Pages

Friday, January 24, 2014

លោក ម៉ម សុណង់​ដូ ប្រកាស​រក្សា​ជំហរ​ធ្វើ​បាតុកម្ម​ទាម​ទារ​ពង្រីក​ការ​ផ្សាយ និង​សុំ​បង្កើត​ទូរទស្សន៍​

លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុកឃ្មុំ និង​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ
ដោយ ស៊ុន មេសា
លោក​ម៉ម សុ​ណង់​ដូ​ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ប្រកាស​តាមរយៈ​សន្និសីទ​សារព័ត៌មាន​ថា បាតុកម្ម​ទាមទារ​ព​ង្រីក​ការផ្សព្វផ្សាយ​វិទ្យុ​ឱ្យ​ទូលំទូលាយ​នៅ​ទូទាំងប្រទេស និង​ការសុំ​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍ នឹង​កើតមាន​ឡើង បើ​ទោះណាជា​អាជ្ញាធរ​មិន​អនុញ្ញាតឱ្យ​ធ្វើ​បាតុកម្ម​ក៏​ដោយ​។ បាតុកម្ម​​ដែល​លោក ម៉ម សុ​ណង់​ដូ​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃ​ទី​២៧ មករា​សប្តាហ៏​ក្រោយ​នេះ។ ប៉ុន្តែ​​សាលា​រាជធានី​ភ្នំពេញ បាន​អះអាងថា ការសម្រេច​ឱ្យធ្វើ​បាតុកម្ម​យ៉ាងណា​នោះ គឺ​ទាល់​តែ​​រងចាំ​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​លោក ម៉ម សុ​ណង់​ដូ និង​សាលា​រាជធានី​ភ្នំពេញ​នៅ​រសៀល​​នេះ​​សិន។
លោក ម៉ម សុ​ណង់​ដូ នៅតែ​រក្សា​ជំហរ​ធ្វើបាតុកម្ម​ទាមទារ​ពង្រីក​ការផ្សព្វផ្សាយ​វិទ្យុ​របស់ខ្លួន និង​សុំ​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​សំបុក​ឃ្មុំ​នៅ​ថ្ងៃទី២៧មករា​ដូច​ការគ្រោងទុក​ដដែល។ បើទោះបីជា​សាលា​រាជធានី​ភ្នំពេញ​មិនទាន់​សំរេច​យ៉ាងណាក៏ដោយ។

ក្នុង​សន្និសីទ​ព័ត៌មាន​រយៈពេល​ជាង​មួយ​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី២៤មករា​នេះ លោក ម៉ម សុ​ណង់​ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​បាន​អះអាងថា​ការស្នើសុំ​ពង្រីក​ការផ្សព្វផ្សាយ​វិទ្យុ​សំបុក​ឃ្មុំ​ឱ្យ​ទូលំទូលាយ​នៅ​ទូទាំងប្រទេស​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ពលរ​ដ្ឋ​ដែលជា​ប្រិយ​មិត្ត ​របស់​វិទ្យុ​តែប៉ុណ្ណោះ។ ហើយ​លោក​ថា ពលរដ្ឋ​នាពេល​បច្ចុប្បន្ន​ក៏​ចង់ឱ្យមាន​ទូរទស្សន៍​​សំបុក​ឃ្មុំ​មួយ​ដែលជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ផងដែរ។

ថ្លែង​ក្នុង​ស​ន្នី​សីទ​កាសែត​ដែលមាន​មនុស្ស​ចូលរួម​ប្រមាណ​ជា៣០នាក់ នៅ​ទីស្នាក់ការ​វិទ្យុ​សំបុក​ឃ្មុំ ក្នុង​ខ័​ណ្ឌ​មានជ័យ លោក ម៉ម សុ​ណង់​ដូ បាន​គូសបញ្ជាក់ថា “ប្រសិនបើ​អាជ្ញាធរ​មិន​អនុញ្ញាតិ​ឱ្យ​លោក ធ្វើបាតុកម្ម​នោះទេ អាជ្ញាធរ នឹង​ប្រឈម​នឹង​ពលរដ្ឋ​ជាច្រើន​ម៉ឺន​នាក់​ដែល​ក្រោកឈរឡើង​ដើម្បី​ទាមទារ​ឱ្យមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ គួររំលឹកថា ការ​ប្រកាស​​ធ្វើបាតុកម្ម​ទាមទារ​ស្នើសុំ ពង្រីក​ការផ្សព្វផ្សាយ និង​សុំ​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​នេះ គឺ​កើតឡើង​ក្រោយ​ពេលដែល​ក្រសួង​ព័ត៌មាន​បាន​អះអាង​គ្មាន​ឡើយ​ហ្វ្រេ​កង់​ប៉ុស្តិ៍​ទូរទស្សន៍ និង​វិទ្យុ​ដែល​នៅសល់​ទៀត​នោះទេ។

យ៉ាងណាក៏ដោយ កិច្ចប្រជុំ​ស្តីពី​ការសុំ​ធ្វើបាតុកម្ម​រវាង​លោក​ម៉ម សុ​ណង់​ដូ និង​សាលា​រាជធានី​ភ្នំពេញ គឺ​នឹង​ធ្វើឡើង​នៅ​រសៀល​ម៉ោង៣ថ្ងៃ​សុក្រ​នេះ។អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់​បានឱ្យដឹងថា​ការសំរេចចិត្ត​ឱ្យធ្វើ​បាតុកម្ម​ឬក៏​អត់​នោះ​គឺ​អាស្រ័យ​លើ​លទ្ធផល​នៃ​កិច្ចប្រជុំ​នៅ​រសៀល​នេះ។

នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការសិក្សា​សារព័ត៌មាន លោក មឿ​ន ឈាន​ណា​រិ​ទ្ធ បាន​ថ្លែងថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ផ្តល់​ហ្វ្រេ​កង់​ទូរទស្សន៍ និង​ហ្វ្រេ​កង់​ផ្សាយ​បន្ត​ដល់​លោក ម៉ម សុ​ណង់​ដូ ព្រោះថា ព័ត៌មាន​ការ​ហ៊ាន​រិះគន់​គឺជា​កញ្ចក់​ឆ្លុះ​សង្គម​មួយ ដែល​អាចជួយ​ដល់​រដ្ឋាភិបាល​ក្នុងការ​កែលម្អ​ការងារ​អនុវត្ត​ការងារ​ទៅវិញ​នោះទេ៕