សហរដ្ឋ​អាមេរិក​សោ​ក​ស្តាយ​ចំពោះ​ការ​បាត់​បង់​ជីវិត​នៅ​ថៃ​



ដោយ លាង ដឺលុច
ក្រសួង ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​សោក​ស្តាយ​ចំពោះ​ហេតុការណ៍​កល​យុគ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​ដែល​បាន​បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​អំពាវនាវ​អោយ​ភាគី​នយោបាយ​ទាំង​ពីរ ពោល​គឺ​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់អំណាច​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ដោយ​ការ​ចរចារ​គ្នា។ប្រទេស​មហា​អំណាច​បាន​ចាប់​ផ្តើម​ថ្លែងការណ៍​ចំពោះ​ព្រឹត្តិការណ៍​បង្ហូរ
​ឈាម​នៅ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​ហើយ។ សហរដ្ឋអាមេរិក​បាន​ថ្លែង​សោកស្តាយ​យ៉ាង​ខ្លាំង នៅពេល​ដែល​មាន​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​ប៉ូលីស និង​ក្រុម​អ្នក​តវ៉ា​របស់​គណបក្ស​ប្រឆាំង។
 
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោកស្រី Jen Psaki បាន​និយាយ​ចំៗ​ថា ទី​ក្រុង​វ៉ា​ស៊ី​តោន​កំពុង​ព្រួយ​បារម្ភ​អំពី​ស្ថាន​ភាព​នយោបាយ​តាន​តឹង​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ថា អាមេរិក​ក៏​កំពុង​តាម​ដាន​បញ្ហា​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ថ្លែង​ប្រាប់​អ្នក​កាសែត លោក​ស្រី​អ្នក​នាំ​ពាក្យ​បន្ត​ថា ការ​តវ៉ា​ដោយ​សន្តិវិធី និង​សេរីភាព​បញ្ចេញ​មតិ​គឺ​ជា​ទិដ្ឋភាព​ដ៏​សំខាន់​របស់​លទ្ធិ​ប្រជាធិបតេយ្យ។ ហើយ​ថា អំពើ​ហិង្សា និង​ការ​ដណ្តើម​កាន់​កាប់​ទ្រព្យ​សម្បត្តិ​រដ្ឋ និង​ឯកជន គឺ​ជា​សកម្ម​ភាព​ដែល​មិន​អាច​ទទួល​យក​បាន ដើម្បី ដោះ​ស្រាយ​ទំនាស់​នយោបាយ​នោះ​ទេ។
 
បើ​តាម​ការ​អះ​អាង​របស់​លោក​ស្រី Jen Psaki ដដែល តំណាង​សហរដ្ឋ​អាមេរិក​បាន​ជួប​​ជាមួយ​លោកស្រី​យីង​ឡាក់ ស៊ីណា​វ៉ាត់ និង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​រួច​ហើយ ដើម្បី លើក​ទឹក​ចិត្ត​អោយ​ពួកគេ​បង្កើន​ភាព អត់ធ្មត់ និង​ចរចារ​ដោយ​សន្តិវិធី ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​នេះ។
 
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​ថ្កោលទោស ការ​ប្រើ​ប្រាស់​ហិង្សា​ដែល​កើត​ចេញ​ពី​មូល​ហេតុ​នយោបាយ និង​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​នោះ។
 
គួរ​រម្លឹក​ថា ប្រឈម​នឹង​ការ​ទាម​ទារ​អោយ​លោកស្រី​នាយក​រដ្ឋមន្ត្រី យីង​ឡាក់ ស៊ីណា​វ៉ា​ត់​ចុះ​ចេញ​ពី​ដំណែង​នោះ តុលាការ​ព្រហ្មទណ្ឌ​ថៃ​ក៏​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​មេដឹក​នាំ​ចលនា​ប្រឆាំង​ដែរ​កាល​ពី​ថ្ងៃ​ចន្ទ។ តុលាការ​ព្រហ្មទណ្ឌ​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក​ស៊ូ​ថេប ថង​ស៊ូ​បាន និង​បក្សពួក​មួយ​ចំនួន​ទៀត ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បះបោរ​ទម្លាក់​រដ្ឋាភិបាល។ បទ​ចោទ​នេះ ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​មែន​នោះ ជន​ជាប់​ចោទ​នឹង​ត្រូវ​ផ្តន្ទា​ទោស​អោយ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors