
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានបញ្ចេញប្រតិកម្មចំពោះមេដឹកនាំគណបក្សប្រឆាំង ដែល លោក សម រង្ស៊ី បានចំអកឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាមេដឹកនាំអន់ជាងស្ត្រីទៅទៀតនោះ។ នៅក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ កាលពីថ្ងៃទី១០ ធ្នូ ម្សិលមិញ នៅឯខេត្តសៀមរាប លោក សម រង្ស៊ី បានអំពាវនាវឲ្យ លោក ហ៊ុន សែន មានចិត្តសឿងដូច អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នាយករដ្ឋមន្ត្រីថៃ ដែលហ៊ានប្រកាសរំសាយសភា និងរៀបចំឲ្យមានការបោះឆ្នោតឡើងវិញនោះ។
សម្រាប់គណបក្សសង្គ្រោះជាតិ បានរៀបផែនការជាបន្តបន្ទាប់ ដើម្បីដឹកនាំបាតុករធ្វើបាតុកម្មក្នុងរយៈពេល ១សប្ដាហ៍ម្ដងជាទៀងទាត់ ដោយទាមទារឲ្យស៊ើបអង្កេតលទ្ធផលបោះឆ្នោត និងទាមទារឲ្យមានការបោះឆ្នោតឡើងវិញជាដើម។
ចំពោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាចនោះ បានអះអាងថា ការស៊ើបអង្កេតលទ្ធផលបោះឆ្នោត និងការបោះឆ្នោតឡើងវិញ មិនអាចធ្វើទៅរួចទេ ព្រោះថា ការដោះស្រាយអំពីលទ្ធផលឆ្នោតបានដោះស្រាយរួចរាល់ទៅហើយ។
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការលើកឡើងចំអករបស់ លោក សម រង្ស៊ី ដាក់ លោក ហ៊ុន សែន នោះ គ្មានមូលដ្ឋានច្បាស់លាស់ទេ។ ផ្ទុយទៅវិញ លោកថា លោក សម រង្ស៊ី កំពុងស្ថិតនៅក្នុងភាពអស់សង្ឃឹមរបស់ខ្លួន។ លោក ផៃ ស៊ីផាន អះអាងថា ស្ថានភាពរបស់កម្ពុជា ខុសពីប្រទេសថៃ ដោយសារថា ថៃ មានភាគីបីសំខាន់ គឺព្រះមហាក្សត្រ រដ្ឋាភិបាល និងយោធា។ ដោយឡែក កម្ពុជា វិញ មានព្រះមហាក្សត្រមានរដ្ឋាភិបាល និងគោរពរដ្ឋធម្មនុញ្ញជាធំ។
«សំឡេង»
ការលើកឡើងរបស់ លោក ផៃ ស៊ីផាន នេះ ធ្វើឡើងនៅបន្ទាប់ពី លោក សម រង្ស៊ី បានថ្លែងទៅកាន់អ្នកគាំទ្រលោកនៅឯខេត្តសៀមរាប រាប់ម៉ឺននាក់ កាលពីថ្ងៃទី១០ ធ្នូ ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ ដោយចំអកថា លោក ហ៊ុន សែន មិនមានចិត្តសឿងដូចនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ដែលហ៊ានប្រកាសលាលែងពីតំណែងនោះឡើយ។
«សំឡេង»
ការថ្លែងចំអករបស់ លោក សម រង្ស៊ី នេះ នៅខណៈដែលវិបត្តិនយោបាយនៅប្រទេសកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរទៅៗ ដែលក្រុមអាវលឿងប្រឆាំងរដ្ឋាភិបាលថៃ បានធ្វើបាតុកម្មចង់ទម្លាក់ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ អស់រយៈពេលជាងមួយខែមកហើយ។
កាលពីថ្ងៃទី៩ ធ្នូ ព្រះមហាក្សត្រថៃ បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យរំលាយរដ្ឋសភា ដែលស្នើដោយអ្នកស្រីនាយករដ្ឋមន្ត្រី យីងឡាក់ ហើយព្រះអង្គបានកំណត់ថ្ងៃបោះឆ្នោតជាថ្មី នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខ។ ក៏ប៉ុន្តែ នៅក្នុងដំណាក់កាលអន្តរកាលនេះ អ្នកស្រី យីងឡាក់ នៅតែជានាយករដ្ឋមន្ត្រីចាំផ្ទះ។
តើការស្នើសុំទៅព្រះមហាក្សត្ររបស់នាយករដ្ឋមន្ត្រីថៃ ជាការឆ្លុះបញ្ចាំងពីសេចក្ដីក្លាហានរបស់ អ្នកស្រី យីងឡាក់ ឬក៏ជាភាពទាល់ច្រកនយោបាយ នៅពេលខាងក្រុមប្រឆាំងអាវលឿងថៃ បានដាក់សម្ពាធខ្លាំង?
