លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឥស្សរជននយោបាយកម្ពុជា ដទៃទៀត បានចូលរួមសម្ពោធវិមានអនុស្សាវរីយ៍នេះក្នុងគម្រប់ខួបទី៣៥ នៃការបង្កើតចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិ (២ ធ្នូ ឆ្នាំ១៩៧៨-២ ធ្នូ ឆ្នាំ២០១៣)។
វិមានអនុស្សាវរីយ៍ ២ ធ្នូ ដែលបើកសម្ពោធនៅថ្ងៃទី២ ខែធ្នូ ចំណាយទឹកប្រាក់ជិត ៤លានដុល្លារសហរដ្ឋអាមេរិក (៣.៨លាន)។
ពិធីសម្ពោធវិមានអនុស្សាវរីយ៍ ២ ធ្នូ មានមនុស្សចូលរួមរាប់ម៉ឺននាក់ និងទុកសម្រាប់ផ្ដល់ជូនប្រជាជនកម្ពុជា ដែលបានឆ្លងកាត់របប ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដែលកាលណោះគ្រប់គ្រងដោយរបបខ្មែរក្រហម ទុកសម្រាប់រំលឹក និងចងចាំថាព្រឹត្តិការណ៍ថ្ងៃ២ ធ្នូ ជាថ្ងៃនាំមុខឈានទៅផ្ដួលរំលំរបបខ្មែរក្រហមប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
អ្នករៀបចំកម្មវិធីសម្ពោធវិមានអនុស្សាវរីយ៍ ២ ធ្នូ បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលដឹកនាំក្នុងការរំដោះប្រទេស និងកសាងប្រទេសឡើងវិញ ចាប់តាំងពីថ្ងៃរំដោះឆ្នាំ១៩៧៩ មក។
ដើមដំបូងរណសិរ្សនេះ មានឈ្មោះថា "រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា" និងបានបង្កើតឡើង នៅភូមិ២ធ្នូ ឃុំជើងឃ្លូ ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨៕