Pages

Thursday, January 23, 2014

រដ្ឋាភិបាល​នៅ​តែ​មិន​អនុញ្ញាត​ឲ្យ​វិទ្យុ​សម្បុក​ឃុំ​ពង្រីក​រលក​ធាតុ​អាកាស​និង​បើក​ទូរទស្សន៍

 ម៉ម សូណង់ដូ មីនា ៣០៥
ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ លោក ម៉ម សូណង់ដូ បាន​ជួប​មន្ត្រី​ក្រសួង​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​២៣ មករា ដើម្បី​ពិភាក្សា​ពី​ការ​ស្នើសុំ​ការ​អនុញ្ញាត​បើក​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត ដែល​សព្វថ្ងៃ​គេ​និយម​ហៅ​តាម​ភាសា​បារាំង ថា រ៉ឺឡេ (Relay) នៅ​តាម​ខេត្ត​នានា និង​សុំ​បើក​ប៉ុស្តិ៍​ទូរទស្សន៍​មួយ។
លោក ម៉ម សូណង់ដូ បញ្ជាក់​ថា លោក​បាន​ជួប​ប្រធាន​នាយកដ្ឋាន​ផ្នែក​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន លោក ប៊ុត បូវុធ ក្នុង​ការ​ស្នើសុំ​នេះ តែ​មិន​ខុស​ពី​លើក​មុនៗ​ទេ គឺ​មិន​អាច​បើក​បាន​ដដែល៖ «ជជែក​ជាង​មួយ​ម៉ោង តែ​អត់​ទៅ​មុខ​ទេ នៅ​ដដែល​ជា​ដដែល។ គេ​សំអាង​អ្វី​ដែល​វា​អត់​ចូល​ទី​ដៅ​របស់​ប្រជាពលរដ្ឋ ដែល​ចង់​ទទួល​ព័ត៌មាន​ពី​វិទ្យុ​សម្បុក​ឃ្មុំ​តាំង​២០០៥ រហូត​មក​ទល់​ថ្ងៃ​នេះ។ ពាក្យ​ទី​១ គេ​ឆ្លើយ​ថា មិន​ទាន់​រៀប​ចំ​ច្បាប់​សោតទស្សន៍ គេ​មិន​បាន​និយាយ​ថា​អត់​មាន​ហ្វ្រេកង់ (Frequency) ទេ ហើយ​ចំណុច​ទី​២ ក៏​គេ​អត់​បាន​ប្រាប់​ថា គេ​អត់​មាន​ហ្វ្រេកង់​ដែរ ក៏ប៉ុន្តែ​គេ​ចាំ​សួរ​គោលការណ៍​របស់​រដ្ឋាភិបាល​សិន»។

លោក ម៉ម សូណង់ដូ គំរាម​ថា​លោក​នឹង​ដឹក​នាំ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៧ មករា ប្រឆាំង​នឹង​ការ​សម្រេច​របស់​ក្រសួង​ព័ត៌មាន ដោយ​លោក​អះអាង​ថា ការ​សម្រេច​នេះ​មិន​យុត្តិធម៌​ចំពោះ​លោក ព្រោះ​ថា ចាប់​តាំង​ពី​លោក​បាន​ចាប់​ផ្ដើម​សុំ​បើក​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត តាំង​ពី​ឆ្នាំ​២០០៥ មក ក្រសួង​ព័ត៌មាន បាន​អនុញ្ញាត​ឲ្យ​អ្នក​ផ្សេង​បើក​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ជា​បន្តបន្ទាប់ លើក​លែង​តែ​រូប​លោក​ម្នាក់៕