ស្រវឹង។មានមន្ត្រីជំនាញនៃស្ថាប័នជាតិ និងអន្តរជាតិ ធ្វើការពាក់ព័ន្ធសុខភាព សុខុមាលភាព និងសុវត្ថិភាពសង្គម ប្រមាណ ១០០នាក់ បានជួបពិគ្រោះផ្លាស់ប្ដូរយោបល់គ្នា ដើម្បីរៀបចំយន្តការមួយឆ្ពោះទៅរកការបង្កើតគោលនយោបាយជាតិ សម្រាប់គ្រប់គ្រងគ្រឿងស្រវឹង ជាពិសេស ស្រានៅកម្ពុជា។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ រៀបចំដោយព្រឹទ្ធសភា សហការជាមួយមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ភី.ឌី.ភី (PDP) នៅព្រឹកថ្ងៃទី២៧ មករា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា និងអធិការកិច្ច អ្នកស្រី ម៉ែន សំអន មានប្រសាសន៍បញ្ជាក់ថា ទន្ទឹមគ្នានឹងភាពជោគជ័យនៃផលិតផលគ្រឿងស្រវឹង ដែលមានតម្លៃសម្រាប់សេដ្ឋកិច្ចជាតិ គ្រឿងស្រវឹងក៏មានផលប៉ះពាល់អវិជ្ជមាន ដែលប្រឈមមួយក្នុងវិស័យសង្គមកិច្ច និងសុខភាពសាធារណៈ។ ក្នុងពេលដែលអ្នកពាក់ព័ន្ធកំពុងរកយន្តការ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់គ្រឿងស្រវឹងនេះ អ្នកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ស្នើសុំឱ្យពិចារណាលើកត្តាគន្លឹះចំនួន៥ ដែលមានជាអាទិ៍ គឺការដំឡើងពន្ធលើគ្រឿងស្រវឹង ក៏ប៉ុន្តែ ត្រូវថ្លឹងថ្លែងឱ្យសមស្របរវាងសេដ្ឋកិច្ច និងសុខភាពពលរដ្ឋ។
«សំឡេង»
ក្នុងសេចក្ដីព្រាងលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នេះ មានបញ្ហាជាច្រើនត្រូវបានកំណត់ថា ផលប៉ះពាល់ ឬផលវិបាកពីការប្រើប្រាស់គ្រឿងស្រវឹង ដូចជា បញ្ហាសុខភាពចំនួន ២០០មុខ រួមមានជំងឺថ្លើម មហារីកបំពង់អាហារ ក្រិនថ្លើម លើសសម្ពាធឈាម។ល។ ក្រៅពីនេះទៀត ផលប៉ះពាល់ពីការប្រើប្រាស់គ្រឿងស្រវឹង គឺមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ និងភាពឥតសណ្ដាប់ធ្នាប់សង្គម។
តំណាងអង្គការសុខភាពពិភពលោក (WHO) លោក ស្ទីវិន អ៊ីដឌីង (Steven Iddings) ឱ្យដឹងថា ផលវិបាកពីការប្រើប្រាស់គ្រឿងស្រវឹង ហើយបើកបរ គឺជាកត្តាទីពីរដែលបង្កគ្រោះថ្នាក់ចរាចរណ៍។ នៅទូទាំងពិភពលោក បានបណ្ដាលឱ្យមនុស្សស្លាប់ ២លាន ៥នាក់ក្នុងមួយឆ្នាំៗ។ ក្នុងចំនួនអ្នកស្លាប់នេះ គឺយុវជនអាយុចន្លោះពី ១៥ ទៅ ២៩ឆ្នាំ។
តួលេខអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជា ១៤% បណ្ដាលមកពីការទទួលទានគ្រឿងស្រវឹង និងធ្វើឱ្យខាតបង់ថវិកាប្រមាណ ៤០លានដុល្លារ នៅឆ្នាំ២០១២។
មន្ត្រីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន មួយរូប ថ្លែងកិច្ចប្រជុំពិគ្រោះយោបល់ថា តួលេខអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍សរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១២ មានចំនួន ១.៩៦៦នាក់។ មន្ត្រីដដែលបន្តថា ក្នុងសេចក្ដីព្រាងច្បាប់ថ្មីស្ដីពីចរាចរណ៍ផ្លូវគោក មានពិន័យទោសធ្ងន់ជាងច្បាប់ចាស់។
«សំឡេង»
លោក ស្ទីវិន អ៊ីដឌីង បន្តថា មានស្ត្រីកម្ពុជា ៥៧% រងអំពើហិង្សាពីប្ដី ដោយសារតែការប្រើប្រាស់គ្រឿងស្រវឹង។ លោកថា ការស្រាវជ្រាវនៅក្នុងឆ្នាំ២០១០ ករណីអំពើហិង្សានៅប្រទេសកម្ពុជា ចំនួន ៦៣% នៃករណីទាំងនេះ បណ្ដាលមកពីការទទួលទានគ្រឿងស្រវឹង។
អ្នកប្រើគ្រឿងស្រវឹង មិនត្រឹមតែបង្កគ្រោះថ្នាក់សុខភាពផ្លូវកាយ និងផ្លូវចិត្តខ្លួនឯងប៉ុណ្ណោះទេ គឺបង្កគ្រោះថ្នាក់ដល់អ្នកជិតខាងផង។ អ្នកស្រវឹងអាចប្រឈម ឬបង្កគ្រោះថ្នាក់ចរាចរណ៍ ប្រព្រឹត្តអំពើហិង្សាលើអ្នកធ្វើការជាមួយ សាច់ញាតិ មិត្តភ័ក្ដិ និងអ្នកដទៃទៀត។ ទាំងនេះ គឺជាផលអាក្រក់ បង្កឡើងដោយគ្រឿងស្រវឹង ដែលចាក់ឫសយ៉ាងជ្រៅក្នុងសង្គមជាតិ។
គ្រឿងស្រវឹង គឺជាកត្តាប្រឈមបន្ទុកជំងឺទី៣ នៅទូទាំងពិភពលោក។ គ្រឿងស្រវឹង ក៏ធ្វើឱ្យប៉ះពាល់ការអភិវឌ្ឍសង្គមដែរ។ គ្រឿងស្រវឹងធ្វើឱ្យមានអំពើហិង្សា ការបោះបង់កូនចៅ រំលោភ និងខានបំពេញការងារ។
លោក ស្ទីវិន អ៊ីដឌីង ថ្លែងថា អង្គការសុខភាពពិភពលោក គាំទ្រជាខ្លាំងចំពោះលទ្ធផលនៃកិច្ចពិគ្រោះយោបល់អំពីយន្តការគ្រប់គ្រងគ្រឿងស្រវឹងនេះ។
ទាក់ទងនឹងបញ្ហាសុខភាពវិញ មន្ត្រីតំណាងក្រសួងសុខាភិបាល អ្នកស្រី ឆ នោភា មានប្រសាសន៍ថា ក្រសួងសុខាភិបាល មានគោលនយោបាយរបស់ខ្លួនហើយសម្រាប់គ្រប់គ្រងគ្រឿងស្រវឹង ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ និងត្រូវអនុវត្តដោយក្រសួងដែលពាក់ព័ន្ធផ្សេងៗទៀត។
«សំឡេង»
ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា អ្នកស្រី មាន សំអាន មានប្រសាសន៍ថា អ្នកជំនួញខាងឧស្សាហកម្មគ្រឿងស្រវឹង អះអាងថា គ្រឿងស្រវឹងជាវិស័យដែលបានផ្ដល់ចំណូលពន្ធយ៉ាងច្រើន។ អ្នកស្រីបន្តថា ស្របគ្នានេះដែរ មានប្រទេសច្រើនអះអាងថា បានខាតបង់ថវិកាទៅលើការដោះស្រាយផលវិបាកពីគ្រឿងស្រវឹងច្រើនជាងចំណូលបានមកពីគ្រឿងស្រវឹងនេះ។
«សំឡេង»
សមាជិកព្រឹទ្ធសភា អ្នកស្រី ពុំ ស៊ីចាន់ មានប្រសាសន៍ថា កិច្ចប្រជុំពិគ្រោះយោបល់នៅពេលនេះ គឺពិនិត្យមើលអំពីយន្តការថា តើក្រសួងស្ថាប័នពាក់ព័ន្ធណាខ្លះដែលត្រូវចូលរួមគ្រប់គ្រងគ្រឿងស្រវឹង ហើយឈានទៅបង្កើតគោលនយោបាយ និងច្បាប់ សម្រាប់គ្រប់គ្រងគ្រឿងស្រវឹងនៅកម្ពុជា ក្នុងទិសដៅលើកកម្ពស់សុខុមាលភាពសង្គម៕