អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ មានប្រសាសន៍នៅថ្ងៃទី២៧ ខែមករា ថា មន្ត្រីកងរាជអាវុធហត្ថទាំងនោះ បានទៅបំភ្លឺនៅតុលាការរួចហើយ កាលពីសប្ដាហ៍មុនតាមដីកាកោះរបស់តុលាការក្នុងនាមជាមន្ត្រីអនុវត្តច្បាប់។ យ៉ាងណាលោកមិនបានទម្លាយឈ្មោះមន្ត្រីទាំងនោះ ហើយលោកក៏មិនច្បាស់ដែរថា តើនឹងត្រូវមានមន្ត្រីកងរាជអាវុធហត្ថប៉ុន្មាននាក់ទៀតមានជាប់ពាក់ព័ន្ធ ហើយត្រូវតុលាការកោះហៅទៅសាកសួរទៀតនោះ៖ «ខ្ញុំមិនបានទទួលតួលេខទាំងហ្នឹងទេ តែមានមន្ត្រីកងរាជអាវុធហត្ថមួយចំនួនបានទៅបំភ្លឺតាមការសាកសួររបស់តុលាការហើយ»។
អនុប្រធានផ្នែកអង្កេតរបស់សមាគមអាដហុក លោក ចាន់ សុវ៉េត ឲ្យដឹងថា ការចូលបំភ្លឺរបស់មន្ត្រីកងរាជអាវុធហត្ថនៅតុលាការ មិនមែនក្នុងនាមជាដើមបណ្ដឹងដែលបានប្ដឹងលោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងមនុស្ស ២៣នាក់ដែលកំពុងជាប់ឃុំនោះទេ។ តែខាងកងរាជអាវុធហត្ថបានបញ្ជូនរបាយការណ៍ពីការបង្ក្រាបអ្នកតវ៉ាទៅឲ្យតុលាការ ដូច្នេះការហៅអ្នកពាក់ព័ន្ធលើបណ្ដឹងនេះទៅសាកសួរជារឿងធម្មតាតាមផ្លូវច្បាប់។
លោក ចាន់ សុវ៉េត៖ «មានសេចក្ដីរាយការណ៍ពីកងរាជអាវុធហត្ថទៅកាន់តុលាការថា មានអំពើល្មើសកើតឡើងរបៀបនេះ ដឹកនាំដោយអ្នកណា អ៊ីចឹងវាមានខាងមេធាវីគេបានផ្ដល់ព័ត៌មានមកឲ្យពួកខ្ញុំបានដឹងពីបញ្ហាហ្នឹង អ៊ីចឹងបានមានការកោះហៅអ្នកជាប់ពាក់ព័ន្ធទៅសាកសួរ»។
លោកបន្តថា ដើម្បីស្វែងរកការពិតក្នុងការបង្ក្រាបរបស់អាជ្ញាធរទៅលើអ្នកតវ៉ា ស្ថាប័នតុលាការដែលជាស្ថាប័នឯករាជ្យ ត្រូវស្រាវជ្រាវរកភស្តុតាងត្រឹមត្រូវតាមផ្លូវច្បាប់។ អង្គការសង្គមស៊ីវិលនៅមិនទាន់ជឿទេថា អ្នកដែលរងគ្រោះនៃការបាញ់សម្លាប់ អ្នករបួស នឹងទទួលបានយុត្តិធម៌ ព្រោះរហូតដល់ពេលនេះ អាជ្ញាធរនៅមិនទាន់មានការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ថា នរណាជាជនល្មើសនៅឡើយ ហើយតុលាការក៏នៅមិនទាន់មានការចោទប្រកាន់ទៅលើជនណាម្នាក់ជាអ្នកបង្កដែរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីតុលាការសួរនាំពីរឿងនេះបានទេ នៅថ្ងៃទី២៧ ខែមករា។
កម្លាំងរដ្ឋាភិបាល មានកងរាជអាវុធហត្ថ ប៉ូលិស និងទាហានប្រដាប់ដោយកាំភ្លើង ខែល ដំបង និងបំពង់ទីប បានបាញ់ និងវាយទៅលើកម្មករដែលប្រើដុំថ្មជាអាវុធគប់តបតប្រឆាំងនឹងកម្លាំងអាជ្ញាធរកាលពីដើមខែមករា នៅពេលដែលទាមទារសុំដំឡើងប្រាក់ខែឲ្យដល់ ១៦០ដុល្លារ។ ទាំងកងរាជអាវុធហត្ថ និងប៉ូលិស បានអះអាងស្រដៀងគ្នាថា ការបង្ក្រាបនោះជាស្វ័យការពារខ្លួន នៅពេលដែលអ្នកតវ៉ានោះព្យាយាមគប់ដុំថ្ម បាញ់គ្រាប់ចម្ពាមកៅស៊ូ និងដុតសាំងដបគប់ទៅលើអាជ្ញាធរ៕