អាជ្ញាធររាជធានី​ភ្នំពេញ​មិន​​អនុញ្ញាត​​ឲ្យ​​អង្គការ​ស​មាគ​ម​៩​ជួបជុំ​ធ្វើ​បាតុកម្ម​នៅ​​ថ្ងៃ​​អាទិត្យ​​ទេ​



 ក្រុមប្រជាពលរដ្ឋធ្វើបាតុកម្មបិទផ្លូវ នៅមុខសាលារាជធានីភ្នំពេញ នា​ពេល​កន្លង​មក
ដោយ លី ម៉េងហួរ
​បន្ទាប់ពី​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣​មករា​រួចមក អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បានសម្រេច មិន​អនុញ្ញាត​ឲ្យ​អង្គការស​មាគ​ម​ចំនួន ៩ ជួបជុំ ធ្វើបាតុកម្ម នៅ​ថ្ងៃ​អាទិត្យ ទី​២៦​មករា នៅ​ទីលាន​ប្រជាធិបតេយ្យ​ឡើយ​។ មូលហេតុ មកពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ សំអាង​លើ​បទបញ្ជា​ដែល​ក្រសួងមហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ ហាមឃាត់ មិន​ឲ្យមាន​ការជួបជុំ​ប្រមូលផ្តុំ​ធ្វើបាតុកម្ម
ដោយសារតែ​សភាពការណ៍​តានតឹង និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។ ប៉ុន្តែ​អង្គការ​សមាគម​ទាំង ៩ ដែល​មាន​សហជីព​កម្ម​ក​រ និង​សមាគម​របស់​លោក​វន​ពៅ​ផង ប្រកាស​រក្សា​ជំហរ និង​ជួបជុំ​គ្នា ធ្វើបាតុកម្ម​ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃអាទិត្យ ទៅ​ទីលាន​ប្រជាធិបតេយ្យ​។​
តាមរយៈ​កិច្ចប្រជុំ​រយៈពេល ២ ម៉ោង រវាង​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ និង​តំណាង​សមាគម​អង្គការ​ចំនួន ៩ នៅ​ព្រឹក​ថ្ងៃទី​២៣​មករា​នេះ គឺ​អាជ្ញាធរ បាន​សម្រេច​ថា មិន​អនុញ្ញាត​ឲ្យ​អង្គការស​មាគ​ម​ទាំង ៩​នោះ ជួបជុំ ធ្វើបាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២៦​មករា​ឡើយ​។

មូលហេតុ ដែល​អាជ្ញាធរ​សម្រេច មិនឲ្យ​មាន​បាតុកម្ម ត្រូវបាន​លោក ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា កន្លងមក យើង​បាន​អនុញ្ញាត​ឲ្យមាន​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ បង្ក​បញ្ហា​ក្នុង​សង្គម រហូតដល់​មាន​មនុស្ស​ស្លាប់ និង​របួស​មួយចំនួន​។ ដូច្នេះ​បានជា​សាលាក្រុង បាន​ជូនដំណឹង​ដល់​សាធារណៈ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ឲ្យ​ផ្អាក​ការជួបជុំ នៅ​ទីតាំង​ណាមួយ ដោយ​រង់ចាំ​សភាពការណ៍​ឲ្យ​វិល​មក​សភាព​ធម្មតា​ឡើងវិញ​។​

​លោក ឡុង ឌី​ម៉ង់ បានបញ្ជាក់​ថា “​ចំពោះ​ការស្នើសុំ​ឲ្យមាន​ការលើ​កលែង​ទោស​ដល់​ជន​អាណាធិបតេយ្យ ដែល​បង្ក​ឲ្យមាន​អំពើហិង្សា ប៉ុន្មាន​នាក់​នោះ មិនមែនជា សមត្ថកិច្ច​របស់​សាលា​រាជធានី​ភ្នំពេញ យើង​ទេ​។ ដូច្នេះ​យើង​ស្នើ​ឲ្យ​សហព័ន្ធ​សហជីព​ទាំង​៩​របស់​គាត់​នឹង បង្វែរ​ពី​ការតវ៉ា មក​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​វិញ​”​។​

​កាលពី​ថ្ងៃ​ទី​២០​មករា អង្គការ​សមាគម​ចំនួន ៩ បាន​សរសេរ​លិខិត​រួមគ្នា ដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជូន​ដំណឹង​អំពី​គម្រោង​បាតុកម្ម​របស់​ពួកគេ​។ លិខិត​លើកឡើងថា បាតុកម្ម​នោះ គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ ដើម្បី​ទាមទារ ឲ្យ​ដោះលែង​សកម្មជន ២៣ នាក់ ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់ឃុំខ្លួន​ក្នុង​ពន្ធនាគារ និង​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​កម្មករ​ចំនួន ១៦០ ដុល្លារ​ក្នុង​មួយខែ​។​

​យ៉ាងណាក៏ដោយ បន្ទាប់ពី​កិច្ចប្រជុំ លោក ស ម៉ូ​រ៉ា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា បានបញ្ជាក់​ថា សហជីព​សមាគម និង​អង្គការ​ទាំង ៩ នៅ​តែ​រក្សា​គម្រោង​ជួបជុំ​មនុស្ស ១​ម៉ឺន​នាក់ ដើម្បី​ធ្វើ​បាតុកម្ម នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៦​មករា នៅ​ទីលាន​ប្រជាធិបតេយ្យ​ដដែល​។

​លោក ស ម៉ូ​រ៉ា បាន​លើកឡើង​ថា “​យើង​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការជួបជុំ​ដដែល ហើយ​យើង​សង្ឃឹមថា ក្រសួងមហាផ្ទៃ តាមរយៈ​ការស្នើ​របស់​សាលា​រាជធានី​ភ្នំពេញ នឹង​អនុញ្ញាត​ឲ្យ​យើង​ជួបជុំ​។ តែ​បើសិនជា មិន​អនុញ្ញាត​ឲ្យ​យើង​ជួបជុំ បានន័យថា សិទ្ធិ​របស់​យើង ក្នុង​ការជួបជុំ សិទ្ធិ​របស់​យើង​ដែលមាន​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​ត្រូវបាន​រំលោភ ហើយ​អាជ្ញាធរ​រដ្ឋ គឺ​អសមត្ថភាព​ក្នុង​ការការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ក្នុង​ការបញ្ចេញមតិ​”​។​

​ជា​ការកត់សម្គាល់ កាលពី​ថ្ងៃអាទិត្យ ទី​១៩​មករា ក្រុម​សមាគម​របស់​លោក​វន​ពៅ បាន​ជួបជុំ បួងសួង​នៅមុខ​ព្រះអង្គ​ដង្កើ មុខ​ព្រះបរមរាជវាំង​។ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​សមត្ថកិច្ច រារាំង បំបែក និង​ចាប់ខ្លួន​តំណាង​ម្នាក់​។ អាជ្ញាធរ​សំអាងថា ការជួប​ជុំនោះ មិន​បាន​ជូនដំណឹង និង​សុំ​ច្បាប់​ពី​អាជ្ញាធរ​។ ចុះ​ពេលនេះ នៅពេល​សមាគម​អង្គការ​ទាំង ៩ បាន​ជូនដំណឹង និង​សុំ​ច្បាប់ ជួបជុំ ធ្វើបាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ បែរជា​អាជ្ញាធរ បដិសេធ និង​មិន​អនុញ្ញាត​ឲ្យ​ជួបជុំ​ដោយ​សន្តិវិធី​ទៅវិញ​?


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors