លោក ម៉ម សូណង់ដូ បញ្ជាក់ថា លោកបានជួបប្រធាននាយកដ្ឋានផ្នែកសោតទស្សន៍នៃក្រសួងព័ត៌មាន លោក ប៊ុត បូវុធ ក្នុងការស្នើសុំនេះ តែមិនខុសពីលើកមុនៗទេ គឺមិនអាចបើកបានដដែល៖ «ជជែកជាងមួយម៉ោង តែអត់ទៅមុខទេ នៅដដែលជាដដែល។ គេសំអាងអ្វីដែលវាអត់ចូលទីដៅរបស់ប្រជាពលរដ្ឋ ដែលចង់ទទួលព័ត៌មានពីវិទ្យុសម្បុកឃ្មុំតាំង២០០៥ រហូតមកទល់ថ្ងៃនេះ។ ពាក្យទី១ គេឆ្លើយថា មិនទាន់រៀបចំច្បាប់សោតទស្សន៍ គេមិនបាននិយាយថាអត់មានហ្វ្រេកង់ (Frequency) ទេ ហើយចំណុចទី២ ក៏គេអត់បានប្រាប់ថា គេអត់មានហ្វ្រេកង់ដែរ ក៏ប៉ុន្តែគេចាំសួរគោលការណ៍របស់រដ្ឋាភិបាលសិន»។
លោក ម៉ម សូណង់ដូ គំរាមថាលោកនឹងដឹកនាំធ្វើបាតុកម្មនៅថ្ងៃទី២៧ មករា ប្រឆាំងនឹងការសម្រេចរបស់ក្រសួងព័ត៌មាន ដោយលោកអះអាងថា ការសម្រេចនេះមិនយុត្តិធម៌ចំពោះលោក ព្រោះថា ចាប់តាំងពីលោកបានចាប់ផ្ដើមសុំបើកស្ថានីយវិទ្យុផ្សាយបន្ត តាំងពីឆ្នាំ២០០៥ មក ក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យអ្នកផ្សេងបើកស្ថានីយវិទ្យុ និងទូរទស្សន៍ជាបន្តបន្ទាប់ លើកលែងតែរូបលោកម្នាក់៕ Labels: ព័ត៌មានជាតិ