មេ​ឈ្មួញ សុខ គង់ ដែល​កើប​ចំណូល​ពី​ប្រាសាទអង្គរវត្ត​បង្ហាញ​ឥទ្ធិពល​កាន់តែខ្លាំង​នៅក្នុង​សង្គម​​កម្ពុជា​សព្វ​ថ្ងៃ​



images
កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៣ គេ​ឃើញ​ក្រុម​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​បាន​ទៅ​ទទួល​លុយ​អំណោយ​ពី​មេ​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​គឺ​ឧកញ៉ា សុខ គង់ ដែលមាន​កំណើត​ជា​ជនជាតិ​យួន​។ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​កងរាជអាវុធហត្ថ និង​កង​អន្តរាគមន៍​ពិសេស ព្រមទាំង​កម្លាំង​ដែល​ធ្លាប់​បង្ក្រាប​បាតុកម្ម​បាន​ទៅ​ប្រមូល​ផ្តុំគ្នា​នៅ​ខាងជើង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដែលជា​
លំនៅដ្ឋាន​របស់​មេ​ឈ្មួញ សុខ គង់​។ ទិដ្ឋភាព​នេះ​បានបង្ហាញ​យ៉ាងច្បាស់​ថា​មេ​ឈ្មួញ សុខ គង់ ដែលជា​មហាសេដ្ឋី​ល្បី​ខាង​ប្រមូល​ប្រាក់ចំណូល​ពី​ប្រាសាទអង្គរវត្ត និង​គ្រប់គ្រង​សណ្ឋាគារ​យ៉ាងច្រើន​ក្នុងប្រទេស​កម្ពុជា​នោះ​កំពុងតែ​បង្ហាញ​ឥទ្ធិពល​យ៉ាងខ្លាំង​នៅក្នុង​សង្គម​ខ្មែរ​។ ទង្វើ​របស់​មេ​ឈ្មួញ​សុខ គង់ បានបង្ហាញ​ឱ្យឃើញ​ថាស​ម​ត្ថ​កិច្ច​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ជីវភាព​ខ្វះខាត​ទើប​ទៅ​ទទួល​អំណោយ​ជា​លុយ​ត្រឹម​២​ម៉ឺន​រៀល​ឬ​៥​ដុល្លារ​ពី​មេ​ឈ្មួញ​ជនជាតិ​យួន​រូបនេះ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមករា នៅផ្ទះ​មេ​ឈ្មួញ សុខ គង់ មាន​បុគ្គលិក​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ​រូបនេះ ជាច្រើន​នាក់​បាន​ព័ទ្ធ​វង់​លេងបៀ​កម្សាន្ត​ជាច្រើន​វង់ ហើយ​បន្ទាប់ពី​លោត​ម៉ុង​សាយ​រួច​ទ្វាររបង​ផ្ទះ​របស់​មេ​ឈ្មួញ​សុខ​គង់ បាន​បើកទទួល​ពលរដ្ឋ​ខ្មែរ​ដែល​ចូលទៅ​យកលុយ​ជា​អំណោយ​ក្នុង​ម្នាក់ៗ​២​ម៉ឺន​រៀល​។ ប្រជាពលរដ្ឋ​ជាច្រើន​បាន​ឈប់​ម៉ូតូ​និង​កង់​ប្រញាប់ប្រញាល់​ចូលទៅក្នុង​ផ្ទះ​មេ​ឈ្មួញ​សុខ គង់ ដែលមាន​កូនចៅ​និង​សែស្រឡាយ​របស់គាត់​រង់​ចាំ​ចែក​លុយ​ដល់​អ្នក​ដែល​ចូលទៅ​ទទួល​ទាំងនោះ​។ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បានឱ្យដឹងថា​ពួកគាត់​តែងតែ​មក​យកលុយ​អំណោយ​ឬ​ភាសា​ចិន ហៅថា តិ​អៀ អស់​រយៈពេល​៣​ឆ្នាំ​មកហើយ​នៅ​ចំ​ថ្ងៃ​ធ្វើ​ពិធី​សែន​ដក​ជើងធូប​។ ប្រជាពលរដ្ឋ​ដែល​ទៅ​ទទួល​អំណោយ​នៅផ្ទះ​មេ​ឈ្មួញ សុខ គង់ បានឱ្យដឹងថា​ពួកគាត់​ទទួល​លុយ​ក្នុង​ម្នាក់ៗ​យ៉ាងតិច​២​ម៉ឺន​រៀល ហើយ​មិនដឹងថា​លុយ​នោះ​មេ​ឈ្មួញ សុខ គង់ បានមកពី​ប្រភព​ណា​ឡើយ​។​

​បន្ទាប់ពី​ចែក​លុយ​ដល់​ប្រជាពលរដ្ឋ​រួចហើយ គឺ​ដល់​វេន​ចែក​លុយ​សម្រាប់​កម្លាំង​សមត្ថកិច្ច​វិញ​ម្តង ដោយ​អ្នក​ទៅ​ទទួល​អំណោយ​លុះត្រាតែ​ស្លៀកពាក់​ឯកសណ្ឋាន​និង​ប្រញាប់​ចូលទៅ​តម្រង់​ជួរ​នៅ​ខាងក្នុង​របង​ផ្ទះ​មេ​ឈ្មួញ សុខ គង់​។ សមត្ថកិច្ច​ខ្លះ​ចត​ម៉ូតូ​តាម​ចិញ្ចើមថ្នល់ ហើយ​អ្នកខ្លះ​ចត​នៅ​របង​ផ្ទះ រួច​នាំគ្នា​សម្រុក​ចូលទៅ​ក្នុងផ្ទះ​ឧកញ៉ា សុខ គង់ ទាំង​ត្រេកអរ​ដោយ​ម្នាក់ៗ​ទទួលបាន​លុយ​ត្រឹមតែ​១​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា​គេ​នៅតែ​មិនដឹង​ច្បាស់​ពី​លុយ​ដែល​ឧកញ៉ា សុខ គង់ ចែក​ទៅឱ្យ​សមត្ថកិច្ច​ស្មើៗ​គ្នា ឬក៏​អត់​នោះទេ ហើយ​សកម្មភាព​របស់​សមត្ថកិច្ច​គឺជា​រឿង​មួយ​មិនធម្មតា​ឡើយ​។​

​កម្លាំង​អន្តរាគមន៍​ពិសេស​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា លុយ​ដែល​មេ​ឈ្មួញ​សុខ គង់ ចែក​ឱ្យ​ពួកគេ​មិន​ច្រើន​ទេ គឺ​គ្រាន់តែ​អាច​ទិញ​គុយទាវ​ហូប​បាន​មួយ​ព្រឹក​ប៉ុណ្ណោះ ហើយ​ការទទួល​លុយ​នេះ​មិន​ជំពាក់​គុណ​និង​មិន​ខុសច្បាប់​ទេ​។ កងកម្លាំង​អន្តរាគមន៍​បាន​សារភាពថា​ប្រសិនបើ​កម្លាំង​សមត្ថកិច្ច​ទាំងអស់​មាន​ជីវភាព​ធូរធារ​មាន​ប្រាក់ខែ​ចាយ​គ្រប់គ្រាន់ គឺ​ពួកគាត់​មិន​មក​តម្រង់​ជួរ​ចាំ​យកលុយ​ដែល​គេ​ដាក់​ទាន​បែបនេះ​ទេ​។ បញ្ហា​នេះ​ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន​រិះគន់ថា គឺជា​ការបង្ហាញ​នូវ​ភាពអាម៉ាស់​របស់​រដ្ឋាភិបាល ហ៊ុន សែន ដែល​មិន​យកចិត្តទុកដាក់​ទៅលើ​ជីវភាព​របស់​កម្លាំង​សមត្ថកិច្ច​រហូតដល់​ពួកគេ​ទៅ​តម្រង់​ជួរ​ទទួល​លុយ​ពី​ឈ្មួញ​ត្រឹមតែ​១​ម៉ឺន​រៀល ទៅ​២​ម៉ឺន​រៀល​។ ចំណែក​មេ​ឈ្មួញ សុខ គង់ បាន​និយាយ​យ៉ាង​រីករាយ​ថា​ការចែក​លុយ​ដល់​កម្លាំង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ គឺជា​ការដាក់​ទាន​តាម​ប្រពៃណី​ចិន​-​យួន ហើយ​ម្ចាស់​ទាន​មិនមាន​បំណង​ជួល​ឬ​ទិញ​ទឹកចិត្ត​សមត្ថកិច្ច​ឡើយ​។​

​ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​បានលើកឡើង​ថា​ទង្វើ​របស់​ឈ្មួញ​ឬ​អ្នកមាន​ទ្រព្យសម្បត្តិ​ចែក​អំណោយ ឬ​ចែក​លុយ​ទៅឱ្យ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​មិនមែនជា​រឿង​ខុសច្បាប់​ទេ​។ ប៉ុន្តែ​វា​បានបង្ហាញ​ឱ្យឃើញ​អំពី​កង្វះ​តម្លាភាព​និង​ភាពលម្អៀង​របស់​សមត្ថ​កិច្ច​ទៅលើ​ឈ្មួញ​និង​អ្នកមាន​ធនធាន​ទាំងនោះ ព្រោះ​រាល់​រដូវ​បុណ្យទាន​តែង​តែមា​ន​ការចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ឬ​សមត្ថកិច្ច​។ ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​រិះគន់ថា​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ សុខ គង់ ភាគច្រើន​រកស៊ី​និង​ទទួល​អាជ្ញាប័ណ្ណ​រកស៊ី​ជាមួយ​រដ្ឋាភិបាល​ដោយ​មិនសូវមាន​តម្លាភាព​ប៉ុន្មាន​ឡើយ ជាពិសេស​ការប្រមូលប្រាក់​ចំណូល​ពី​ភ្ញៀវទេសចរ​បរទេស​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​។ ហេតុនេះហើយ​ទើប​មេ​ឈ្មួញ សុខ គង់ ក្លាយជា​មហាសេដ្ឋី​ដ៏​ល្បីឈ្មោះ​នៅ​ស្រុក​ខ្មែរ និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន​និង​មន្ត្រីជាន់ខ្ពស់​បក្ស​ប្រជាជន​។​

​អ្នកតាមដាន​បញ្ហា​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​បាន​លើកឡើងថា ព្រឹត្តិការណ៍​សមត្ថកិច្ច​តម្រង់​ជួរ​យកលុយ​ពី​ថៅកែៗ ដូច​អ្វីដែល​កើតមាន​នៅពេលនេះ​គឺជា​ការទម្លាក់​តម្លៃ​មន្ត្រីរាជការ​កង​កម្លាំង​ប្រដាប់អាវុធ​។ ហេតុនេះ​រដ្ឋាភិបាល​ត្រូវតែមាន​ការកែទម្រង់​ជាបន្ទាន់ ដើម្បីឱ្យ​កង​កម្លាំង​សមត្ថកិច្ច​ទទួលបាន​ប្រាក់ខែ​សមរម្យ​ចៀសវាង​កុំឱ្យ​សមត្ថកិច្ច​ទៅ​ចាំ​ទទួលយក​ទាន​ដែល​គេ​ដាក់ឱ្យ​តទៅទៀត​។ ការផ្តល់​អំណោយ​របស់​ឈ្មួញ​ធំៗ​គឺជា​ការពង្រឹង​អំណាច​បុគ្គ​លនិយម​និង​បក្ខពួកនិយម​នៅក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន ហើយ​អ្វីៗ​កើតចេញពី​កង្វះ​ការ​ទទួលខុសត្រូវ​រប​ស់មេ​ដឹកនាំ​អសមត្ថភាព​៕​
ប្រភព៖មនសិការខ្មែរ


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors