សម្ពាធ​បាតុកម្ម​នៅ​ប៉ោង​ខ្លាំង​ទោះ​បី​ប្រធានាធិបតី​អ៊ុយក្រែន​ស្នើ​ចរចា



ដោយ អៀង សុខម៉ិញ
ប្រធានាធិបតីអ៊ុយក្រែន បាន​ប្រកាស​ឱ្យ​ដឹង​នៅថ្ងៃ​ទី ៩ ធ្នូ​នេះ ថា​នឹង​បើក​ជំនួប​ចរចា​ជាមួយ​បក្ស​ប្រឆាំង ដូច​អ្វី​ដែល​ប្រមុខ​រដ្ឋ​បី​មុនៗ​ បាន​ស្នើ​ឡើង។ រដ្ឋ​បុរស​ទាំងបួន​នឹង​ជួប​ពិភាក្សា​គ្នា​​ នៅ​ថ្ងៃ​អង្គារ​នេះ នាទីក្រុង​គៀវ។ តើ​ការ​ចរចា​​នេះ​ធ្វើ​ឡើង​ក្នុង​បំណង​បញ្ចុះ​កម្តៅ​បាតុកម្ម​តាម​ផ្លូវឬ ? ឬ​ក៏​មាន​របត់​​នយោបាយ​​អ្វីផ្សេង សម្រាប់​ដោះស្រាយ​វិបត្តិ​នេះ​? ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នេះ ប៉ូលិស​បង្ក្រាប​​បាន​
ឈរ​ជើង​នៅ​ជុំ​វិញ​សាលា​ក្រុង កន្លែង​​បាតុកម្ម។បើ​មើល​ទៅ​លើ​ចលនា​តាម​ថ្នល់​ក្រុង​គៀវ សេចក្តី​ប្រកាស​របស់​ប្រធានាធិបតី ហាក់​ដូច​ជាមិន​បាន​ធ្វើ​ឱ្យ​សម្ពាធ​ដែល​កំពុង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ ចុះ​ថយ​ឥទ្ធិពល​ឡើយ។ បាតុករ​ គ្មាន​ទំនុក​ចិត្ត​​លើ​ប្រមុខ​ដឹកនាំ​រដ្ឋ​ និងស​ង្ស័យ​ថា​ប៉ូលិស​កំពុង​ត្រៀម​បើក​ប្រតិបត្តិការ​បំបែក​បាតុករ​ បើ​មើលកម្លាំង​ដាក់​ពង្រាយ​ព័ទ្ធ​ជុំ​វិញ យ៉ាង​សន្ធឹក​សន្ធាប់។


សន្តិសុខ​ត្រូវ​បាន​ពង្រឹង​នៅ​ជុំ​វិញ​រនាំង​។ បាតុករ​ពាក់​មួក​ ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​អាសន្ន។ ហើយ​នៅ​ពីមុខ គឺ​កម្លាំង​ប៉ូលិស​ឈរ​ជា​ជួរ​​ កាន់​ខែល​ ដាក់​ពង្រាយ​កាត់​គ្រប់​ផ្លូវ​សំខាន់ៗ​របស់​ទី​ក្រុង​ដែល​នាំ​ទៅ​កាន់​ទីលាន​ឯករាជ្យ និង​ពិសេស​នៅ​ក្បែរ​​ផ្ទះ​មេ​សហជីព ដែល​បាតុករ​បោះជំរំ​​ស្នាក់​នៅ ក៏​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​អាសន្នខ្ពស់​បំផុត​​ដែរ។ ជាង​នេះ​ទៅ​ទៀត កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ តុលាការ​បាន​សរុប​សាលដីការ​ថា​ការ​កាន់កាប់​ការិយល័យ​សាធារណៈ​របស់​បាតុករ​ជា​ទង្វើ​ខុស​ច្បាប់។

ដូច្នេះ​ពិត​ណាស់​ថា​នឹង​មាន​ការ​វាយ​បំបែក​ហ្វូង​បាតុករ ! តែ​ស្ត្រី​ បុរស ជា​បាតុករ​ទាំង​រយ​​នាក់ បាន​បញ្ជាក់​ជំហរ​ថា​នឹង​ត្រៀម​ខ្លួន​ប្រឈម​ តទល់​ជា​មួយ​កម្លាំង​មាន​សមត្ថកិច្ច។ ទឹក​កក​សំឡី​បន្ត​ធ្លាក់​ អាកាសធាតុ​ត្រជាក់​ខ្លាំង​មែន ប៉ុន្តែ​ការ​​ប្រឈម​មុខ​ទល់​ជាមួយ​ប៉ូលិស​នៅ​តែ​បន្ត។ បាតុករ​បន្ត​ស្រែក​អំពាវនាវ​ឱ្យ​ប៉ូលិស​ងាក​មក​ចូល​ដៃ​មួយ​ក្រុម​ប្រជាជន។

ភាព​តាន​តឹង​បាន​ឡើង​មួយ​កំរិត​បន្ថែម​ទៀត នៅ​ពេល​ដែល​ឡានកាមីញ៉ុង​ទាហាន​ ត្រូវបាន​ទម្លាយ​ចេញ​ពី​មូលដ្ឋាន សំដៅ​មក​កាន់ទីលាន​ឯករាជ្យ ដែល​ប្រជាជន​រាប់​​រយ​នាក់​ប្រមូល​ផ្តុំ​គ្នា​ ហើយ​បុព្វជិត​សូត្រ​ធម៌​ផ្តល់ក្តី​​អនុគ្រោះ៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors