អាជ្ញាធរ​បំបែក​បាតុករ​​លោក ម៉ម សូណង់ដូ របួស​យ៉ាង​តិច​​​៧​នាក់



 បាតុកម្ម សូណង់ដូ ៦១០
អាជ្ញាធរ​វាយ​បង្ក្រាប​បាតុករ​ដែល​ដឹកនាំ​ដោយ​លោក ម៉ម សូណង់ដូ បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ ៧​នាក់​រង​របួស។ ការ​បង្ក្រាប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​​​២៧ ខែ​មករា ដង្ហែ​ក្បួន​ទម្លុះ​ការ​រារាំង​របស់​សមត្ថកិច្ច​ពី​ស្ពាន​នាគ​ខាង​ត្បូង​វត្ត​ភ្នំ ទៅ​មុខ​ក្រសួង​ព័ត៌មាន ដើម្បី​ទាមទារ​ក្រសួង​មួយ​នេះ ផ្ដល់​អាជ្ញាប័ណ្ណ​ទូរទស្សន៍​ឯករាជ្យ និង​ទាមទារ​ពង្រីក​ការ​ផ្សាយ​បន្ត​របស់​វិទ្យុ​សំបុកឃ្មុំ។កម្លាំង​
កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រមាណ​ជាង ៥០០​នាក់ អម​ទៅ​ដោយ​កម្លាំង​នគរបាល​បង្ក្រាប​បាតុកម្ម​រាប់​សិប​នាក់ រួម​នឹង​កម្លាំង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ជា​ច្រើន​ទៀត ត្រូវ​បាន​បញ្ជា​ឲ្យ​ចូល​វាយ​សំពង​បង្ក្រាប​ក្រុម​​បាតុករ​ដែល​ដឹក​នាំ​ដោយ​លោក ម៉ម សូណង់ដូ នៅ​ខាង​មុខ​ក្រសួង​ព័ត៌មាន។
មុន​នឹង​ចូល​បំបែក​ក្រុម​អាជ្ញាធរ​ដែល​ដឹកនាំ​ដោយ​មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ លោក រ័ត្ន ស្រ៊ាង បាន​ប្រកាស​តាម​ឧគ្ឃោសនស័ព្ទ​ឲ្យ​ពលរដ្ឋ​និង​បាតុករ​ទាំង​អស់​ចេញ​ពី​មុខ​ក្រសួង​ព័ត៌មាន ដើម្បី​បើក​ចរាចរណ៍​ឡើង​វិញ។ សមត្ថកិច្ច​ទាំង​នោះ​ទុក​ពេល ៥​នាទី ដើម្បី​ធ្វើការ​ចាកចេញ។

បន្ទាប់​ពី​បង្ក្រាប​រួច មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ៧​នាក់​បាន​រង​របួស ហើយ​មនុស្ស​ម្នាក់​ត្រូវ​បាន​កម្លាំង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ចាប់​ខ្លួន។ បាតុករ​ខ្លះ​ត្រូវ​ដំបង​បែក​ក្បាល អ្នក​ខ្លះ​ត្រូវ​សមត្ថកិច្ច​ទាត់​ធាក់ និង​អ្នក​ខ្លះ​ទៀត​ត្រូវ​ប្រកាច់​ដួល​ផ្ងារ​ជើង ដោយសារ​កម្លាំង​នៃ​ការ​បាញ់​គ្រាប់បែក​ផ្សែង​ជា​ច្រើន​គ្រាប់។ បុរស​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​អ្នក​រត់​ម៉ូតូ​ឌុប ក៏​ត្រូវ​បាន​កម្លាំង​សន្តិសុខ​វាយ​ចំ​ក្បាល​រង​របួស​បែក​ឈាម​ស្រោច​ខ្លួន​ដែរ។

កំពុង​អង្គុយ​ឱប​ក្បាល​ដែល​មាន​ឈាម​ហូរ​ច្រាល​តាម​ប្រឡោះ​ម្រាមដៃ និង​មាន​ស្នាម​របួស​រយះ​ក្បាល​ប្រវែង​ប្រមាណ​បី​ថ្នាំង​ដៃ​ផង​នោះ អ្នក​របួស​ម្នាក់​និយាយ​ទាំង​ញ័រៗ គាត់​មិន​មាន​ខុស​អ្វី​ទេ តែ​ក្រុម​សន្តិសុខ​សម្រុក​វាយ​ក្បាល​គាត់​តែម្ដង៖ «មិន​ដឹង​យ៉ាង​ម៉េច​បាន​មក​វ៉ៃ​ខ្ញុំ​អ៊ីចឹង...។ មិន​ដឹង​យក​ស្អី​វ៉ៃ វា​ច្រើន​ណាស់។ ឥឡូវ​ខ្ញុំ​បែក​ក្បាល​ហូរ​ឈាម​ច្រើន​ណាស់ៗ»។

