ក្រុមហ៊ុនមេ​ឈ្មួញ ទ្រី ភាព ឈូសឆាយ​បំផ្លាញ​ព្រៃ​សហគមន៍​នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ​



Try pheab with soy sopheab 11
មេ​ឈ្មួញ ទ្រី ភាព ដែល​ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើ​ឱ្យ​រលត់រលាយ​ដោយ​អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​កំពុង​បន្តសកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​និង​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ក្នុង​ខេត្តព្រះវិហារ​យ៉ាង​ពេញបន្ទុក​។ ប្រភពពី​ពលរដ្ឋ​នៅ​ភូមិ​អូរ​ពោធិ៍ ឃុំ​រមណី ស្រុក​រវៀង បាន​
ចោទប្រកាន់​ក្រុមហ៊ុន​ទ្រី​ភាព ពីបទ​ធ្វើ​សកម្មភាព​ឈូសឆាយ​ពង្រីក​ដី​សម្បទាន​សេដ្ឋកិច្ច​ប៉ះពាល់​ដល់​ព្រៃ​សហគមន៍​នៅជាប់​ព្រំប្រទល់​គ្នា​យ៉ាង​កំរោល​។ ពលរដ្ឋ​បាន​អះអាងថា​បើទោះបីជា​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ទ្រី ភាព ឈូសឆាយ​បំពាន​ចូលមកក្នុង​ដីព្រៃ​សហគមន៍​យ៉ាង​គឃ្លើន​ក៏ដោយ ក៏​អាជ្ញាធរ​ឃុំ​រមណី និង​អាជ្ញាធរ​ស្រុក​រវៀង មិនបាន​យកចិត្ត​ទុក​ដោះស្រាយ​អំពី​កង្វល់​និង​សេចក្តី​ព្រួយបារម្ភ​របស់​អ្នកភូមិ​ដែលជា​អ្នកការពារ​ព្រៃឈើ​ទេ​។

​តំណាង​សហគមន៍​ព្រៃឈើ​បឹង​ទន្លេ​ម្រេច នៅ​ភូមិ​អូរ​ពោធិ៍ ជាច្រើនរូប​បានធ្វើ​ដំណើរ​ទៅកាន់​ទី​រួម​ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ចន្ទ ទី​២០ ខែមករា ឆ្នាំ​២០១៤ ដើម្បី​ដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុន​ទ្រី​ភាព ទៅ​​តុលាការ​ពីបទ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ព្រៃ​សហគមន៍​ជាច្រើន​ហិកតា​។ ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តព្រះវិហារ​កំពុង​ជួយ​ជ្រោមជ្រែង​ដល់​សហគមន៍​ការពារ​ព្រៃឈើ​ដើម្បី​តតាំង​តាមផ្លូវ​ច្បាប់​ជាមួយ​ក្រុមហ៊ុន​ទ្រី​ភាព នៅក្នុង​តុលាការ​ព្រោះ​ក្រុមហ៊ុន​នេះ​កំពុង​បំពាន​លើ​ព្រៃ​សហគមន៍​យ៉ាងធ្ងន់ធ្ងរ​។ តំណាង​សហគមន៍​បាន​សហការ​ជាមួយ​ក្រុមមន្ត្រី​សមា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដើម្បី​រៀបចំ​ពាក្យបណ្តឹង​ដាក់ចូល​តុលា​ការប្តឹង​ក្រុមហ៊ុន​ទ្រី​ភាព ពីបទ​ព្យាយាម​ដណ្តើម​កាន់កាប់​ដីព្រៃ​សហគមន៍​ប្រមាណ​១៥​ហិកតា​។ តំណាង​សហគ​មន៍​ព្រៃឈើ​លោក ហួន គា​ណូ បាន​បញ្ជាក់ថា​ក្រុមហ៊ុន​ទ្រី​ភាព​បំផ្លាញ​ព្រៃ​សហគមន៍​ធ្វើឱ្យ​ខូចខាត​អស់យ៉ាង​ច្រើន គឺ​គេ​ឈូសឆាយ ហើយ​ធ្វើ​បង្គោលរបង ទោះបី​ប្រជាពលរដ្ឋ​ព្យាយាម​ហាមឃាត់​យ៉ាងណាក៏ដោយ​។​

​ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​ប្រធានស្តីទី​ក្រុមប្រឹក្សាឃុំ​រមណី លោក សូរ សៀ បាន​ទទួល​ស្គាល់​ថា​កន្ល​ង​ទៅ​ក្រុមហ៊ុន​ទ្រី​ភាព​ពិតជា​បាន​ឈូសឆាយ​ប៉ះពាល់​ដីព្រៃ​សហគមន៍​ខ្លះ​មែនហើយ​អាជ្ញាធរ​ឃុំ ក៏បាន​ធ្វើការ​សម្របសម្រួល ក៏ប៉ុន្តែ​មិនបាន​ដឹងថា​ប្រជា​សហគមន៍​ប្តឹង​រឿង​នោះ​ទៅ​តុលាការ​ទេ​។ ចំណែក​ប្រជា​សហគមន៍​បានឱ្យដឹងថា​ដោយសារតែ​ពួកគាត់​គ្មាន​ជំនឿ​លើ​ដំណោះស្រាយ​របស់​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក ដែល​ខ្លាច​អំណាច​របស់​មេ​ឈ្មួញ​ទ្រី​ភាព ទើប​ពួកគាត់​សម្រេច​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​តាមផ្លូវ​ច្បាប់​។ ដោយហេតុ​ថាបើ​ពឹង​ផ្អែកទៅលើ​ដំណោះស្រាយ​របស់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​មិនអាច​ទៅរួច​ទេ ព្រោះ​អាជ្ញាធរ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​ទ្រី​ភាព​យ៉ាង​ក្រអឺតក្រទម​។

​ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា កន្លងមក​ក្រុមហ៊ុន​ទ្រី​ភាព បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​រំលោភ​លើដី​ព្រៃ​សហគមន៍​ជាច្រើន​ហិកតា ហើយ​នៅពេល​ប្រជា​សហគមន៍​នាំគ្នា​តវ៉ា​គេ​បែរជា​ប្តឹងទៅ​តុលាការ​ចោទប្រកាន់​ពល​រដ្ឋ​ពីបទ​រារាំង​កិច្ចការ​សាធារណៈ​ទៅវិញ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៤ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ បានចេញ​ដីកា​កោះហៅ​តំណាង​អ្នកភូមិ​អូរ​ពោធិ៍ ១០​នាក់​ទៅ​សាកសួរ​ជុំវិញ​ករណី​រារាំង​កិច្ចការ​សាធារណៈ​ដោយសារតែ​អ្នកភូមិ​បាន​តវ៉ា​ជុំវិញ​រឿង​ដីធ្លី​នេះ​។ ប្រការ​នេះហើយ​ដែល​ធ្វើឱ្យ​តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​រមណី ត្រូវ​ស្វះ​ស្វែងរក​អន្តរាគមន៍​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដើម្បី​ប្តឹង​ក្រុមហ៊ុន​ទ្រី​ភាព​ទៅ​តុលាការ​ពីបទ​បំផ្លាញ​ព្រៃ​សហគមន៍​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តព្រះវិហារ​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​បាន​ឱ្យដឹងថា​ពួកគេ​បាន​ចុះទៅពិនិត្យ​តំបន់​ដែល​ក្រុមហ៊ុន​ទ្រី​ភាព បំផ្លាញ​ព្រៃ​សហគមន៍ ហើយ​រកឃើញថា​ក្រុមហ៊ុន​នោះ​ពិតជា​បាន​ឈូសឆាយ​ធ្វើឱ្យប៉ះពាល់​ដីព្រៃ​សហគមន៍​ជាច្រើន​ហិកតា​។ ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បានលើកឡើង​ទៀតថា ពួកគេ​កំពុង​ជួយ​ដល់​តំណាង​សហគមន៍​ក្នុងការ​ដាក់ពាក្យ​បណ្តឹង​ប្រឆាំង​ក្រុមហ៊ុន​ទ្រី​ភាព​ដែល​បំផ្លាញ​ព្រៃ​សហគមន៍​ប្រមាណ​១៥​ហិកតា ព្រោះ​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក​មិន​យកចិត្តទុកដាក់​ជួយ​ដល់​តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ឡើយ​។ មិនតែប៉ុណ្ណោះ​អាជ្ញាធរ​ឃុំ​និង​អាជ្ញាធរ​ស្រុក​ចេះតែ​រក​លេស​ដោះសា​យករួចខ្លួន​ដោយសារ​ខ្លាច​អំណាច​របស់​មេ​ឈ្មួញ ទ្រី ភាព ដែលមាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ចាញ់ឆ្នោត​។ សូម្បីតែ​លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ ក៏​មិនដែល​ហ៊ាន​ក្អក​ជាមួយ​មេ​ឈ្មួញ​ទ្រី ភាព ដែរ បើទោះបី​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ​រូបនេះ​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​ក៏ដោយ​។​

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​រមណី និង​នៅតាម​បណ្តា​ស្រុក​មួយចំនួនទៀត​បាន​រិះគន់ថា​មេ​ឈ្មួញ ទ្រី ភាព មិន​ត្រឹមតែ​ប្រើ​អំណាច​រំលោភបំពាន​យក​ដីព្រៃ​សហគមន៍​តាមតែ​អំពើ​ចិត្ត​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ធ្វើ​អា ជីវ​កម្ម​ខុសច្បាប់​យ៉ាង​អនា​ធិបតេយ្យ​មិន​ដែលមាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា មេ​ឈ្មួញ​ទ្រី ភាព មាន​សិទ្ធិអំណាច​ខ្លាំងណាស់​ក្នុងការ​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្ត​ព្រះ​វិ​ហារ​យ៉ាង​ពេញបន្ទុក ហើយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនដែល​ហ៊ាន​ក្អក​ជាមួយ​មេ​ឈ្មួញ​រូបនេះ​ទេ ព្រោះ​គេ​ដឹងថា​មេ​ឈ្មួញ​ទ្រី ភាព មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នកកាន់អំណាច​បច្ចុប្បន្ន​៕​
ប្រភព៖មនសិការខ្មែរ


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors