កាសែតជប៉ុន៖ ចិន​កំពុង​ត្រៀម​បង្កើត​តំបន់​ការពារ​ហោះហើរ​មួយ​ទៀត នៅ​សមុទ្រចិ​ន​ខាង​ត្បូង



នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ចិន​ចូល​កំពង់ផែ​បន្ទាប់ពី​ចូលរួម​ក្នុង​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង
ដោយ ឈាង បុប្ផា
ទីក្រុង​ប៉េកាំង​កំពុង​ពិចារណា​​ប្រកាស​តំបន់​ការពារ​នៅលើ​សមុទ្រ​ចិន​ខាងត្បូង។ នេះ​បើតាម​ការចុះផ្សាយ របស់​កាសែត​ជប៉ុន Asahi នៅថ្ងៃ​សុក្រ​ទី ៣១​មករានេះ។ ផែនការ​របស់​ប្រទេស​ចិន​អាច​នឹង​បង្ក​ឲ្យ​មាន​ប្រឆាំង​ពី​ប្រទេស​ដែល​កំពុង​ជាប់ជម្លោះ​ដែនកោះ​ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង ដូចជា​ហ្វីលីពីន វៀតណាម​ជាដើម។
សារព័ត៌មាន​ជប៉ុន​បាន​ចុះផ្សាយ​បង្ហាញ​ មហិច្ឆតា​របស់​ចិន ក្នុង​ការបង្កើត​តំបន់​ការពារ​ដែន​អាកាស មួយទៀត គ្រប​ពី​លើ​សមុទ្រ​ចិនខាងត្បូង  បន្ទាប់​ពី​ទីក្រុង​ប៉េកាំង​ទើប​បាន​បង្កើត​តំបន់​ការពារ​ដែនអាកាស នៅសមុទ្រ​ចិន​ខាងកើត។ កាលពី​ខែ​វិច្ឆិកា​កន្លងទៅ ការប្រកាស​បង្កើត​តំបន់​ការពារ​ដែន​អាកាស​ថ្មី​របស់​ចិន បន្ថែម​ទៅលើ​ដែន​អាកាស​ជាតិ​របស់ខ្លួន និង​ដែល​បាន​គ្រប​សង្កត់​ពីលើ​ដែន​អាកាស​របស់​ជប៉ុន បាន​បង្ក​ឲ្យ​មាន​ការខឹង​សម្បារ​ពី សំណាក់​ទីក្រុង​តូក្បួ និង​ការប្រឆាំង​ដាច់ខាត​ពី​អាមេរិក និង​កូរ៉េខាងត្បូង។


បន្ទាប់ពី ជប៉ុន ប្រទេស​ចិន​លើកនេះ ទំនង​ជា​នឹង​អាច​បង្ក​ការប្រឆាំង​ពី​សំណាក់​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ដែល​កំពុង​មាន​ជម្លោះ​ដណ្តើម​ដីកោះ​ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ភាគខាងត្បូង។ យោង​តាម​ការចុះផ្សាយ​របស់​កាសែត​ឯករាជ្យ​ជប៉ុន Asahi មន្រ្តី​ទ័ព​ជើង​អាកាស​របស់​ចិន កំពុង​ត្រៀម​ស្នើ​តំបន់​ការពារ​ដែន​អាកាស​ថ្មី នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ឲ្យ​ពិតប្រាកដ​ទៅ​នឹង​គ្រប​ជាពិសេស ទៅលើ​ប្រជុំ​កោះ ប៉ារ៉ាស៊ែល​ដែល​រហូត​មក​ដល់​ពេលនេះ ចិន​កំពុង​ឈ្លោះ​ទាមទារ​ជាមួយ​ប្រទេស​វៀតណាម។ តាម​កាសែត​ជប៉ុន​ដដែល សំណើ​បង្កើត​តំបន់​ការពារ​ដែន​អាកាស​ថ្មី នៅលើ​សមុទ្រ​ចិន​ខាងត្បូង ត្រូវ​បាន​បញ្ជូន​ទៅ​ថ្នាក់​ដឹកនាំ​ការពារ​ជាតិ​របស់​ចិន​រួចហើយ កាលពី​ខែ​មិថុនា​កន្លងទៅ ពោល​គឺ​នៅមុន​ពេល​ដែល​ចិន​បាន​ប្រកាស​បង្កើត​តំបន់​ការពារ​ដែន​អាកាស​នៅ​សមុទ្រ​ចិន​ខាងកើត​ទៅទៀត។

សូមបញ្ជាក់ថា រហូតមក ចិន​បាន​ជាប់ជម្លោះ​ដណ្តើម​ដីកោះ ជាមួយ​ប្រទេស​អាស៊ី​ជិតខាង ដោយសារ​តែ​ចិន​បាន​ប្រកាស​ធ្វើ​ជាម្ចាស់​គ្រប់គ្រង​សមុទ្រ​ចិន​ខាងត្បូង​តែម្នាក់ឯង។ កាលពី​ខែ​វិច្ឆិកា​កន្លងទៅ អាជ្ញាធរ​នៅ​កោះ​ហៃណាន បាន​ចេញ​ច្បាប់​ថ្មី ដោយ​កម្រិត​បញ្ជា​ឲ្យ​ទូក​បរទេស​ទាំង​អស់​ត្រូវ​សុំ​ការអនុញ្ញាតិ​ដើម្បី​ចូល​ក្នុង​ដែនទឹក​ដែល​ចិន​ទាមទារ​ធ្វើ​ជាម្ចាស់។ មួយខែ​ក្រោយមក គឺ​នៅ​ខែ​ធ្នូ ប្រមុខការបរទេស​អាមេរិក​លោកចន ឃែរី​បាន​ប្រកាស​ប្រឆាំង​រាល់​ការបង្កើត​តំបន់​ការពារ​ដែនអាកាស​ថ្មី​របស់​ទីក្រុង​ប៉េកាំង ​នៅលើ​សមុទ្រ​ចិន ដែល​តាមពិត​ទៅ​ជា​ផ្លូវ​ចរាចរណ៍​ទំនិញ​នៅក្នុង​តំបន់ និង​ក្នុង​ពាណិជ្ជកម្ម​ពិភពលោក៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors