោះ​៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors