Pages

Tuesday, December 3, 2013

នាយិកា​មូលនិធិ​ IMF ធ្វើ​ទស្សនកិច្ច​ដំបូង​នៅ​កម្ពុជា

ភ្នំពេញ — លោកស្រី ​Christine Lagarde ​ប្រធាន​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ ​(IMF) ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ចាប់​ផ្តើមទស្សនកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់​ខ្ពស់​អន្តរជាតិធំ​លំដាប់​ទី​ពីរ​មកកម្ពុជា ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​ស៊ីនហ្សូ ​អាបេ ​
នាយករដ្ឋមន្ត្រី​ប្រទេស​ជប៉ុន​កាល​ពី​ខែ​មុន ​ក្រោយ​ពី​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស់​នៅ​កម្ពុជា។​នៅ​ថ្ងៃ​ទី​មួយ​នេះ​ លោកស្រី​បាន​ជួប​ពិភាក្សា​រយៈ​ពេល​១​ម៉ោង​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​នៅ​វិមាន​សន្តិភាព។​លោក​អ៊ាង សុផល្លែត ​ជំនួយការ​លោក​នាយករដ្ឋមន្ដ្រី​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្រោយ​ពី​ជំនួបនេះ​ថា​ លោកស្រី​ Lagarde ​បាន​សរសើរ​ពី​កំណើន​សេដ្ឋកិច្ច​រឹងមាំ​និង​កំណែ​ទម្រង់​វិស័យ​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ចរបស់​កម្ពុជា។​

«លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថា​ មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ ទស្សន៍ទាយ​ថា ​កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាង​៧​ភាគរយ​នៅ​ឆ្នាំ​នេះ។​ កម្ពុជា​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ច្រើន​មក​វិនិយោគ​នៅ​កម្ពុជា។ ​យុទ្ធសាស្ត្រ​ចតុកោណ​គឺ​ល្អ​ណាស់​ គឺ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អប់រំ​សុខភាព និង​ហិរញ្ញ​វត្ថុ​ គឺ​ជា​ការ​ត្រឹមត្រូវ​ណាស់​សម្រាប់​អនាគត​ដ៏​ភ្លឺ​ស្វាង​របស់​កម្ពុជា»។​

លោក​អ៊ាង សុផល្លែត​ បន្ថែម​ថា​ លោកស្រី​ Lagarde​ ក៏​បាន​លើក​ទឹក​ចិត្ត​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ធ្វើ​កំណែ​ទម្រង់​របស់​ខ្លួន​បន្ត​ទៀត ​ចំណែក​ឯ​ភាគី​ IMF​ សន្យាបន្ត​ធ្វើ​ជា​ដៃគូ​ជាមួយ​នឹង​រដ្ឋា​ភិបាល​កម្ពុជា។​

លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​បាន​ឆ្លើយ​តប​ទៅ​វិញ​ដោយ​បាន​បញ្ជាក់ពីតួនាទីដ៏​មាន​សារៈសំខាន់​របស់​ IMFសម្រាប់​កម្ពុជា។ ​នេះ​បើ​តាម​លោក អ៊ាង សុផល្លែត៖​ «សម្តេច​បាន​មាន​ប្រសាសន៍​ថា​ ភាព​ជា​ដៃគូ​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​ IMF​មាន​សារៈសំខាន់​ណាស់ ​ អ្វី​ជា​អនុសាសន៍​របស់​ IMF​ ក្នុង​ក្របខ័ណ្ឌ​កំណើន​សេដ្ឋកិច្ច​ និង​ម៉ាក្រូ​សេដ្ឋកិច្ច។ ​បន្ទាប់​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​នៅ​អាស៊ី​កន្លង​មក​ IMF ​បាន​ផ្តល់​អនុសាសន៍​មក​កម្ពុជា ​ដែល​នាំ​ឱ្យ​កម្ពុជា​ឆ្លង​ផុត​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​២០០៨-២០០៩​ នា​ពេល​កន្លង​មក»។​

IMF​ គឺ​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​កំពូល​មួយ​របស់​ពិភពលោក​ ដែល​បាន​ផ្តល់​ជំនួយ​ និង​កម្ចី​ដល់រដ្ឋាភិបាល​កម្ពុជា​ ដែល​ត្រូវការ​ជំនួយ​បរទេស​ប្រហែល​១.០០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។​

ប៉ុន្តែ​លោក យ៉ែម បុញ្ញឫទ្ធិ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​យល់​ថា​ ដំណើរទស្សនកិច្ច​នេះ​គឺ​ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​សេដ្ឋកិច្ច​ និង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ប៉ុណ្ណោះ។​

លោក​ថ្លែង​ថា៖ «ខ្ញុំ​ជឿ​ថា​ ទី​មួយ​មក​មើល​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា ​និង​ទី​ពីរ​ដើម្បី​ស៊ើប​អង្កេត​រឿង​ពិត​នៃ​អំពើ​ពុក​រលួយ​ដែល​ល្បី​ខ្ចរខ្ចាយ​ពី​ការ​បាត់​លុយ​ជំនួយ​ពី​សហគមន៍អន្តរជាតិ។ ​នេះជា​ព័ត៌មាន​ដែល​យើង​បាន​ដឹង»។​

សេចក្តី​ប្រកាសព័ត៌មាន​របស់​ IMF​ ឲ្យ​ដឹង​ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ ​លោកស្រី ​Lagarde ​ក៏​គ្រោង​នឹង​ចូល​គាល់​ព្រះ​បាទ​នរោត្តម ​សីហមុនី​ និង​ជួប​ជាមួយ​លោក​ឧបនាយករដ្ឋ​មន្ត្រី គាត ​ឈន់ ​និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត។​

លោកស្រី​ក៏​គ្រោង​នឹង​ធ្វើ​បទ​បង្ហាញ​មួយ​ទៅ​កាន់​និស្សិត​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ​និង​ជួប​ពិភាក្សា​ជាមួយ​ស្ត្រី​ថ្នាក់​ដឹក​នាំ​ជំនួញ​ អ្នក​រៀបចំ​គោល​នយោបាយ ​និង​តំណាង​វិស័យ​ឯកជន​ជា​ច្រើន​រូប​ផ្សេង​ទៀត។​

កម្ពុជា​ជា​ប្រទេស​ដំបូង​គេ​ក្នុង​ដំណើរ​ទស្សនកិច្ច​ថ្នាក់​តំបន់របស់​លោកស្រី។​ លោកស្រី​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ​និង​ភូមា ​បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា៕