ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អង្គក្សត្រាក្សត្រី ប្រមុខសាសនា អ្នកនយោបាយ តារាចម្រៀងកីឡាករល្បីៗជាងមួយរយនាក់ បានបញ្ជាក់វត្តមាន រួចរាល់ហើយ ថានឹងចូលរួមពិធីបុណ្យសពជាផ្លូវការរបស់លោក នេស៊ុន ម៉ង់ដេឡា នៅថ្ងៃអង្គារទី១០ធ្នូនេះ នៅអាហ្វ្រិកខាងត្បូង។ វីរបុរសប្រឆាំងនឹងការរើសអើងពូជសាសន៍ apartheid បានទទួលមរណភាពនៅថ្ងៃទី៥ធ្នូ ក្នុងជន្មាយុ៩៥ឆ្នាំ ជាទីគោរពពី
សំណាក់សហគមន៍អន្តរជាតិ និងពិភពលោកទាំងមូល ដោយគ្មានប្រកាន់ពណ៌សម្បុរនយោបាយ។ប្រមុខរដ្ឋ និងរដ្ឋាភិបាល យ៉ាងតិច ៧០រូប មកពីអាហ្វ្រិក អាមេរិក អឺរ៉ុប អាស៊ី មានជាអាទិ៍ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតីប្រេស៊ីល ឌីលម៉ា រ៉ូសេហ្វ នាយករដ្ឋមន្ត្រីអង់គ្លេស ដេវីត កាមឺរោន ជាដើម។ល។ បានធ្វើដំណើរទៅកាន់អាហ្វ្រិកខាងត្បូង ថ្ងៃអង្គារនេះ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ លោក Nelson Mandela ក្នុងពិធីបុណ្យសពជាផ្លូវការ។តំណាងអង្គការអន្តរជាតិធំៗ អតីតប្រធានាធិបតីអាមេរិកបីអាណត្តិចុងក្រោយបីរូប អតីតប្រធានាធិបតីបារាំងលោក នីកូឡា សាកូហ្ស៊ី អតីតនាយករដ្ឋមន្ត្រីអង់គ្លេសទាំងអស់ដែលនៅមានជីវិតនៅឡើយ បូកទាំងខាងសែរាជវង្ស ព្រះមហាក្សត្រហូឡង់ អង្គក្សត្រាក្សត្រី ដាណឺម៉ាក ន័រវេស ស៊ុយអែត សុទ្ធតែអញ្ជើញទៅគោរពលាលោក Nelson Mandela ជាចុងក្រោយទាំងអស់ ក្នុងចំណោមនោះ ព្រះអង្គម្ចាស់ Charles របស់អង់គ្លេស បានបញ្ជាក់មុនគេថានឹងយាងទៅជាកត្តិយសក្នុងពិធីបញ្ចុះសព ទៀត។
អវត្តមានគួរកត់សម្គាល់ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធនេះ គឺសម្តេចសង្ឃដាឡៃឡាម៉ា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បិតាបដិវត្តគុយបា លោកហ្វីឌែល កាស្ត្រូ និងប្រធានាធិបតីកូឡុំប៊ី។
កម្មវិធីបុណ្យជាផ្លូវការ ប្រព្រឹត្តនៅស្តាតជាតិ ក្រោមវត្តមានភ្ញៀវ៨ម៉ឺននាក់ មានផ្សាយបន្តផ្ទាល់ទៅកាន់ស្តាតបីផ្សេងទៀត ក្នុងក្រុង ដើម្បីអនុញ្ញាតឱ្យបណ្តាជនអាចចូលរួម បានយ៉ាងច្រើនតាមតែអាចធ្វើទៅបាន។ ហើយតាំងពីថ្ងៃចន្ទមក សភាទាំងពីររបស់អាហ្វ្រិកខាងត្បូងបានបើកសម័យជួបជុំពិសេសនៅក្រុង Cap ចំណែកប្រជាពលរដ្ឋវិញ បន្តសម្រែក ច្រៀងរាំ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរបុរសរបស់អាហ្វ្រិកខាងត្បូង ដែលបានលាចាកលោកដោយបន្សល់ទុកនូវវីរភាពគ្មានប្រៀបសម្រាប់ពិភពលោក និងមនុស្សជាតិទាំងមូល៕
