លំនៅដ្ឋានរបស់មេឈ្មួញ សុខ គង់។ ទិដ្ឋភាពនេះបានបង្ហាញយ៉ាងច្បាស់ថាមេឈ្មួញ សុខ គង់ ដែលជាមហាសេដ្ឋីល្បីខាងប្រមូលប្រាក់ចំណូលពីប្រាសាទអង្គរវត្ត និងគ្រប់គ្រងសណ្ឋាគារយ៉ាងច្រើនក្នុងប្រទេសកម្ពុជានោះកំពុងតែបង្ហាញឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ។ ទង្វើរបស់មេឈ្មួញសុខ គង់ បានបង្ហាញឱ្យឃើញថាសមត្ថកិច្ចក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានជីវភាពខ្វះខាតទើបទៅទទួលអំណោយជាលុយត្រឹម២ម៉ឺនរៀលឬ៥ដុល្លារពីមេឈ្មួញជនជាតិយួនរូបនេះ។
កាលពីព្រឹកថ្ងៃទី២៤ ខែមករា នៅផ្ទះមេឈ្មួញ សុខ គង់ មានបុគ្គលិកដែលស្និទ្ធនឹងមេឈ្មួញរូបនេះ ជាច្រើននាក់បានព័ទ្ធវង់លេងបៀកម្សាន្តជាច្រើនវង់ ហើយបន្ទាប់ពីលោតម៉ុងសាយរួចទ្វាររបងផ្ទះរបស់មេឈ្មួញសុខគង់ បានបើកទទួលពលរដ្ឋខ្មែរដែលចូលទៅយកលុយជាអំណោយក្នុងម្នាក់ៗ២ម៉ឺនរៀល។ ប្រជាពលរដ្ឋជាច្រើនបានឈប់ម៉ូតូនិងកង់ប្រញាប់ប្រញាល់ចូលទៅក្នុងផ្ទះមេឈ្មួញសុខ គង់ ដែលមានកូនចៅនិងសែស្រឡាយរបស់គាត់រង់ចាំចែកលុយដល់អ្នកដែលចូលទៅទទួលទាំងនោះ។ ប្រជាពលរដ្ឋជាច្រើននាក់បានឱ្យដឹងថាពួកគាត់តែងតែមកយកលុយអំណោយឬភាសាចិន ហៅថា តិអៀ អស់រយៈពេល៣ឆ្នាំមកហើយនៅចំថ្ងៃធ្វើពិធីសែនដកជើងធូប។ ប្រជាពលរដ្ឋដែលទៅទទួលអំណោយនៅផ្ទះមេឈ្មួញ សុខ គង់ បានឱ្យដឹងថាពួកគាត់ទទួលលុយក្នុងម្នាក់ៗយ៉ាងតិច២ម៉ឺនរៀល ហើយមិនដឹងថាលុយនោះមេឈ្មួញ សុខ គង់ បានមកពីប្រភពណាឡើយ។
បន្ទាប់ពីចែកលុយដល់ប្រជាពលរដ្ឋរួចហើយ គឺដល់វេនចែកលុយសម្រាប់កម្លាំងសមត្ថកិច្ចវិញម្តង ដោយអ្នកទៅទទួលអំណោយលុះត្រាតែស្លៀកពាក់ឯកសណ្ឋាននិងប្រញាប់ចូលទៅតម្រង់ជួរនៅខាងក្នុងរបងផ្ទះមេឈ្មួញ សុខ គង់។ សមត្ថកិច្ចខ្លះចតម៉ូតូតាមចិញ្ចើមថ្នល់ ហើយអ្នកខ្លះចតនៅរបងផ្ទះ រួចនាំគ្នាសម្រុកចូលទៅក្នុងផ្ទះឧកញ៉ា សុខ គង់ ទាំងត្រេកអរដោយម្នាក់ៗទទួលបានលុយត្រឹមតែ១ម៉ឺនរៀលប៉ុណ្ណោះ។ ទោះជាយ៉ាងណាគេនៅតែមិនដឹងច្បាស់ពីលុយដែលឧកញ៉ា សុខ គង់ ចែកទៅឱ្យសមត្ថកិច្ចស្មើៗគ្នា ឬក៏អត់នោះទេ ហើយសកម្មភាពរបស់សមត្ថកិច្ចគឺជារឿងមួយមិនធម្មតាឡើយ។
កម្លាំងអន្តរាគមន៍ពិសេសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា លុយដែលមេឈ្មួញសុខ គង់ ចែកឱ្យពួកគេមិនច្រើនទេ គឺគ្រាន់តែអាចទិញគុយទាវហូបបានមួយព្រឹកប៉ុណ្ណោះ ហើយការទទួលលុយនេះមិនជំពាក់គុណនិងមិនខុសច្បាប់ទេ។ កងកម្លាំងអន្តរាគមន៍បានសារភាពថាប្រសិនបើកម្លាំងសមត្ថកិច្ចទាំងអស់មានជីវភាពធូរធារមានប្រាក់ខែចាយគ្រប់គ្រាន់ គឺពួកគាត់មិនមកតម្រង់ជួរចាំយកលុយដែលគេដាក់ទានបែបនេះទេ។ បញ្ហានេះត្រូវបានមជ្ឈដ្ឋានជាច្រើនរិះគន់ថា គឺជាការបង្ហាញនូវភាពអាម៉ាស់របស់រដ្ឋាភិបាល ហ៊ុន សែន ដែលមិនយកចិត្តទុកដាក់ទៅលើជីវភាពរបស់កម្លាំងសមត្ថកិច្ចរហូតដល់ពួកគេទៅតម្រង់ជួរទទួលលុយពីឈ្មួញត្រឹមតែ១ម៉ឺនរៀល ទៅ២ម៉ឺនរៀល។ ចំណែកមេឈ្មួញ សុខ គង់ បាននិយាយយ៉ាងរីករាយថាការចែកលុយដល់កម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋ គឺជាការដាក់ទានតាមប្រពៃណីចិន-យួន ហើយម្ចាស់ទានមិនមានបំណងជួលឬទិញទឹកចិត្តសមត្ថកិច្ចឡើយ។
ទាក់ទងនឹងបញ្ហាខាងលើនេះមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានលើកឡើងថាទង្វើរបស់ឈ្មួញឬអ្នកមានទ្រព្យសម្បត្តិចែកអំណោយ ឬចែកលុយទៅឱ្យសមត្ថកិច្ចនិងប្រជាពលរដ្ឋមិនមែនជារឿងខុសច្បាប់ទេ។ ប៉ុន្តែវាបានបង្ហាញឱ្យឃើញអំពីកង្វះតម្លាភាពនិងភាពលម្អៀងរបស់សមត្ថកិច្ចទៅលើឈ្មួញនិងអ្នកមានធនធានទាំងនោះ ព្រោះរាល់រដូវបុណ្យទានតែងតែមានការចែកអំណោយដល់ប្រជាពលរដ្ឋឬសមត្ថកិច្ច។ ក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលរិះគន់ថាក្រុមហ៊ុនរបស់មេឈ្មួញ សុខ គង់ ភាគច្រើនរកស៊ីនិងទទួលអាជ្ញាប័ណ្ណរកស៊ីជាមួយរដ្ឋាភិបាលដោយមិនសូវមានតម្លាភាពប៉ុន្មានឡើយ ជាពិសេសការប្រមូលប្រាក់ចំណូលពីភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត។ ហេតុនេះហើយទើបមេឈ្មួញ សុខ គង់ ក្លាយជាមហាសេដ្ឋីដ៏ល្បីឈ្មោះនៅស្រុកខ្មែរ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែននិងមន្ត្រីជាន់ខ្ពស់បក្សប្រជាជន។
អ្នកតាមដានបញ្ហាសង្គមនៅក្នុងប្រទេសកម្ពុជាបានលើកឡើងថា ព្រឹត្តិការណ៍សមត្ថកិច្ចតម្រង់ជួរយកលុយពីថៅកែៗ ដូចអ្វីដែលកើតមាននៅពេលនេះគឺជាការទម្លាក់តម្លៃមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ។ ហេតុនេះរដ្ឋាភិបាលត្រូវតែមានការកែទម្រង់ជាបន្ទាន់ ដើម្បីឱ្យកងកម្លាំងសមត្ថកិច្ចទទួលបានប្រាក់ខែសមរម្យចៀសវាងកុំឱ្យសមត្ថកិច្ចទៅចាំទទួលយកទានដែលគេដាក់ឱ្យតទៅទៀត។ ការផ្តល់អំណោយរបស់ឈ្មួញធំៗគឺជាការពង្រឹងអំណាចបុគ្គលនិយមនិងបក្ខពួកនិយមនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ហើយអ្វីៗកើតចេញពីកង្វះការទទួលខុសត្រូវរបស់មេដឹកនាំអសមត្ថភាព៕
ប្រភព៖មនសិការខ្មែរ Labels: ព័ត៌មានជាតិ