
យួនហុងអាញ់យ៉ាឡាយ ដែលជាក្រុមហ៊ុនកំពុងរំលោភសិទ្ធិមនុស្សនិងបំផ្លាញបរិស្ថាននៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ។ ការលាតត្រដាងរបស់អង្គការឃ្លាំមើលបរិស្ថានពិភពលោកនៅពេលនេះជាភស្តុតាងបង្ហាញថាការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យក្រុមហ៊ុនយួនដាំកៅស៊ូគឺជាមូលហេតុដែលនាំឱ្យមានបទល្មើសបំផ្លាញព្រៃឈើ។
របាយការណ៍របស់អង្គការ ឃ្លាំមើលបរិស្ថានពិភពលោក ចេញផ្សាយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ បានសរសេរថា ក្រុមហ៊ុនក្រេឌីដស្វីស មានភាគហ៊ុនធំជាងគេ នៅក្នុងក្រុមហ៊ុនយួនហុងអាញ់យ៉ាឡាយដែលក្រុមហ៊ុននេះបានធ្វើផ្ទុយពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពសិទ្ធិមនុស្ស។ របាយការណ៍បានសរសេរថា ក្រុមហ៊ុនក្រេឌីដស្វីសទោះបីបានប្តេជ្ញាចិត្តថាក្រុមហ៊ុនមិនវិនិយោគទៅលើគម្រោងណាដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានដល់សង្គម និងសិទ្ធិមនុស្សក្តី ប៉ុន្តែក្រុមហ៊ុននេះ នៅតែដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនយុងអាញ់យ៉ាឡាយដែលជាក្រុមហ៊ុនធ្វើឱ្យមានការរំលោភសិទ្ធិមនុស្ស បំផ្លាញបរិស្ថាន បំផ្លាញព្រៃឈើ ក្រោមគម្រោងអភិវឌ្ឍន៍ដាំកៅស៊ូលើដីសម្បទាន។
អង្គការឃ្លាំមើលបរិស្ថានពិភពលោក ចេញរបាយការណ៍កាលពីខែឧសភា ឆ្នាំ២០១៣ មានចំណងជើងថា “Rubber Barons ” ទម្លាយឱ្យពិភពលោកបានដឹងពីសកម្មភាពបំពានច្បាប់ជាតិ បំផ្លាញធនធានធម្មជាតិ ព្រមទាំងរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសឡាវ។ អង្គការឃ្លាំមើលបរិស្ថានពិភពលោក បានលាតត្រដាងអំពីទង្វើខុសច្បាប់របស់ក្រុមហ៊ុនយួនធំៗ២ គឺក្រុមហ៊ុនហុងអាញ់យ៉ាឡាយ និងក្រុមហ៊ុនវៀតណាមរ៉ាប់ប័រគ្រុប ដែលបំផ្លាញព្រៃឈើខ្មែរក្នុងខេត្តរតនគិរី យ៉ាងមហន្តរាយ។ តាមរយៈការលាតត្រដាងរបស់អង្គការឃ្លាំមើលបរិស្ថានពិភពលោក ជាបន្តបន្ទាប់កន្លងទៅនេះគឺរដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនអាចបិទបាំងបទល្មើសបំផ្លាញព្រៃឈើក្រោមរូបភាពនៃដីសម្បទានសេដ្ឋកិច្ចតទៅទៀតទេ។ មិនតែប៉ុណ្ណោះគេបានទម្លាក់ការទទួលខុសត្រូវទាំងស្រុងទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន ដែលជាអ្នកបើកដៃឱ្យក្រុមហ៊ុនយួននិងក្រុមហ៊ុនចិនបំផ្លាញព្រៃឈើស្រុកខ្មែរឱ្យរលាយសាបសូន្យ។
ក្រុមហ៊ុនក្រេឌីដស្វីស នៅតែបន្តដាក់ទុនក្នុងក្រុមហ៊ុនហុងអាញ់យ៉ាឡាយ ដើម្បីទទួលបានភាគហ៊ុនជាង១០ភាគរយ ហើយក្រុមហ៊ុននេះបានក្លាយទៅជាម្ចាស់ភាគហ៊ុនធំទី២ បន្ទាប់ពីប្រធានក្រុមហ៊ុនហុងអាញ់យ៉ាឡាយឈ្មោះ ដន ង្វៀងឌឹក។ ក្រុមហ៊ុនហុងអាញ់យ៉ាឡាយ បានវិនិយោគលើវិស័យដាំណាំកៅស៊ូ ក្នុងខេត្តរតនគិរី ប្រទេសកម្ពុជាជាប់ព្រំដែន ខេត្តយ៉ាឡាយប្រទេសយួន។ ក្រុមហ៊ុននេះកាន់កាប់ដីនៅខេត្តរតនគិរីក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ចជិត៥ម៉ឺនហិកតា ខណៈដែលច្បាប់ប្រទេសកម្ពុជាកំណត់មិនឱ្យកាន់កាប់ដីសម្បទានលើសពី១ម៉ឺនហិកតាសម្រាប់ក្រុមហ៊ុនមួយ។ ចំណែកក្រុមហ៊ុនវៀតណាមរ៉ាប់ប័រគ្រុបវិញ មានអាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ចរាប់សែនហិកតាក្នុងប្រទេសកម្ពុជា គឺមាននៅខេត្តរតនគិរី មណ្ឌលគិរី ក្រចេះស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំផងដែរ។ ក្រុមហ៊ុនយួនទាំងពីរខាងលើនេះគ្មានអភិវឌ្ឍន៍អ្វីគួរឱ្យចាប់អារម្មណ៍នោះទេ ក្រៅពីប្រើអាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ចដើម្បីកាប់ឈើធ្វើអាជីវកម្មខុសច្បាប់តាមអំពើចិត្ត។
ក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជាបានបង្ហាញនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថាក្រុមហ៊ុនក្រេឌីដស្វីសជាម្ចាស់ភាគហ៊ុនធំ ក្នុងក្រុមហ៊ុនហុងអាញ់យ៉ាឡាយរបស់យួន។ ជាមួយគ្នានេះអង្គការឃ្លាំមើលបរិស្ថានពិភពលោកបានលើកឡើងថា តើក្រុមហ៊ុនក្រេឌីដស្វីស អាចពិនិត្យអ្វីខ្លះប្រសិនបើក្រុមហ៊ុននេះ គិតថាវាជាពេលវេលាល្អសម្រាប់ផ្តល់ហិរញ្ញវត្ថុទៅឱ្យក្រុមហ៊ុនហុងអាញ់យ៉ាឡាយនោះ។ ជាមួយគ្នានេះអង្គការឃ្លាំមើលបរិស្ថានពិភពលោកបានជំរុញឱ្យក្រុមហ៊ុន ក្រេឌីដស្វីស ពិនិត្យឡើងវិញនូវដំណើរការរបស់ខ្លួន ដើម្បីធានាឱ្យបាននូវទុនវិនិយោគរបស់ខ្លួនប្រកបដោយយុត្តិធម៌ ការវិនិយោគនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពធ្វើជាគំរូសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។
មួយរយៈពេលកន្លងទៅនេះក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា ក៏បានលាតត្រដាងជុំវិញបទល្មើសបំផ្លាញព្រៃឈើក្នុងប្រទេសកម្ពុជាដែរ ហើយរកឃើញមន្ត្រីប្រដាប់អាវុធ និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលលោក ហ៊ុន សែន រាប់រយនាក់ជាប់ពាក់ព័ន្ធទៅនឹងបទល្មើសបំផ្លាញព្រៃឈើ។ អង្គការក្រៅរដ្ឋាភិបាលបានលាតត្រដាងយ៉ាងច្បាស់នូវរឿងរ៉ាវក្រុមហ៊ុនរបស់មេឈ្មួញ ទ្រី ភាព បំផ្លាញព្រៃឈើនិងរឹបអូសយកដីធ្លីប្រជាពលរដ្ឋនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ដូច្នេះរដ្ឋាភិបាលលោក ហ៊ុន សែន គ្មានមធ្យោបាយអ្វីដែលអាចបិទបាំងបទល្មើសបំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជាតទៅទៀតបានឡើយ។ លោក ហ៊ុន សែន ដែលគ្រប់គ្រងតំណែងនាយករដ្ឋមន្ត្រីច្រើនអាណត្តិកន្លងទៅនេះគឺជាអ្នកទទួលខុសត្រូវធំជាងគេបំផុតចំពោះវិនាសសកម្មព្រៃឈើក្នុងប្រទេសកម្ពុជា ព្រោះគាត់ជាអ្នកស៊ីញ៉េប្រគល់ដីសម្បទានសេដ្ឋកិច្ចជាង២លានហិកតាឱ្យក្រុមហ៊ុនឯកជនតាមអំពើចិត្ត។
កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិបានទៅពិនិត្យមើលដោយផ្ទាល់ចំពោះវិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ស្រុកសណ្តាន់ ខេត្តកំពង់ធំ ហើយបានឃើញផ្ទាល់ភ្នែកចំពោះការបំផ្លាញព្រៃឈើដោយក្រុមហ៊ុនយួនធំៗចំនួន២។ បេសកកម្មរបស់លោក សម រង្ស៊ី ទៅមើលដល់ទីកន្លែងដែលក្រុមហ៊ុនយួនឈូសឆាយបំផ្លាញព្រៃឈើនិងកាប់ឈើធ្វើអាជីវកម្មខុសច្បាប់យ៉ាងពេញបន្ទុក គឺជារឿងដែលរដ្ឋាភិបាលលោក ហ៊ុន សែន មិនអាចបិទបាំងតទៅទៀតបានឡើយ។ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនៅពេលនេះបានដឹងយ៉ាងច្បាស់ថាលោក ហ៊ុន សែន គឺជាអ្នកបើកដៃឱ្យក្រុមហ៊ុនយួននិងក្រុមហ៊ុនចិនបំផ្លាញព្រៃឈើខ្មែរនៅគ្រប់ទីកន្លែងក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះយួនកំពុងតែសម្រេចជោគជ័យចំពោះគោលនយោបាយពង្រីកពូជសាសន៍លើទឹកដីខ្មែរតាមបណ្តាំរបស់ ហូ ជីមិញ ហើយលោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រនាពេលអនាគត។
មហន្តរាយព្រៃឈើនៅក្នុងប្រទេសកម្ពុជាត្រូវបានអង្គការឃ្លាំមើលបរិស្ថានពិភពលោក និងអង្គការសង្គមស៊ីវិលក្នុងស្រុកលាតត្រដាងជាបន្តបន្ទាប់ ហើយបង្ហាញឈ្មោះក្រុមជនល្មើសបំផ្លាញព្រៃឈើទៀតផង។ ក៏ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន សែន មិនដែលយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើនោះទេ បើទោះបីលោក ហ៊ុន សែន ខ្លួនឯងធ្លាប់សន្យាកាត់កយ៉ាងណាក៏ដោយ។ ជាក់ស្តែងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ អង្គការឃ្លាំមើលបរិស្ថានពិភពលោកបានចេញផ្សាយរបាយការណ៍ជាថ្មីទៀតចំពោះបទល្មើសបំផ្លាញព្រៃឈើរបស់ក្រុមហ៊ុនយួនឈ្មោះហុងអាញ់យ៉ាឡាយ នៅក្នុងខេត្តរនតគិរី ហើយភស្តុតាងថ្មីនេះធ្វើឱ្យគេមើលឃើញកាន់តែច្បាស់ពីគ្រោះថ្នាក់សម្រាប់កម្ពុជា៕
ប្រភព៖មនសិការខ្មែរ