ទោះ​ជា​បែប​ណា​ក្ដី មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក រ័ត្ន ស្រ៊ាង បាន​បញ្ជាក់​ដោយ​ខ្លី​ថា នេះ​ជា​ការងារ​របស់​សមត្ថកិច្ច​ក្នុង​ការ​បើក​ចរាចរណ៍​ឡើង​វិញ។

មន្ត្រី​អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​អនុវត្ត​តាម​តួនាទី​របស់​ខ្លួន​ក្នុង​ការ​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ៖ «ខាង​អាជ្ញាធរ​រាជធានី​បាន​ហាម​គាត់​មិន​ឲ្យ​ហែ​ក្បួន ឬ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​សណ្ដាប់ធ្នាប់​និង​សន្តិសុខ... ប៉ុន្តែ​គាត់​អាច​មាន​សិទ្ធិ​បញ្ចេញ​មតិ ដោយ​ដាក់​ញត្តិ ឬ​បញ្ជូន​ញត្តិ​ទៅ​អាជ្ញាធរ»។

ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​នេះ លោក ម៉ម សូណង់ដូ មាន​ប្រសាសន៍​ថា លោក​ដឹកនាំ​ការ​ទាមទារ​បើក​វិទ្យុ​ដើម្បី​ផ្ដល់​ចំណេះ​ដឹង និង​ការ​អប់រំ​ជូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ហើយ​មិន​មាន​បំណង​ប្រើ​ហិង្សា​ណា​មួយ​ទេ៖ «ប្រជាពលរដ្ឋ​ស្វែង​យល់ ចង់​មាន​ការ​ចេះ​ដឹង ចង់​ស្ដាប់​វិទ្យុ​សំបុក​ឃ្មុំ ដែល​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ឮ​វិទ្យុ​សំបុក​ឃ្មុំ។ អា​ហ្នឹង​វា​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ស្រប​ទៅ​នឹង​គោលការណ៍​របស់​រាជ​រដ្ឋាភិបាល»។

កាល​ពី​ដើម​ខែ​មករា ក្រសួង​ព័ត៌មាន បាន​ប្រាប់​លោក ម៉ម សូណង់ដូ ថា ក្រសួង​មិន​មាន​រលក​អាកាស​ផ្សាយ (ហ្វ្រេកង់ស៍) សម្រាប់​ផ្ដល់​ជូន​វិទ្យុ​សំបុក​ឃ្មុំ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៤។

ក្រៅ​ពី​ការ​វាយ​បង្ក្រាប​ទៅ​លើ​បាតុករ​និង​ពលរដ្ឋ ក្រុម​សមត្ថកិច្ច​ក៏​បាន​ប្រមូល​ម៉ូតូ និង​រ៉ឺម៉ក​កង់​បី​មួយ​ចំនួន​យក​ទៅ​ទុក​ក្នុង​សាលាក្រុង ដោយសារ​តែ​ម្ចាស់​យានយន្ត​ទាំង​នេះ​បាន​ភិតភ័យ ហើយ​រត់​ចោល​ក្នុង​ពេល​ប៉ូលិស និង​ប៉េអឹម​បំបែក​បាតុករ។

សង្គម​ស៊ីវិល​ចាត់​ទុក​ថា ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​អ្នក​តវ៉ា​ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា អំពើ​ហិង្សា​ក៏​បាន​ផ្ទុះ​ម្ដង​រួច​ហើយ​ក្នុង​ពេល​ក្រុម​កម្មករ​និង​សហជីព បាន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​មនុស្ស​ចំនួន ២៣​នាក់ ដែល​កំពុង​តែ​ជាប់​ពន្ធនាគារ។

សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​ជូន​ដំណឹង​ទៅ​កាន់​លោក ម៉ម សូណង់ដូ ថា អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​លោក​ដឹកនាំ​ធ្វើ​បាតុកម្ម​ឡើយ ដោយ​រង់ចាំ​ឲ្យ​សភាពការណ៍​ស្ងប់ស្ងាត់​សិន និង​ព្រមាន​ថា អ្នក​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors