កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី ៣០មករា ២០១៤ សេតវិមានបានរិះគន់ខ្លាំងៗទៅលើសេរីភាពទទួលបានព័ត៌មាននៅប្រទេសចិន បន្ទាប់ពីអ្នកកាសែតបរទេសម្នាក់ទៀត របស់កាសែតអាមេរិក The New York times ត្រូវបង្ខំចិត្តចាកចេញពីទីក្រុងប៉េកាំង ដោយសារតែមិនបានទទួលការបន្តទិដ្ឋាការ
ពីអាជ្ញាធរចិន។ ទីក្រុងប៉េកាំងបានប្រតិកម្មតបវិញ នៅថ្ងៃសុក្រនេះ ដោយបានទាមទារឲ្យទីក្រុងវ៉ាស៊ីនតោនគោរពការពិត និងប្រយ័ត្នប្រយែងពាក្យសំដី។លោកAustin Ramzy អ្នកយកព័ត៌មានរបស់កាសែត The New York timesប្រចាំទីក្រុងប៉េកាំងបានចាកចេញពីទឹកដីចិន ទៅសំចតនៅទីក្រុងតៃប៉ិ កាលពីយប់ថ្ងៃព្រហស្បតិ៍។ លោកមិនអាចបន្តស្ថិតនៅទីក្រុងប៉េកាំង បន្ទាប់ពីអាជ្ញាធរពន្យារពេលមិនផ្តល់ទិដ្ឋាការថ្មីដល់រូបលោក។ លោក Austin Ramzyជាអ្នកកាសែតទីបីរបស់កាសែត The New York timesដែលបានចាកចេញពីប្រទេសចិន ដោយសារតែការបដិសេធមិនផ្តល់ទិដ្ឋាការពីសំណាក់អាជ្ញាធរចិន។នៅថ្ងៃចាកចេញដោយបង្ខំចិត្តរបស់អ្នកកាសែត សេតវិមាន តាមរយៈអ្នកនាំពាក្យ លោកJohn Carneyបានវាយតម្លៃថា វិធានការរបស់អាជ្ញាធរចិនមិនបានគោរពសិទ្ធសេរីភាពសារព័ត៌មាន ជាពិសេសអ្នកកាសែតបរទេស។ អាមេរិកបានលើកឡើងពីការព្រួយបារម្ភរបស់ខ្លួន ចំពោះករណីអ្នកកាសែតបរទេស ដែលនៅតែទទួលរងសម្ពាធពីអាជ្ញាធរចិន ការរងការធ្វើបាបលើរូបកាយ និងត្រូវហាមឃាត់មិនឲ្យចូលយកព័ត៌មាននៅកន្លែងដែលណា ដែលអាជ្ញាធរចិនចាត់ទុកថា តំបន់រសើបសម្រាប់បក្សកុម្មុយនិស្តចិន។
ទីក្រុងប៉េកាំងវិញ តាមរយៈអ្នកនាំពាក្យរបស់ក្រសួងការបរទេស បានចុះផ្សាយសេចក្តីប្រកាសព័ត៌មានទាត់ចោលការរិះគន់របស់សេតវិមាន។ តាមលោកHong Lei អាជ្ញាធរចិនមិនបានបណ្តេញចេញ អ្នកកាសែតបរទេសទេ។ ក្នុងករណីអ្នកកាសែតរបស់The New York Times អាជ្ញាធរមិនអាចផ្តល់ទិដ្ឋាការ ដោយសារតែលោក Austin Ramzyបានថ្លោះធ្លោយមិនបានប្តូរឈ្មោះក្រុមហ៊ុនដែលលោកធ្លាប់បម្រើការ គឺពី ទស្សនាវដ្តីTimes មកកាសែតThe New York Times។
គួរជម្រាបជូនថា អាជ្ញាធរចិនបានព្យាយាមបិទ រារាំងមិនឲ្យគេអានបានព័ត៌មានចុះផ្សាយដោយទស្សនាវដ្តីTimes និងBloomberg នៅក្នុងប្រទេសចិន។ ប្រព័ន្ធផ្សព្វផ្សាយទាំងពីររបស់អាមេរិកធ្លាប់បានចុះផ្សាយការស៊ើបអង្កេតស៊ីជម្រៅ ដែលបង្ហាញពីអាជីវកម្ម និងទ្រព្យសម្បត្តិស្តុកស្តម្ភរបស់ក្រុមគ្រួសាររបស់អតីតនាយករដ្ឋមន្រ្តីចិន លោកវេន ជាប៉ាវ និងគ្រួសាររបស់លោកប្រធានាធិបតីចិន បច្ចុប្បន្នលោក ស៊ី ជីនពីង៕