នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ គឺជាខួបគម្រប់ ១០ឆ្នាំ នៃមរណភាព របស់លោក ជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករ ដែលត្រូវបានឃាតកបាញ់សម្លាប់ នៅតូបលក់កាសែត ជាប់របងវត្តលង្កា ក្នុងរាជធានីភ្នំពេញ។ សម្រាប់ខួបគម្រប់ ១០ឆ្នាំ នៅថ្ងៃទី២២ ខែមករាខាងមុខ សហជីពសេរីកម្មករ ដឹកនាំដោយលោក ជា មុនី ជាប្អូនប្រុសរបស់សពលោកជា វិជ្ជា នឹងជួបជុំមនុស្សប្រមាណ ១៥០នាក់ ដើរ
ដង្ហែក្បួន យកកម្រង់ផ្កា ទៅដាក់នៅទីតាំងតម្កល់រូបសំណាក លោកជា វិជ្ជា នៅលើសួនច្បារ ខាងលិចវិមានឯករាជ្យ។ លោក ជា មុនី ក៏បានប្រកាសថា គម្រប់ខួប ១០ឆ្នាំ នៃមរណភាពលោកជា វិជ្ជា គឺរូបលោក និងមេធាវី ក៏កំពុងសិក្សា ដាក់ពាក្យបណ្តឹងជាថ្មី ដើម្បីសើរើឲ្យតុលាការ និងរដ្ឋាភិបាល ស្វែងរកឃាតកពិតប្រាកដ មកផ្តន្ទាទោស។លិខិតស្តីពីការដង្ហែកម្រងផ្កាដាក់គោរពវិញ្ញាណក្ខន្ធសពលោក ជា វិជ្ជា នៅថ្ងៃទី២២មករា ត្រូវបានលោក ជា មុនី ចុះហត្ថលេខា ដាក់ជូនលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមករានេះ។ក្នុងលិខិត លើកឡើងថា ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ និងសមាជិកសហជីពសេរីកម្មករ ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ តែងតែរៀបចំពិធីដង្ហែកម្រងផ្កា ទៅដាក់គោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា។ លោក ជា វិជ្ជា ដែលត្រូវបានឃាតក បាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅមុខតូបលក់កាសែត ក្បែរវត្តលង្កា។
លិខិតដដែល លើកឡើងថា សម្រាប់ឆ្នាំ២០១៤នេះ សហជីព ក្រុមគ្រួសារសាច់ញាតិ មិត្តភក្តិ ចំនួន ១៥០នាក់ នឹងរៀបចំដង្ហែកម្រងផ្កា ទៅដាក់គោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង ៨ និង ៣០ នាទី ព្រឹក ដោយដង្ហែក្បួនចេញពីទីស្នាក់ការកណ្តាលសហជីព ឋិតនៅផ្ទះលេខ ១៦ AEo ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវលេខ ៣៦០ បត់ និងកាត់តាមផ្លូវប៉ាស្ទ័រ លេខ ៥១ ឆ្ពោះទៅប៉ែកខាងត្បូង នៃសួនស្មៅ ខាងលិចវិមានឯករាជ្យ ខិតទៅម្ខាងវត្តលង្កា ជាទីតម្កល់រូបសំណាកលោក ជា វិជ្ជា ជាទីកន្លែងប្រារព្ធពិធីចុងក្រោយ។
លោក ជា មុនី ប្អូនប្រុសលោកជា វិជ្ជា បានប្រកាសថា សម្រាប់ខួប ១០ឆ្នាំ នៃឃាតកម្ម លើលោកជា វិជ្ជា នៅថ្ងៃ២២មករា ឆ្នាំនេះ លោក និងមេធាវី កំពុងរៀបចំបណ្តឹងជាថ្មី ដាក់ទៅកាន់តុលាការ ដើម្បីឲ្យសើរើ ស្វែងរកឃាតកពិតប្រាកដ ចាប់យកមកកាត់ទោស។ សំណុំរឿងក្តីឃាតកម្មលើលោកជាវិជ្ជា ត្រូវបានតុលាការកំពូល កាលពីឆ្នាំមុន បានសម្រេចលើកលែងការចោទប្រកាន់ លើបុរស ប៊ន សំណាង និងសុក សំអឿន បន្ទាប់ពីតុលាការថ្នាក់ក្រោម កាត់ទោស និងចាប់ឃុំខ្លួនបុរសទាំងពីរ ជាង ៥ ឆ្នាំរួចមក។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលសាលារាជធានីភ្នំពេញ ទើបតែបានទទួលលិខិតរបស់លោកជាមុនី នៅរសៀលថ្ងៃទី១៣មករានេះ។ ដូច្នេះការសម្រេចថា ឲ្យក្រុមសហជីពលោកជាមុនី ជួបជុំ ហែក្បួនដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោកជាវិជ្ជា គឺអាស្រ័យលើលោកអភិបាលរាជធានីភ្នំពេញ។
ប៉ុន្តែតាមលោក ឡុង ឌីម៉ង់ បម្រាមមិនឲ្យមានការជួបជុំនៅទីសាធារណៈ និងការហែក្បួនបាតុកម្ម ក្រោយពីការបំបែកបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ គឺនៅតែមានការហាមឃាត់នៅឡើយ៕
