HRW៖ លោក ជាម យៀប ប្រឈម​មុខ​ជាប់​គុក​យ៉ាង​ហោច​៣​ឆ្នាំ



អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch = HRW) ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​៣ ធ្នូ នេះ ព្រមាន​ថា រឿង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ លោក ជាម យៀប មិន​ត្រូវ​យក​រឿង​នយោបាយ​មក​លាយឡំ​ជាមួយ​រឿង​ព្រហ្មទណ្ឌ​ទេ ហើយ លោក ជាម យៀប ត្រូវ​ប្រឈម​មុខ​ច្បាប់ ដោយ​រថយន្ត​របស់​លោក​បាន​បុក​ប្ដី​ប្រពន្ធ​កាល​ពី​ចុង​ខែ​វិច្ឆិកា កន្លង​ទៅ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន ឲ្យ​ដឹង​ថា លោក ជាម យៀប អាច​ប្រឈម​មុខ​ជាប់​គុក​យ៉ាង​ហោច​បី​ឆ្នាំ បើ​ទោះ​បី​ជា​លោក​មិន​មែន​ជា​អ្នក​បើកបរ​ក៏ដោយ។នាយក​អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ ប្រចាំ​តំបន់​អាស៊ី លោក ប្រែត អាដាម (Brad Adams) បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា កន្លង​មក​មាន​មន្ត្រី និង​អ្នក​មាន​ប្រាក់​នៅ​កម្ពុជា ច្រើន បាន​បុក​មនុស្ស ហើយ​បើក​ឡាន​រត់​គេច​យក​រួច​ខ្លួន ហើយ​មិន​ដែល​បាន​ទទួល​ទោស​តាម​ច្បាប់​ទេ៖«អ្នក​មាន​អំណាច និង​អ្នក​មាន​បុណ្យ​សក្ដិ​នៅ​កម្ពុជា មាន​ប្រវត្តិ​យូរ​លុង​មក​ហើយ​ពាក់ព័ន្ធ​រឿង​បុក​គេ​នៅ​តាម​ផ្លូវ ហើយ​រត់​យក​រួច​ខ្លួន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​មាន​កំហឹង​ឡើង»។
កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១៣ រថយន្ត​ទំនើប​របស់ លោក ជាម យៀប ជា​តំណាង​រាស្ត្រ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បុក​ប្ដី​ប្រពន្ធ​ដែល​កំពុង​ជិះ​ម៉ូតូ​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​១ នៅ​កៀនស្វាយ បណ្ដាល​ឲ្យ​ប្រពន្ធ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ និង​ប្ដី​របួស​ធ្ងន់។
សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ថែម​ថា រថយន្ត លោក ជាម យៀប បាន​បុក​ម៉ូតូ ហើយ​អូស​ម៉ូតូ​ជន​រងគ្រោះ​ចម្ងាយ ៥០​ម៉ែត្រ ហើយ​រត់​យក​រួច​ខ្លួន ដែល​មិន​បាន​ផ្ដល់​ជំនួយ​បន្ទាន់​ដល់​ជន​រងគ្រោះ។
សូម​រង់​ចាំ​ស្ដាប់ និង​អាន​ព័ត៌មាន​បន្ថែម.


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors