Pages

Friday, January 31, 2014

សមាជិក​សភា​អឺរ៉ុប​ម្នាក់ស្នើ​ឱ្យ​មាន​អន្តរាគមន៍​ពី​អឺរ៉ុប ក្រោយ​អង្កេត​ឃើញ​មាន​ការរំលោភ​សិទ្ធិ​មនុស្ស និង​សំណង​មិន​សមរម្យ

លោក Patrice Triolien សមាជិកសភាអឺរ៉ុប
ដោយ ស៊ុន មេសា
សមាជិក​សភា​អឺរ៉ុប​ម្នាក់ លោក Patrice Triolien​ ដែល​​បំពេញ​​ទស្សនកិច្ច​​នៅ​​កម្ពុជា ​ជា​លក្ខណៈ​ឯកជន​បាន​អះអាង​ថា មាន​ការរំលោភ​សិទ្ធិ​មនុស្ស និង​ផ្តល់​សំណង​មិន​សមរម្យ​ទៅ​ឱ្យ​ពលរដ្ឋ នៅ​ក្នុង​អាជីវកម្ម​ស្ករ​អំពៅ​ របស់​លោក ឧកញ៉ា លី យ៉ុងផាត់។ ​ការអះអាង​យ៉ាង​ដូច​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​លោក​បំពេញ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ ​ទៅ​កាន់​តំបន់​ដាំ​អំពៅ​នៅ​ក្នុង​ខេត្ត​ចំនួន​៣ គឺ​ឧត្តរ​មានជ័យ កោះកុង និង​កំពង់ស្ពឺ។ សមាជិក​សភា​រូបនេះ បាន​សន្យា​នឹង​ជំរុញ​ឱ្យ​អឺរ៉ុប​ស៊ើប​អង្កេត​ឱ្យ​ជាក់លាក់ និង​ជំរុញ​ឱ្យ​មាន​អន្តរាគមន៍។
លោក Patrice Triolien សមាជិកសភា​អឺរ៉ុប និង​ជា​សមាជិក​គណបក្ស​សង្គម​និយម​បារាំង បាន​អះអាងថា​ ខ្លួន​បាន​រកឃើញ​ការរំលោភ​សិទ្ធិមនុស្ស និង​ការផ្តល់​សំណង​មិន​សមរម្យ​ដល់​ពលរដ្ឋ ក្នុង​អាជីវកម្ម​ស្ករ​អំពៅ​របស់​ក្រុមហ៊ុន​លោក ​ឧក​ញា​លី​យ៉ុង ផាត់ សេដ្ឋី​ខ្មែរ។ ក្នុង​សន្និសីទ​សារព័ត៌មាន បញ្ចប់​ទស្សនៈ​ជា​លក្ខណៈ​ឯកជន នៅ​ថ្ងៃ​សុក្រ​ទី៣១ មករា​នេះ នៅក្នុង​ក្លឹប​អ្នកកាសែត​អន្តរជាតិ លោក Patrice Triolien បាន​បញ្ជាក់ថា អាជីវកម្ម​ស្ករអំពៅ​របស់​ក្រុមហ៊ុន​លោក ឧកញ៉ា លី​យ៉ុង​ផាត់ បាន​ប្រើប្រាស់​កំលាំង​ពលកម្ម​កុមារ និង​ការ​រឹបអូស​ដី​ពលរដ្ឋ​យ៉ាងពិត​ប្រក​ដ។ លោក Patrice Triolien បាន​ចំណាយពេល៣ថ្ងៃ​ទៅកាន់​តំបន់​អាជីវកម្ម​ស្ករអំពៅ នៅក្នុង​ខេត្ត​ចំនួន​បី​ គឺ​ខេត្តកំពង់ស្ពឺ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តកោះកុង កាលពីដើម​សប្តាហ៍​នេះ។

សូម​រំលឹកថា ការបំពេញ​ទស្សនកិច្ច​​របស់​សមាជិកសភា​អឺរ៉ុប​ម្នាក់នេះ គឺ​ក្រោយ​មាន​សេចក្តី​ថ្លែងការណ៍​​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ក្រោម​យុទ្ធនាការ​ “ស្ករ​ប្រឡាក់​ឈាម” បាន​ដាក់ជូន​ប្រទេស​អឺរ៉ុប​ ដើម្បី​ជួយ​អន្តរាគមន៍​លើ​បញ្ហា​បណ្តេញចេញ​ពលរដ្ឋ​ ដើម្បី​យក​ដី​ធ្វើ​អាជីវកម្មនេះ។ សហគមន​ន៍​អឺរ៉ុប​គឺជា​ក្រុម​ប្រទេស​ដែល​បានអនុញ្ញាត​ឱ្យ​កម្ពុជា​នាំចូល​ផលិតផល​ដោយ​មិន​គិត​ពន្ធ រួមទាំង​ផលិត​ផល​ស្ករអំពៅ​របស់​ក្រុមហ៊ុន លោក ឧកញ៉ា​លី​យ៉ុង​ផាត់​ដែល​បាន​នាំ​ស្ករ​ចូល​តាំងពី​ឆ្នាំ២០១០មក។

ក្នុង​សន្និសីទ​សារព័ត៌មាន​ដែលមាន​ការចូលរួម​ថ្លែង​ពី​ផលប៉ះពាល់​ពី​តំណាង​អ្នករងគ្រោះ​ដោយ​អាជីវកម្ម​ស្ករអំពៅ​នេះ លោក សមាជិកសភា​អឺរ៉ុប​នេះ បាន​ប្រាប់​ទៅកាន់​អ្នកចូលរួម​ប្រមាណ​ជា៥០នាក់​ថា លោក​នឹង​រាយការណ៍​ជូន​សភា​អឺរ៉ុប​ ដើម្បី​ជំរុញឱ្យមាន​អន្តរាគមន៍​ជា​លក្ខណៈ​ផ្លូវការ​មកកាន់​រដ្ឋាភិបាល​កម្ពុ​ជា។ លោក បញ្ជាក់ថា ដោយសារតែ​អឺរ៉ុប​ជា​អ្នកផ្តល់​ទីផ្សារ​ដល់​ផលិតផល​ស្ករអំពៅ​របស់​កម្ពុជា ដូចនេះ សហគមន៍​អឺរ៉ុប​នឹង​អាច​បង្ខំ​ឱ្យ​កម្ពុជា​ដោះស្រាយ​ការប៉ះពាល់​នេះ។

រហូតមកដល់​ពេលនេះ​វិទ្យុ​បារាំង​មិនអាច​ទាក់ទង លោក​ឧកញ៉ា លី​យ៉ុង​ផាត់ ឱ្យ​បកស្រាយ​ពី​បញ្ហា​​ចោទប្រកាន់​នេះនោះ​ទេ។ យ៉ាងណាក៏ដោយ សមាជិកសភា​អឺរ៉ុប លោក Patirce Triolen ដែល​បាន​អះ​អា​ង​ថា ​បាន​ជួបពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន​លី​យ៉ុង​ផាត់​នោះបាន​ប្រាប់​ទៅកាន់​អ្នកចូលរួម​ថា ក្រុមហ៊ុន​ស្ករអំពៅ​មិន​ទទួលខុសត្រូវ​លើ​ការទាមទារ​របស់​ពល​រដ្ឋ​នោះទេ ព្រោះ​ក្រុមហ៊ុន​ទទួលបាន​ដី​សម្បទាន​ដី​ពី​រដ្ឋាភិបាល​កម្ពុជា។ ហើយ​អះអាងថា ក្រុមហ៊ុន បាន​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ដែល​នៅ​ជុំវិញ​នោះ​ទៀតផង៕