ការហែក្បួនប្រារព្ធទិវាសិទ្ធីមនុស្សលើកនេះ មិនមានការរារាំងពីសំណាក់អាជ្ញាធរទេ គ្រាន់តែមានការភ្ញាក់ផ្អើលមួយប្រាវនៅទីលានប្រជាធិបតេយ្យ ដោយសារមានការប្រទាញប្រទង់គ្នា រវាងចោរឆក់ទូរស័ព្ទដៃជាមួយព្រះសង្ឃ ដែលកំពុងចូលរួមហែក្បួន។
ក្រៅពីនេះ ក្រុមអ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា ត្រូវបានក្រុមអ្នកហែក្បួនហាមថតរូបភាព និងថតវីដេអូអំពីសកម្មភាពហែក្បួននេះ ដោយក្រុមអ្នកហែក្បួនស្ដីបន្ទោសថា ទូរទស្សន៍ជាតិមាននិន្នាការផ្សាយព័ត៌មានលំអៀងខាងរដ្ឋាភិបាល មិនដែលផ្សាយព័ត៌មានពីបក្សប្រឆាំង។
ក្បួនធម្មយាត្រាដល់មុខមន្ទីររដ្ឋសភា
ក្បួនធម្មយាត្រា-សិទ្ធិយាត្រា ៥ខ្សែ មានមនុស្សចូលរួមរាប់ពាន់នាក់ បានដង្ហែក្បួនទៅដល់មុខមន្ទីររដ្ឋសភានៅម៉ោង ៩ព្រឹក ថ្ងៃទី១០ ធ្នូ បើទោះបីជារដ្ឋាភិបាលបានហាម ហែក្បួនទៅមន្ទីររដ្ឋសភាយ៉ាងណាក្ដី។
ចំណែកក្បួនហែរបស់បក្សសង្គ្រោះជាតិ ៣ខ្សែទៀត ដែលហែចេញពីទិសដៅខុសៗគ្នា មានមនុស្សរាប់ម៉ឺននាក់នោះ ក៏បានហែក្បួនចូលមកដល់កណ្ដាលរាជធានី ត្រង់ចំណុចភ្លើងស្តុបមុខស្ថានីយអយស្ម័យយាន ហើយដោយសំដៅទៅជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ។
ខណៈក្រុមអង្គការមិនមែនរដ្ឋាភិបាល សមាគម សហគមន៍ និងសង្គមស៊ីវិលផ្សេងៗទៀតប្រារព្ធទិវានេះនៅសួនច្បារវត្តភ្នំ។
ចំណែករដ្ឋាភិបាលក៏បានរៀបចំប្រារព្ធពិធីទិវាសិទ្ធិមនុស្សនេះដែរនៅពហុកីឡាដ្ឋានជាតិ និងមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ។
ក្រុមធម្មយាត្រា និងថ្នាក់ដឹកនាំ រួមទាំងអ្នកគាំទ្របក្សសង្គ្រោះជាតិ ក្រុមអង្គការមិនមែនរដ្ឋាភិបាល ហែក្បួនអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដើម្បីទាមទារយុត្តិធម៌និងការគោរពសិទ្ធិមនុស្ស។
សូមរង់ចាំអាននិងស្ដាប់សេចក្ដីរាយការណ៍នានាជុំវិញព្រឹត្តិការណ៍នេះបន្ថែមទៀត...
