ការបោះឆ្នោត​សភា​ថៃ​ច្របូកច្របល់​ បាតុករ​បង្ក​ការរាំងស្ទះ​ ការិយាល័យ​បោះឆ្នោត​ច្រើនកន្លែង​បិទទ្វារ​​​



ការិយាល័យ​បោះឆ្នោត​មួយកន្លែង​ ​នៅក្រុងបាងកក
ដោយ ព្រំ សឿន សូលីណា
នៅថ្ងៃ​អាទិត្យ​នេះ ការបោះឆ្នោត​សភា​មុនកាលកំណត់ នៅ​ប្រទេស​ថៃ បានដំណើរការ​ទៅក្នុង​ភាពច្របូកច្របល់ គ្មាន​សណ្តាប់ធ្នាប់ ដោយសារ​តែ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ បាន​ធ្វើ​សកម្មភាព​​រាំងស្ទះ។ គណៈកម្មការ​បោះឆ្នោត​ បង្ខំចិត្ត​អោយ​បិទទ្វារ​​ការិយាល័យ​បោះឆ្នោត​ចំនួន​៤៥​
នៅក្រុងបាងកក។ ​ដោយឡែក មាន​មនុស្ស​៩នាក់​រងរបួសហើយ​អ្នកដឹកនាំ​​ចលនាបាតុកម្ម​​ប្រឆាំង​រដ្ឋាភិបាល​ម្នាក់ បាន​ស្លាប់ ​ដោយ​គ្រាប់​កាំភ្លើង​ក្នុង​ការ​បាញ់ប្រហារ​មួយ ​ក្នុង​ពេល​គាត់​កំពុង​ថ្លៃងសន្ទរកថា ទៅកាន់​ក្រុមបាតុករ។ ​

ថ្ងៃសៅរ៍នេះ នៅប្រទេស​ថៃ​ អ្នកបោះឆ្នោត​​ស្ម័គ្រចិត្ត​ថៃ​ប្រមាណ​ជាង​២លាននាក់ ក្នុង​ចំណោម​អ្នកចុះឈ្មោះ​បោះឆ្នោត​សរុប​ជាង​៤៩លាននាក់​​ ត្រូវទៅបោះឆ្នោត​សភា មុនកាល​កំណត់ មួយអាទិត្យ។ ប៉ុន្តែ ​ការបោះឆ្នោត​​ត្រូវ​បាន​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល រាំងស្ទះ ធ្វើអោយ​ច្របូកច្របល់​​ បាត់​សណ្តាប់ធ្នាប់។ អ្នកទទួលខុសត្រូវ​ការិយាល័យ​បោះឆ្នោត មិនអាច​​ចូលក្នុង​កន្លែង​បោះឆ្នោត​បាន​។​ ការិយាល័យ​ជាង​១០កន្លែង នៅ​ទូទាំង​ប្រទេស ត្រូវបាន​បិទទ្វារ ពិសេស​ការិយាល័យ​នៅភាគខាងត្បូង ដែល​ជា​​ដែន​អំណាច​របស់បក្ស​ប្រឆាំង។
តាមធម្មតា ការបោះឆ្នោត​សភា​មុនកាលកំណត់​ត្រូវ​ធ្វើ​នៅថ្ងៃ​អាទិត្យ​ ២កុម្ភៈ​ សប្តាហ៍​ក្រោយនេះ។ ប៉ុន្តែ រដ្ឋាភិបាល​បាន​សម្រេច​អោយ​មានការបោះឆ្នោត​ថ្ងៃ​អាទិត្យ​២៦​មករា​នេះ​ មុន​ពេលកំណត់​មួយអាទិត្យថែមទៀត ដើម្បី​អាច​វាយតំលៃ​ថា តើ​ការបោះឆ្នោត​​ថ្ងៃ​អាទិត្យ​សប្តាហ៍​ក្រោយ អាច​ដំណើរការ​ទៅបាន​ដែរ ​រឺក៏​យ៉ាងណា។ នាយករដ្ឋមន្ត្រី​យីងឡាក់​ត្រូវ​ជួប​គណៈកម្មការ​បោះឆ្នោត​ នៅថ្ងៃ​អង្គារ​ខានស្អែកនេះ។ លោកស្រី​ប្រហែល​ជាអាច​បង្ខំចិត្ត​លើកពេលបោះឆ្នោត​​ថ្ងៃ២កុម្ភៈ ទៅពេល​ក្រោយទៀត។

ការបោះឆ្នោត​សភា​មុនកាលកំណត់ គឺជា​សំណើ​របស់​រដ្ឋាភិបាល​ថៃ ដើម្បី​​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុងប្រទេស។ បក្ស​ប្រឆាំង​បាន​ធ្វើពហិការ​មិនចូលរួម​ការបោះឆ្នោត​នេះទេ។ ជាង២ខែ​មកនេះ ក្រុម​បាតុករ​​ប្រឆាំង​រដ្ឋាភិបាល​​បានតវ៉ា​ទាមទារ​អោយ​លោកស្រី យីងឡាក់ ​ចុះពីអំណាច​ និង​ទាមទារ​​​​អោយមាន​ក្រុមប្រឹក្សា​ប្រជាជន​មួយ ដោយ​​មិន​ចាំបាច់ឆ្លងកាត់ការ​បោះឆ្នោត។ ក្រុមបាតុករ​​ក៏​បាន​បង្ខំ​​​រដ្ឋាភិបាល​អោយ​លើកពេល​បោះឆ្នោត​សភា ទៅពេលក្រោយ​ អោយបាន​យ៉ាង​ហោច​ក៏​១ឆ្នាំ​ដែរ។ ប៉ុន្តែ​លោកស្រី​​យីងឡាក់ បានបដិសេធ​​រាល់​ការទាមទារទាំងអស់នេះ។

សម្រាប់​ការបោះឆ្នោត​ថ្ងៃអាទិត្យ​២៦មករានេះ យោងតាម​អង្គការ​សិទ្ធិមនុស្ស​យូមេន រ៉ៃ វ៉ច Human Rigts Watch វត្តមាន​ក្រុមបាតុករ​​ នៅជុំវិញ​ការិយាល័យ​បោះឆ្នោត គឺជាការ​បើកផ្លូវ​អោយ​មានការ​បំភិតបំភ័យ​ដល់​អ្នកបោះឆ្នោត៕​


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors