នៅក្នុងប្រទេសចិន រដ្ឋអំណាចបាននិងកំពុងបន្តប្រើប្រព័ន្ធតុលាការដើម្បីបំបិទមាត់ក្រុមសកម្មជនប្រឆំាងអំពើពុករលួយ។ តំាងពីថ្ងៃពុធម្សិលមិញ និងបន្តរហូតមកដល់ថ្ងៃព្រហស្បតិ៍ ទី២៣ មករានេះ សវនាកាត់ទោសពួកសកម្មជនប្រឆំាងអំពើពុករលួយត្រូវបានធ្វើឡើងដោយមានការ ការពារសនិ្តសុខយ៉ាងខ្លំាងជាមួយនឹងកម្លំាងប៉ូលិសយ៉ាងច្រើនសន្ធឹកសន្ធាប់។សវនាការកាត់ទោសក្រុមសកម្មជន
ប្រឆំាងអំពើពុករលួយបានទទួលរងការរិះគន់យ៉ាងចាស់ដៃពីក្រុមប្រទេសលោកខាងលិច ក៏ដូចជាក្រុមអង្គការការពារសិទ្ធិមនុស្ស។តំាងតែពីថ្ងៃពុធម្សិលមិញមកម្ល៉េះដែលសវនាការកាត់ទោសក្រុមប្រឆំាងអំពើពុករលួយត្រូវបានរៀបចំឡើងនៅតុលាការក្នុងទីក្រុងប៉េកំាង។ ជាការកត់សម្គាល់ ជនជាប់ចោទភាគច្រើននៅក្នុងសំណុំរឿងនេះច្រើនជាសមាជិករបស់ចលនាមួយដែលគេហៅថា « ចលនាប្រជាជនថ្មី »។ ការកត់សម្គាល់មួយទៀត ក្រុមអ្នកកាសែតបរទេសមិនត្រូវបានអនុញ្ញាតឲ្យចូលរួមនៅក្នុងសវនាការនោះទេក្នុងចំណោមជនជាប់ចោទ មានលោក Xu Zhiyong ស្ថានិកចលនាប្រជាជនថ្មីដែលបានចេញមុខទាមទារឲ្យមានតម្លាភាពនៅក្នុងទ្រព្យសម្បត្តិរបស់មន្រ្តីរដ្ឋការចិន។ លោក Zhao Changquing និងលោកស្រី Hou Xin ត្រូវបានចោទជាប់ជាសមាជិករបស់ចលនាប្រជាជនថ្មីនោះ។ ករណីលោក Zhao Changquing លោកធ្លាប់បានជាប់គុកចំនួន ៨ឆ្នំាម្តងហើយពីបទបានចូលរួមជាមួយក្រុមនិស្សិតទាមទារលទ្ធិប្រជាធិបតេយ្យកាលពីឆ្នំា ១៩៨៩ នៅទីលាន Tiananmen។ លោក Zhao Changquing ក៏ដូចជាសមាជិកផ្សេងទៀតរបស់ចលនាប្រជាជនថ្មីបានជាប់ចោទពីបទបានជួបជុំគ្នាដោយខុសច្បាប់ដើម្បីប្រឆំាងនឹងអំពើពុករលួយ។
គេនៅមិនដឹងថា តើជនជាប់ចោទម្នាក់ៗនឹងត្រូវទទួលទោសកម្រិតណាទេ។ ដោយឡែក លោក Wang Gongquan មហាសេដ្ឋីចិនម្នាក់ដែលបានជួយគំាទ្រជាថវិកាដល់ចលនាប្រជាជនថ្មី និងដែលបានជាប់ឃុំឃំាងតំាងពីខែកញ្ញា ឆ្នំា ២០១៣ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាព ក្រោមលក្ខខណ្ឌនៅថ្ងៃពុធម្សិលមិញ។ លោក Wang ដែលបានសារភាពថា លោកពិតជាបានញុះញង់ និងបង្កសកម្មភាពឧក្រិដ្ឋមួយចំនួនមែន។
យ៉ាងណាក៏ដោយ សវនាការកាត់ទោសក្រុមសកម្មជនប្រឆំាងអំពើពុករលួយបានទទួលរងការរិះគន់យ៉ាងចាស់ដៃពីក្រុមប្រទេសលោកខាងលិច ក៏ដូចជាក្រុមអង្គការការពារសិទ្ធិមនុស្ស។ Amnesty International បានបរិហារពីចរិតលាក់ពុតរបស់រដ្ឋាភិបាលចិនដែលនៅពីមុខ បានបង្ហាញពីឆន្ទៈក្នុងការកំចាត់អំពើពុករលួយ តែនៅពីក្រោយ បែរជាបន្តបំបិទមាត់ក្រុមសកម្មជនប្រឆំាងអំពើពុករលួយទៅវិញ៕