Pages

Tuesday, January 28, 2014

កម្ពុជា​បដិសេធ​​​ថា​មិន​​ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​មេ​បាតុករ​ថៃ

ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ដោយ​សង្ស័យ​របស់​មេ​បាតុករ​ថៃ គឺ​លោក ស៊ុថេប ធឿកស៊ុបាន់ (Suthep Thaugsuban) ដែល​ថា ខ្មាន់​កាំភ្លើង​កម្ពុជា អាច​ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​បាតុករ​ថៃ នៅ​តំបន់ បាងណា នៅ​ថ្ងៃ​ទី ២៦ មករា។ ប៉ុន្តែ ក្រសួង​ការបរទេស​កម្ពុជា​បដិសេធ ការ​ពាក់ព័ន្ធ​នោះ។មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​
របស់​កម្ពុជា លោក កុយ គួង បាន​ហៅ​ការ​ចោទ​ប្រកាន់​របស់​លោក ស៊ុថេប ធឿកស៊ុបាន់ ថា​ជា​ការ​មិន​ពិត ហើយ​ជា​ការ​ចោទប្រកាន់​ដោយ​ងងើល។
សំឡេង៖ «ខ្ញុំ​សុំ​ធ្វើ​ការ​បដិសេធ​យ៉ាង​ដាច់​អហង្ការ​នូវ​ព័ត៌មាន ដែល​លើក​ឡើង​ពី​សម្ដី​ដ៏​ឆ្កួត​លីលា​របស់​លោក ស៊ុថេប ធឿកស៊ុបាន់ ដែល​ជា​មេ​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន ដែល​លើក​ឡើង​ថា ការ​បាញ់​សម្លាប់​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ​កាល​ពី​ម្សិល​មិញ​ហ្នឹង ខ្មាន់​កាំភ្លើង​អាច​ពលរដ្ឋ​ខ្មែរ​នោះ។ ខ្ញុំ​សុំ​ធ្វើការ​បដិសេធ​យ៉ាង​ដាច់​អហង្ការ»។

ប្រតិកម្ម​របស់​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា គឺ​បន្ទាប់​ពី​កាសែត​អនឡាញ​ថៃ ឈ្មោះ អឹមខូត (MCOT) ស្រង់​សម្ដី​របស់​មេ​ដឹក​នាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ គឺ​លោក ស៊ុថេប ធឿកស៊ុបាន់ (Suthep Thangsuban) នៅ​ថ្ងៃ​ទី​២៧ មករា ដែល​ប្រាប់​ក្រុម​បាតុករ​របស់​លោក នៅ​តំបន់​ប៉ាធុមវ៉ាន់ (Pathumwan) ថា ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​មេ​ដឹក​នាំ​បាតុកម្ម​ថៃ​មួយ​រូប អាច​គេ​ជួល​ពី​អង្គភាព​យោធា​ពិសេស​កម្ពុជា។

ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នោះ បណ្ដាល​ឱ្យ​ស្លាប់​មេ​ដឹក​នាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​មួយ​រូប គឺ​លោក ស៊ុធិន ថារ៉ាធិន (Suthin Tarathin) និង​ប្រាំ​នាក់​ផ្សេង​ទៀត​រង​របួស។

លោក កុយ គួង ថ្លែង​ថា ​ការ​ចោទ​ប្រកាន់​កម្ពុជា​ពេល​នេះ គឺ​ជា​លើក​ទី​ពីរ​ហើយ ដែល​លើក​ទី​មួយ នៅ​ថ្ងៃ​ទី ២២ មករា មេ​ទាហាន​ជើង​ទឹក​ថៃ​មួយ​រូប បាន​ចោទ​ប្រកាន់​ថា មាន​ការ​ដឹក​ពលរដ្ឋ​ខ្មែរ​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម​មួយ ប្រឆាំង​នឹង​បាតុករ ដែល​កំពុង​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នៅ​ក្រុង​បាងកក ប្រទេស​ថៃ​បច្ចុប្បន្ន។ ការ​ចោទ​ប្រកាន់​នោះ​ត្រូវ​បាន​បដិសេធ​វិញ។

លោក កុយ គួង ថ្លែង​ថា «នៅ​ថ្ងៃ​ទី ២២ (មករា) នោះ ក្រសួង​ការបរទេស​ខ្លួន​ឯង ក៏​បាន​ចេញ​មក​បកស្រាយ​បដិសេធ​ជា​ផ្លូវ​ការ​ថា ព័ត៌មាន​ដែល​ថា គេ​ដឹក​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​បាងកក​នោះ ជា​ព័ត៌មាន​មិន​ពិត»។

លោក​ថ្លែង​បញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា មិន​បាន​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​បាតុករ​ដែល​កំពុង​ប្រឆាំង​រដ្ឋាភិបាល​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ទេ ហើយ​ក៏​មិន​បាន​ចូលរួម​ធ្វើ​បាតុកម្ម នៅ​ប្រទេស​ថៃ​ដែរ។

លោក​ឱ្យ​ដឹង​ថា ស្ថានទូត កម្ពុជា​ប្រចាំ​ក្រុង​បាងកក និង​ស្ថាន​កុងស៊ុល ប្រចាំ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ បាន​ណែនាំ​ដល់​ពលករ​កម្ពុជា​ជា​ប្រចាំ ឱ្យ​ចេញ​ឆ្ងាយ​ពី​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​នោះ។ ក្រៅ​ពី​នេះ ក៏​មាន​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន បាន​ណែនាំ​ដល់​ពលករ​កម្ពុជា​ដូច​គ្នា។ លោក​អំពាវនាវ​ដល់​ពលករ​ឱ្យ​ប្រកាន់​ខ្ជាប់​ការ​ណែនាំ​ទាំង​នេះ៕