មន្ត្រី​រដ្ឋាភិបាល​ប្រាប់​អ.ស.ប.​ថា​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ



តវ៉ា អ.ស.ប ៦១០
មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​បាន​ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ក្នុង​ទីក្រុង​ហ្សឺណែវ កាល​ពី​ថ្ងៃ​អង្គារ ទី​២៨ ខែ​មករា ថា កម្ពុជា​មាន​ការ​គោរព និង​អនុវត្ត​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ។អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទទួល​
បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក ម៉ក់ សម្បត្តិ បាន​ប្រកាស​ថា ការ​បោះ​ឆ្នោត​សកល​សម្រាប់​អាណត្តិ​ទី​៥ កន្លង​មក គឺ​បាន​ធ្វើ​ឡើង​យ៉ាង​រលូន ប្រកប​ដោយ​តម្លាភាព ហើយ​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បើក​ឱ្យ​មាន​បរិយាកាស​ក្នុង​ការ​បញ្ចេញ​មតិ​យ៉ាង​ទូលំទូលាយ។
ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ជាន់​ខ្ពស់​រូប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​នៃ​ការ​ពិនិត្យ​ជា​សាកល​តាម​ពេល​វេលា​កំណត់​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា Universal Periodic Review។

កាល​ពី​ពេល​ថ្មីៗ​នេះ អង្គការ​ឃ្លាំមើល​សេរីភាព​លើ​ពិភពលោក (Freedom House) ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក បាន​ចេញ​របាយការណ៍​ឆ្នាំ​២០១៤ របស់​ខ្លួន​វាយ​តម្លៃ​កម្ពុជា ថា​ជា​ប្រទេស​គ្មាន​សេរីភាព ហើយ​លទ្ធិប្រជាធិបតេយ្យ​កំពុង​មាន​ការវិវឌ្ឍន៍​ថយ​ក្រោយ​ធ្ងន់ធ្ងរ។

ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ ដល់​ចុង​ខែ​មករា ឆ្នាំ​២០១៤ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជិត ១០០​នាក់​រង​របួស ហើយ​មនុស្ស​ចំនួន ៧​នាក់​ទៀត​បាន​ស្លាប់​បាត់បង់​ជីវិត​ពី​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ទៅ​លើ​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ​ដែល​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ និង​ការ​តវ៉ា​ទាមទារ​យុត្តិធម៌​នៃ​ការ​បោះ​ឆ្នោត៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors