ក្នុងសន្និសីទព័ត៌មានរយៈពេលជាងមួយម៉ោងនៅព្រឹកថ្ងៃសុក្រទី២៤មករានេះ លោក ម៉ម សុណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំបានអះអាងថាការស្នើសុំពង្រីកការផ្សព្វផ្សាយវិទ្យុសំបុកឃ្មុំឱ្យទូលំទូលាយនៅទូទាំងប្រទេសនេះគឺដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ពលរដ្ឋដែលជាប្រិយមិត្ត របស់វិទ្យុតែប៉ុណ្ណោះ។ ហើយលោកថា ពលរដ្ឋនាពេលបច្ចុប្បន្នក៏ចង់ឱ្យមានទូរទស្សន៍សំបុកឃ្មុំមួយដែលជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយផងដែរ។
ថ្លែងក្នុងសន្នីសីទកាសែតដែលមានមនុស្សចូលរួមប្រមាណជា៣០នាក់ នៅទីស្នាក់ការវិទ្យុសំបុកឃ្មុំ ក្នុងខ័ណ្ឌមានជ័យ លោក ម៉ម សុណង់ដូ បានគូសបញ្ជាក់ថា “ប្រសិនបើអាជ្ញាធរមិនអនុញ្ញាតិឱ្យលោក ធ្វើបាតុកម្មនោះទេ អាជ្ញាធរ នឹងប្រឈមនឹងពលរដ្ឋជាច្រើនម៉ឺននាក់ដែលក្រោកឈរឡើងដើម្បីទាមទារឱ្យមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ គួររំលឹកថា ការប្រកាសធ្វើបាតុកម្មទាមទារស្នើសុំ ពង្រីកការផ្សព្វផ្សាយ និងសុំបង្កើតប៉ុស្តិ៍ទូរទស្សន៍នេះ គឺកើតឡើងក្រោយពេលដែលក្រសួងព័ត៌មានបានអះអាងគ្មានឡើយហ្វ្រេកង់ប៉ុស្តិ៍ទូរទស្សន៍ និងវិទ្យុដែលនៅសល់ទៀតនោះទេ។
យ៉ាងណាក៏ដោយ កិច្ចប្រជុំស្តីពីការសុំធ្វើបាតុកម្មរវាងលោកម៉ម សុណង់ដូ និងសាលារាជធានីភ្នំពេញ គឺនឹងធ្វើឡើងនៅរសៀលម៉ោង៣ថ្ងៃសុក្រនេះ។អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់បានឱ្យដឹងថាការសំរេចចិត្តឱ្យធ្វើបាតុកម្មឬក៏អត់នោះគឺអាស្រ័យលើលទ្ធផលនៃកិច្ចប្រជុំនៅរសៀលនេះ។
នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាសារព័ត៌មាន លោក មឿន ឈានណារិទ្ធ បានថ្លែងថា រដ្ឋាភិបាលកម្ពុជា គួរតែផ្តល់ហ្វ្រេកង់ទូរទស្សន៍ និងហ្វ្រេកង់ផ្សាយបន្តដល់លោក ម៉ម សុណង់ដូ ព្រោះថា ព័ត៌មានការហ៊ានរិះគន់គឺជាកញ្ចក់ឆ្លុះសង្គមមួយ ដែលអាចជួយដល់រដ្ឋាភិបាលក្នុងការកែលម្អការងារអនុវត្តការងារទៅវិញនោះទេ៕