បន្ថែមពីលើការចូលរួមចំណែកបរិច្ចាគថវិកានិងពេលវេលាផ្ទាល់ខ្លួន ភ្ញៀវជាតិនិងអន្តរជាតិក្នុងនាមបុគ្គលនិងស្ថាប័ននានា បានធ្វើដំណើរមកចូលរួមក្នុងពិធីសម្ពោធដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់អភិបាលខេត្តប៉ៃលិន លោកអ៉ី ឈាន។
អ្នកស្រី ឃួន សារួន ជាប្រធាននៃមូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី (Save Cambodian Children Fund Australia) មានមូលដ្ឋាននៅក្នុងក្រុងមែលប៊ិននោះ បានអញ្ជើញមកចូលរួមសម្ពោធជាមួយសហការីផង ដោយចំណាយថវិកាហោប៉ៅផ្ទាល់ខ្លួនភាគច្រើន។ អ្នកស្រីបានឲ្យដឹងថា ក្នុងពិធីសម្ពោធនេះ ក៏មានវត្តមានរបស់ប្រធានមន្ទីរអប់រំខេត្តនិងមន្ទីរព័ត៌មានខេត្ត និងមន្រ្តីអាជ្ញាធរខេត្តស្រុកឃុំ និងភូមិជាច្រើននាក់ទៀត ដោយមានមនុស្សសរុបប្រមាណ៥០០នាក់ រួមទាំងពលរដ្ឋមូលដ្ឋាន និងសិស្សសាលាជាង៣០០នាក់ផងដែរ។
(សំឡេង)
ប្រធានមន្ទីរអប់រំខេត្តប៉ៃលិន លោក តង់ ធារ៉ា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកក្នុងការកសាងសាលារៀនសម្រាប់តំបន់ដាច់ស្រយាលមួយនេះ ដែលមានតម្រូវការចាំបាច់ខ្លាំង។
(សំឡេង)
លោកស្រី Alison Burrow ជាឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជាក៏បានចូលរួមផ្ញើសារតាមអ៉ីមែលដើម្បីជូនពរក្នុងឱកាសនេះដែរ ដោយលោកស្រីធ្វើការកត់សម្គាល់ថាសកម្មភាពរបស់មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី ដែលហៅកាត់ថា SCCFA នោះ គឺជាគំរូដ៏អស្ចារ្យមួយនៃការធ្វើទំនាក់ទំនងគ្នារវាងប្រទេសកម្ពុជានិងសហគមន៍ខ្មែរនៅអូស្រ្តាលី។
ក្នុងរយៈពេល៣ឆ្នាំកន្លងមក SCCFA បានរៃអង្គាសប្រាក់ពីសហគមន៍ខ្មែរនៅក្នុងប្រទេសអូស្រ្តាលីដើម្បីជ្រោមជ្រែងការសាងសង់សាលារៀនបីបន្ទប់ជាជំហានដំបូងជាមួយនិងបន្ទប់អនាម័យ និងអណ្ដូងទឹកមួយផង សម្រាប់អ្នកភូមិរាប់រយគ្រួសារ។ ថវិកាចំណាយសម្រាប់គម្រោងរហូតមកទល់ពេលនេះគឺអស់ប្រមាណជាង៦ម៉ឺនដុល្លារសហរដ្ឋអាម៉េរិកហើយ ដោយមិនគិតអំពីកម្លាំងការងារស្ម័គ្រចិត្តរបស់មនុស្សជាច្រើននាក់ផងនោះទេ។
ការកសាងសាលារៀនមួយខ្នងមានបីបន្ទប់នេះ បានចាប់ផ្ដើមនៅលើដីមួយកន្លែង ដែលអនុញ្ញាតឲ្យប្រើប្រាស់ដោយអាជ្ញាធរខេត្តប៉ៃលិន។ មានការគ្រោងទុកថានឹងមានការសាងសង់សាលារៀនជាច្រើនខ្នងទៀតនៅថ្ងៃអនាគត។ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំខេត្តប៉ៃលិន មានប្រសាសន៍ថា ផែនការទៅថ្ងៃអនាគតសាលារៀន ដែលមានឈ្មោះថា សាលា SCCFA ចំណេះទូទៅនិងបច្ចេកទេសក្នុងខេត្តប៉ៃលិននេះ នឹងពង្រីកវិសាលភាពក្នុងការផ្ដល់សេវាកម្មសម្រាប់បំពេញសេចក្ដីត្រូវការរបស់តំបន់មូលដ្ឋាន។
(សំឡេង)
លោក តង់ ធារ៉ា ក៏បានជម្រាបផងដែរអំពីប្រវត្តិនៃស្ថានភាពខ្វះខាតក្នុងវិស័យអប់រំក្នុងតំបន់ភូមិសាស្រ្តឃុំត្រង់ខណ្ឌសាលាក្រៅនេះ៕
