
គណបក្សប្រឆាំងបានអំពាវនាវឲ្យកងកម្លាំងប្រដាប់ ក្នុងនោះ មានប៉ូលិស ប៉េអិម ទាហាន ឲ្យចូលរួម
គាំទ្រគណបក្សសង្គ្រោះជាតិ។ លោក សម រង្ស៊ី អះអាងថា បើសិនគណបក្សសង្គ្រោះជាតិឡើងដឹកនាំរដ្ឋាភិបាលនោះ កងកម្លាំងសមត្ថកិច្ចទាំងអស់នឹងទទួលបានប្រាក់ខែយ៉ាងតិចមួយលានរៀលក្នុងមួយខែ។
មន្ត្រីអង្គការសង្គមស៊ីវិលថ្លែងថា ការអំពាវនាវរបស់គណបក្សប្រឆាំងនេះ មានការលំបាក ពីព្រោះកងកម្លាំងប្រដាប់អាវុធទាំងអស់ឋិតនៅក្រោម បញ្ជា របស់មេ និង ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។
ទោះបីដឹងថា កងកម្លាំងប្រដាប់អាវុធនៅគ្រប់លំដាប់ថ្នាក់ ឋិត នៅក្រោមការដឹកនាំ របស់រដ្ឋាភិបាលនិងគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ក៏ដោយ ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំង នៅតែអំពាវនាវឲ្យពួកគេងាកទៅគាំទ្រគណបក្សសង្គ្រោះ ដើម្បីទទួលទទួលបាន ជីវភាពធូរធារល្អប្រសើរជាងពេលបច្ចុប្បន្ន។
នៅពេលថ្លែងសារនយោបាយផ្ទាល់មាត់ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៤នៅក្រុងបាត់ដំបង។លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ អំពាវនាវឲ្យ កងកម្លាំងប្រដាប់អាវុធទាំងអស់ងាកទៅគាំទ្រគណបក្សសង្គ្រោះជាតិខណៈដែល កងកម្លាំងប្រដាប់អាវុធ មានប៉ូលិសទាហានត្រូវបានគេដាក់ពង្រាយឡោមព័ទ្ធ នៅតាមចំណុចគោលដៅជាច្រើនក្នុងខេត្តបាត់ដំបង៖ «កសិករកម្មករមន្ត្រីរាជការស៊ីវិលអាជីវករសិស្សនិស្សិតបងប្អូនអ្នករក ទទួលទានលក់ដូររត់ម៉ូតូឌុបរម៉កគឺទាំងអស់ភ្ញាក់ខ្លួនដឹងហើយនៅសល់តែកងកម្លាំងប្រដាប់អាវុធទេ តែកងកម្លាំងប្រដាប់អាវុធក៏ចាប់ផ្ដើមគិតដែរ ដាក់អាវុធទៅគាំទ្ររាស្ត្រមកជាមួយសង្គ្រោះជាតិនឹងហើយដំណាក់កាលចុងក្រោយ គឺគណបក្សសង្គ្រោះជាតិទទួលជ័យជំនះដោយសន្តិវិធី»។
ការអំពាវនាវរបស់ លោក សម រង្ស៊ី បានធ្វើឡើង ក្រោយ ពីអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលថ្លែងបញ្ជាក់ទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួនថា គណបក្សសង្គ្រោះជាតិទាមទារឲ្យមានការបោះឆ្នោតឡើងវិញ តាមលក្ខខ័ណ្ឌ មួយចំនួន ដែលម្ចាស់ឆ្នោតចង់បាន នៅត្រឹមចុងខែមករា ឬ ខែកុម្ភៈឆ្នាំ២០១៤ បើពុំដូច្នេះ គណបក្សសង្គ្រោះនឹងដឹកក្បួនធ្វើបាតុកម្ម ជាទ្រង់ទ្រាយធំនៅទូទាំងប្រទេស។ ទន្ទឹមគ្នានេះ លោក កឹម សុខា ប្រកាសថា គណបក្សសង្គ្រោះជាតិ នឹងរៀបចំប្រាក់បៀវត្សឲ្យកងកម្លាំង ប្រដាប់អាវុធគ្របស្ថាប័ន ទទួលបានយ៉ាងតិច១លានរៀលក្នុងមួយខែ៖ «បើសិនគណបក្សសង្គ្រោះជាតិឈ្នះ ប៉ូលិសប៉េអិមទាហានមន្ត្រីរាជការទាំងអស់ ទទួលបានប្រាក់ខែយ៉ាងតិចបំផុតមួយលានរៀលក្នុងមួយខែ»។
ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ កងកម្លាំងអាជ្ញាធរវាយបង្ក្រាបទៅលើ ក្រុមបាតុករ បាញ់សម្លាប់កម្មករ រោងចក្រដោយហិង្សា កន្លងទៅថ្មីៗនេះ មេបក្សប្រឆាំង បានទម្លាក់កំហុស ទៅលើរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់ លោក នាយករដ្ឋមន្ត្រីហ៊ុនសែន ជាអ្នកទទួលខុសត្រូវ។ លោក សម រង្ស៊ី និង លោក កឹម សុខា ថ្លែង ថា កងកម្លាំងអាជ្ញាធរដែលគេបញ្ជូនទៅនោះ គឺពួកគេធ្វើឡើងតាមបទបញ្ជាតែប៉ុណ្ណោះ។
កងកម្លាំងប្រដាប់អាវុធម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ថ្លែងថា ប្រាក់ខែកងកម្លាំងប្រដាប់អាវុធ បច្ចុប្បន្ន ពុំមានតុល្យភាពទៅតម្លៃទំនិញនៅលើទីផ្សារនោះឡើយ។ ការទទួលបានប្រាក់ខែសមរម្យ គឺជាការចង់បានរបស់ពួកគេគ្រប់រូប៖ «និយាយគេមិនចង់បានម៉េច ឧបមាថា មួយ១០០មានតែ១០នាក់ទេ ៩០នាក់កៅសិប ចង់បានទាំងអស់ទៅហើយទី១សម្រាប់អ្នកមានសក្កធំទេដែលគេមានប្រាក់ខែគេច្រើនគេមិនចងបាន ខ្ញុំកូនចៅអីចង់បានទាំងអស់គ្នាហ្នឹង ចង់បានប្រាក់ខែឡើងទាំងអស់គ្នាអ្នកណាមិនចង់បានដើម្បីចិញ្ចឹមជីវភាពគ្រួសារទាំងអស់គ្នា»។
សារនយោបាយមេដឹកនាំបក្សប្រឆាំង ទៅលើ កងកម្លាំងប្រដាប់អាវុធឲ្យងាកមកគាំទ្រ គណបក្សរបស់ខ្លួន នេះ ថ្វីត្បិតមានការលំបាកបន្តិច ប៉ុន្តែបញ្ហានេះទំនងអាចដាក់សម្ពាធទៅលើគណបក្សប្រជាជនកម្ពុជា ឲ្យមានការប្រុងប្រយ័ត្នគិតគូរពិចារណាដែរ។ អ្នកសម្របសម្រួល សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េង លី ថ្លែងថា កងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័ន ត្រូវគោរពបទបញ្ជារបស់មេបញ្ជាការ ហើយ បើពួកគេមិនគោរពបទបញ្ជាទេ អ្នកទាំងនោះនឹងត្រូវទទួលទណ្ឌកម្មផ្សេងៗ។
លោក ថា ត្រង់ចំណុចនេះហើយជាផលលំបាករបស់កងកម្លាំងប្រដាប់អាវុធ ខុសពីប្រជាពលរដ្ឋ ធម្មតា។ យ៉ាងណា ក៏ដោយសារនយោបាយ របស់មេដឹកនាំគណបក្សប្រឆាំងនេះ អាច ធ្វើកងកម្លាំងប្រដាប់អាវុធពិចារណាច្រើនដែរ៖ «មានបញ្ហាពីរដែលពួកគាត់ត្រូវប្រឈមត្រូវពិចារណាទី១បទបញ្ជារបស់ថ្នាក់ លើ របស់ មេ ដែលត្រូវធ្វើតាមទីពីរបញ្ហាចង់បានប្រាក់ខែ សមរម្យ សម្រាប់ការរស់នៅមិនមានមន្ត្រីរាជការណាចង់រស់នៅក្នុងភាពលំបាកវេទនាឬក៏តោកយ៉ាកទេ យើងកុំនិយាយថា ឲ្យគ្រប់គ្រាន់ វាមិនគ្រប់គ្រាន់ទេ សម្រាប់មនុស្ស ប៉ុន្តែបានសមរម្យ»។
យ៉ាងណាក៏ដោយគេសង្កេតឃើញថា គោលនយោបាយដំឡើងប្រាក់ខែរបស់គណបក្សប្រឆាំងនេះ បានទាញអារម្មណ៍ កងកម្លាំងប្រដាប់អាវុធថ្នាក់ក្រោមដែលមានប្រាក់ខែតិច ឲ្យពិចារណាផងដែរ។ នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅ ត្រូវបានគេអះអាងថា មានមន្ត្រី រាជការស៊ីវិល និង កង កម្លាំងប្រដាប់អាវុធជាច្រើននាក់ ងាកទៅគាំទ្រគណបក្ស សង្គ្រោះជាតិ។ ថ្វីត្បិតលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី២៨កក្កដានោះមានការតវ៉ា ពីគណបក្សប្រឆាំងក៏ដោយ ប៉ុន្តែ ជាក់ស្ដែង គណបក្សប្រជាជនកម្ពុជា មានសំឡេង ថយចុះមកនៅត្រឹម ៦៨ កៅអី រីឯគណបក្សសង្គ្រោះជាតិ កើនឡើងរហូតទៅដល់៥៥កៅអី ក្នុងចំណោមអាសនៈ១២៣ក្នុងរដ្ឋសភា៕
Labels:
ព័ត៌មានជាតិ
Previous Article
