លោក សម រង្ស៊ី ប្រធានគណបក្សថ្លែងបែបនេះនៅក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃពុធ ទី២២ មករា គឺមួយថ្ងៃមុនពេលលោកចាកចេញពីកម្ពុជា ទៅទ្វីបអឺរ៉ុប ដើម្បីស្វែងការគាំទ្របន្ថែមពីសហគមន៍អន្តរជាតិ ដែលលោកអះអាងថា កំពុងតែដាក់សម្ពាធទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន ហើយនោះ។
លោក សម រង្ស៊ី ថ្លែងដូច្នេះ៖ «មានសម្ពាធអន្តរជាតិយ៉ាងខ្លាំងមកលើរដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃ។ សម្ពាធរបស់គេគឺឲ្យបញ្ឈប់អំពើហិង្សា ហើយវែកមុខអ្នកសម្លាប់កម្មករ ឲ្យដោះលែងអ្នកជាប់ឃុំឃាំង ហើយអ្វីដែលសំខាន់គឺផ្ដល់សិទ្ធិសេរីភាពជូនប្រជារាស្ត្រខ្មែរវិញ សិទ្ធិសេរីភាពដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ពីព្រោះរដ្ឋធម្មនុញ្ញឥឡូវហ្នឹងត្រូវគេព្យួរ ដូចគេជាន់ឈ្លីអ៊ីចឹង គឺគេរំលោភ គេមិនគោរព សិទ្ធិសេរីភាពឲ្យយើងតវ៉ា ឲ្យយើងសម្ដែងមតិ ឲ្យយើងធ្វើបាតុកម្ម។ ឥឡូវនេះសហគមន៍អន្តរជាតិកំពុងតែជល់ជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន អ៊ីចឹងយើងត្រូវតែជំរុញឲ្យសម្ពាធពីអន្តរជាតិកាន់តែខ្លាំងឡើងថែមទៀត...»។
លោក សម រង្ស៊ី ចេញដំណើរទៅទ្វីបអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា នេះ។
ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា សុទ្ធតែបានអះអាងថា ពួកលោកមិនកំសាកក្នុងបេសកកម្មតវ៉ារបស់ពួកគាត់ទេ តែពួកលោកក៏មិនធ្វើឲ្យភ្លើង ដែលលោកអះអាងថា មិនមែនក្រុមលោកអ្នកបង្កាត់នោះឲ្យឆេះរាលដាលកាន់តែធំនោះដែរ។
លោក កឹម សុខា៖ «យើងអត់យកសាំងយកទៅចាក់លើភ្លើងទេ គឺយើងយកទឹកយកទៅពន្លត់ភ្លើង។ នេះគោលការណ៍របស់គណបក្សសង្គ្រោះជាតិ មិនមែនយើងកំសាក មិនមែនញ៉ាក មិនមែនយើងខ្លាច។ បើយើងញ៉ាក យើងកំសាក យើងដេកនៅផ្ទះហើយ មិនមែនចេញមុខដប់ម្ភៃសាមសិបឆ្នាំ រងគ្រោះ ទុក្ខវេទនាម្ល៉ឹងៗទេ ដូច្នេះយើងនៅក្នុងសភាពតស៊ូ គឺតស៊ូដើម្បីរស់ មិនមែនតស៊ូដើម្បីស្លាប់ទេ...»៕
Labels: ព័ត៌មានជាតិ