អ្នកវិភាគនយោបាយបានពន្យល់ថា ការរំលាយសភា បោះឆ្នោតឡើងវិញរបស់ថៃ នេះ គឺនាយករដ្ឋមន្ត្រីថៃ ស្ថិតនៅក្នុងភាពទាល់ច្រកនយោបាយ ពីព្រោះថា ក្រុមប្រឆាំងរដ្ឋាភិបាលថៃ បានដាក់សម្ពាធខ្លាំងទៅរដ្ឋាភិបាល ដោយបានឡោមព័ទ្ធស្ថាប័នរដ្ឋមួយចំនួននោះ។ ដោយឡែកសម្រាប់កម្ពុជា វិញ គណបក្សប្រឆាំងខ្មែរមិនមានយុទ្ធសាស្ត្រខ្លាំងដូចគណបក្សប្រឆាំងថៃ ដែរ។ ដូច្នេះ ការទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ជាការលំបាកមួយ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា គណបក្សប្រឆាំងថៃ មានអំណាចខ្លាំង មានសេដ្ឋកិច្ច និងអាចឲ្យប្រទេសថៃ ដាច់ទំនាក់ទំនងការបរទេសថៃ។ ដូច្នេះ រដ្ឋាភិបាលថៃ គ្មានជម្រើសអ្វីក្រៅពីប្រកាសលាលែង ឬរំលាយសភានោះឡើយ។ លោកបញ្ជាក់ថា ប្រសិនបើគណបក្សប្រឆាំងបានប្រើយុទ្ធសាស្ត្រដូចគណបក្សប្រឆាំងថៃ រដ្ឋាភិបាលកម្ពុជា ក៏នឹងយកជម្រើសដូច អ្នកស្រី យីងឡាក់ ដែរ។
«សំឡេង»
លោកបណ្ឌិត សុខ ទូច បន្ថែមថា គណបក្សសង្គ្រោះជាតិ យកយុទ្ធសាស្ត្រធ្វើបាតុកម្មដូច លោក មហាត្មៈគន្ធី នោះ គឺហួសសម័យកាលហើយ។ យុទ្ធសាស្ត្រនេះមិនអាចប្រើប្រាស់នៅកម្ពុជា នាពេលបច្ចុប្បន្នបានឡើយ។ លោក សុខ ទូច លើកឡើងថា ប្រសិនបើគណបក្សប្រឆាំងខ្លាំង នៅពេលនោះរដ្ឋាភិបាលនឹងទន់ខ្សោយ ហើយអាចធ្វើដូច អ្នកស្រី យីងឡាក់ ដូច្នោះដែរ។
«សំឡេង»
ស្ថានភាពនយោបាយនៅកម្ពុជា កំពុងស្ថិតនៅក្នុងបរិបទមិនច្បាស់លាស់នៅឡើយ អ្នកឃ្លាំមើលបញ្ហានយោបាយបានលើកឡើងថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មខ្លាំងក្លាដូចប្រទេសថៃ នោះ ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ងាយប្រឈមនឹងភាពផុយស្រួយ ហើយរដ្ឋាភិបាលអាចប្រឈមនឹងបញ្ហាលំបាកជាងរដ្ឋាភិបាលថៃ ទៅទៀត។
គណបក្សសង្គ្រោះជាតិ បានប្រកាសថា គណបក្សនេះនឹងដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មចាប់ពីថ្ងៃទី១៥ ធ្នូ តទៅ ដោយមួយសប្ដាហ៍ធ្វើម្ដង។ បាតុកម្មនេះធ្វើឡើងដោយអហិង្សា ដោយទាមទារយុត្តិធម៌ជូនម្ចាស់ឆ្នោត និងទាមទារឲ្យរៀបចំបោះឆ្នោតឡើងវិញ។
ប្រធានគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា ពន្យល់ថា បញ្ហានយោបាយនៅប្រទេសជិតខាងអាចជះឥទ្ធិពលដល់កម្ពុជា។ យ៉ាងនេះក្ដី លោកបញ្ជាក់ថា ស្ថានភាពជាប់គាំងនយោបាយនៅកម្ពុជា នេះ អ្នកនយោបាយត្រូវតែគិតគូរដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតជាធំវិញប្រសើរជាង ពីព្រោះថា ប្រជាពលរដ្ឋបោះឆ្នោតជូន គឺចង់ឲ្យមានជីវភាពធូរធាររស់នៅបានសមរម្យក្នុងសង្គម។
«សំឡេង»
ការជាប់គាំងនយោបាយនៅកម្ពុជា បានអូសបន្លាយពេលជាង ៦ខែមកហើយ គិតចាប់ពីថ្ងៃបោះឆ្នោត កាលពីខែកក្កដា កន្លងមក។ គណបក្សជាប់ឆ្នោតទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ធ្លាប់បានធ្វើការចរចាចំនួនបីលើកមកហើយ តែលទ្ធផលបានបរាជ័យ។ មកទល់ពេលនេះ មេដឹកនាំគណបក្សទាំងពីរនៅតែអះអាងថា គណបក្សទាំងពីរនៅតែបើកទ្វារចំហក្នុងការចរចា ប៉ុន្តែបញ្ហាជាក់ស្ដែង មេដឹកនាំគណបក្សទាំងពីរមិនបានទាក់ទងគ្នាដើម្បីចរចាទេ ដោយគណបក្សទាំងពីរបានប្រកាន់ជំហររៀងៗខ្លួន៕
សូមចុចលីស្តាប់ពិស្តារ RFA
សូមចុចលីស្តាប់ពិស្តារ RFA
