អំពើអាក្រក់​របស់​បុគ្គ​ល ប្រាក់ សុខុន កំពុងតែ​ប្រឈម​នឹង​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​



smart
បុគ្គល ប្រាក់ សុខុន ដែលជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កំពុង​ប្រឈម​នឹង​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា ព្រោះ​បុគ្គល​នេះ​​ឡើង​កាន់​តំ​ណែង​​ជា​​រដ្ឋ​មន្ត្រី​​មិនបាន​ប៉ុន្មាន​ខែ​ផង​បែរជា​មានគំនិត​បំផ្លាញ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ទទឹងទិស​។ ការដែល​បុគ្គល​ប្រាក់ សុខុន ដាក់បទបញ្ជា​ឱ្យ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​កំណត់​ថ្លៃ​សេវា​ទូរស័ព្ទ​ក្នុង​កម្រិត​ខ្ពស់​នោះ​ត្រូវបាន​
ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស​រិះគន់​យ៉ាងខ្លាំង ហើយ​ថ្កោលទោស​ថា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​សុទ្ធ​តែមាន​ជំនាញ​ខាង​បម្រើ​ផលប្រយោជន៍​ក្រុមហ៊ុន​ខិលខូច​។ ជាក់ស្តែង​បុគ្គល ប្រាក់ សុខុន បាន​បំផ្លាញ​ផលប្រយោជន៍​ពលរដ្ឋ ដោយ​ខ្វះ​ការពិចារណា តាមរយៈ​គំរាម​ឱ្យ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ដែល​មាន​តម្លៃ​សេវា​ហៅ​ចេញ​ទាប​ដំឡើងថ្លៃ​ឱ្យ​ដូច​ក្រុមហ៊ុន​មួយ​ដែល​បាន​ហុតឈាមអង្កៀមឆ្អឹង​ពលរដ្ឋ​ជា​យូរ​មកហើយ​។​

យុវជន​មួយក្រុម​បានធ្វើ​ការតវ៉ា​នៅ​បរិវេណ​វត្តភ្នំ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ ២០១៣ ដើម្បី​ថ្លែង​សារ​ទៅកាន់​អ្នកសារព័ត៌មាន​និង​ប្រជាព​ល​រដ្ឋ​អំពី​ការមិន​ពេញចិត្ត​របស់​ពួកគេ​ចំពោះ​ទង្វើ​មិន​ប្រក្រតី​របស់​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍​។ ក្រុមយុវជន​ទាំង​នោះ​បាន​​ចាត់​ទុក​ថា​សេចក្តីប្រកាស​របស់​អន្តរក្រសួង​កាលពី​ខែមេសា ឆ្នាំ​២០១៣​និង​ការកំណត់​សុពលភាព​នៃ​សេចក្តីប្រកាស​នេះ​ឡើងវិញ​កាលពី​ខែវិច្ឆិកា ដោយ​បើកផ្លូវ​ឱ្យ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​យក​សេវា​ទាប​បំផុត​ចំនួន ៤,៥​សេន ក្នុង​មួយ​នាទី គឺជា​ទង្វើ​ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញ​។ ក្រុមយុវជន​ដែល​ប្រមូលផ្តុំ​គ្នា​រាប់សិប​នាក់ បាន​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម (​ហ្វេ​ស​ប៊ុ​ក​) ដើម្បី​ណាត់ជួប​គ្នា​សម្តែង​មតិ​លើក​បដា​និង​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​សម្រាប់​បង្ហាញ​ការមិន​ពេញចិត្ត​របស់​ពួកគេ​ចំពោះ​ទង្វើ​មិន​ត្រឹមត្រូវ​របស់​ក្រសួង​ប្រៃសណីយ៍​។

​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​គាំទ្រ​ថា​សកម្មភាព​របស់​ក្រុមយុវជន​ដ៏​ក្លាហាន​ទាំងនោះ​គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​ការកំណត់​តម្លៃ​សេវា​ទូរស័ព្ទ​ហៅ​ចេញ​ក្នុង​មួយ​នាទី​៤,៥​សេន គឺជា​ការបំផ្លាញ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​យ៉ាង​កំរោល​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា​ក្រសួង​ប្រៃស​ណីយ៍ គួរតែ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដែល​ផ្តល់​ផលប្រយោជន៍​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ ប៉ុន្តែ​ជាក់ស្តែង​ក្រសួង​បែរជា​ដាក់​កំហិត​ឱ្យ​ក្រុមហ៊ុន​ដំឡើងថ្លៃ​សេវា​ប្រើប្រាស់​ទៅវិញ​។ ទង្វើ​របស់​បុគ្គល​ប្រាក់ សុខុន គឺជា​ការបំផ្លាញ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​កំរោល​បំផុត ហើយ​បុគ្គល ប្រាក់​សុខុន កំពុងតែ​ធ្វើឱ្យ​រដ្ឋាភិបាល​មិន​ស្របច្បាប់​របស់លោក ហ៊ុន សែន ទទួលរង​នូវ​ភាពអាម៉ាស់​។ ដូច្នេះ​បុគ្គល ប្រាក់ សុខុន ត្រូវតែ​គិតគូរ​ឡើងវិញ​អំពី​ការបម្រើ​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​មួយ​នោះ​ដោយ​ខ្វះ​ការពិចារណា ព្រោះ​ប្រជាពលរដ្ឋ​កំពុង​នាំគ្នា​ថ្កោលទោស​ជុំ​ទិស​។​

​សូមបញ្ជាក់ថា​ថ្មីៗ​នេះ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានចេញ​សេចក្តីប្រកាស​ឱ្យ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ក្នុងស្រុក​ទាំងអស់​កំណត់​តម្លៃ​ហៅ​ចេញ​ក្នុង​ប្រព័ន្ធ ៤,៥​សេន ក្នុងខណៈដែល​ក្រុមហ៊ុន​ខ្លះ​បញ្ចុះតម្លៃ​ទាប​ជាង​នេះ ដើម្បី​ទាក់ទាញ​អតិថិជន​។ ការកំណត់​របស់​ក្រសួង​ប្រៃសណីយ៍ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ជាពិសេស​ក្រុមយុវជន​រិះគន់​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​យ៉ាងខ្លាំង​ក្លា ធ្វើឱ្យ​បុគ្គល​ប្រាក់ សុខុន ទទួលរង​នូវ​សេចក្តី​អាម៉ាស់​គ្មាន​ទីបញ្ចប់​។ ទោះបី​បុគ្គល​ប្រាក់ សុខុន ខំប្រឹង​រក​លេស​បិទបាំង​ទង្វើ​អាក្រក់​របស់ខ្លួន​យ៉ាងណា​ក៏​មិនអាច​ទៅរួច​ដែរ ព្រោះ​មជ្ឈដ្ឋាន​នានា​រិះគន់ថា​ក្រសួង​ប្រៃសណីយ៍ កំពុង​បម្រើ​ផលប្រយោជន៍​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ដែលមាន​តម្លៃ​សេវា​ខ្ពស់​។ ទង្វើ​របស់​បុគ្គល​ប្រាក់ សុខុន គឺជា​ការបំផ្លាញ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​គួរឱ្យ​ស្អប់ខ្ពើម​បំផុត ហើយ​បុគ្គល​នេះ​កំពុង​ធ្វើឱ្យ​រដ្ឋាភិបាល​មិន​ស្របច្បាប់​ប្រឈម​នឹង​សេចក្តី​អាម៉ាស់​កាន់តែខ្លាំង​។​

​មជ្ឈដ្ឋាន​ទូទៅ​បានឱ្យដឹងថា​នៅ​ប្រទេស​នានា​លើ​សកលលោក​រដ្ឋាភិបាល​គេ​តែងតែ​គាំពារ ឬ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ណា​ដែល​ផ្តល់​ផលប្រយោជន៍​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​។ ចំណែក​នៅ​ស្រុក​ខ្មែរ​គឺ​ខុសគេខុសឯង ដោយ​ក្រសួង​ស្ថាប័នរដ្ឋ​បែរជា​ដាក់​ការគាបសង្កត់​ទៅលើ​​ក្រុមហ៊ុន​ដែល​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​ប្រជាពលរដ្ឋ​ទៅវិញ​។  ប្រការនេះ​កំពុងតែ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​ការដឹកនាំ​របស់លោក ហ៊ុន សែន ហើយ​សកម្មភាព​របស់​ក្រុមយុវជន​ដែល​ប្រឆាំង​ការកំណត់​ថ្លែ​សេវា​ទូរស័ព្ទ គឺជា​ភស្តុតាង​បង្ហាញថា​យុវជន​មិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​ដ៏​ខុសឆ្គង​នេះឡើយ​។ គេ​ដាក់​សំណួរ​ថា​ហេតុអ្វី​បានជា​បុគ្គល ប្រាក់ សុខុន បំផ្លាញ​ប្រយោជន៍​ពលរដ្ឋ​ដោយ​ខ្វះ​ការពិចារណា​របៀបនេះ ព្រោះ​បុគ្គល ប្រាក់ សុខុន ក៏​ជា​អ្នកមានចំណេះដឹង​ខ្ពង់ខ្ពស់​១​រូប​ផងដែរ​។​

​ពលរដ្ឋ​ទូទៅ​បាន​ថ្កោលទោស​ថា​បុគ្គល ប្រាក់ សុខុន កំពុង​ប្រព្រឹត្ត​អំពើ​យ៉ាង​គួរឱ្យ​ស្អប់ខ្ពើម​បំផុត ហើយ​កំពុងតែ​បំពាន​ទៅលើ​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាង​កំរោល​។ ក្រុមយុវជន​បាន​ត្រៀម​ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​នៅមុខ​ក្រសួង​ប្រៃសណីយ៍ នាពេល​ឆាប់ៗ​នេះ ដើម្បីឱ្យ​បុគ្គល​ប្រាក់ សុខុន ភ្ញាក់ខ្លួន ហើយ​ឈប់​ប្រព្រឹត្ត​អំពើអាក្រក់​បំផ្លាញ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​តទៅទៀត​។ បុគ្គល ប្រាក់ សុខុន បានដឹង​យ៉ាងច្បាស់​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​កំពុង​រស់ក្នុង​ជីវភាព​ក្រីក្រ ប៉ុន្តែ​បុគ្គល​នេះ​បែរជា​កំណត់​ថ្លៃ​សេវា​ទូរ​ស័ព្ទ​ខ្ពស់​ដែល​អំពើ​បែបនេះ គឺជា​ការបំផ្លាញ​ផលប្រយោជន៍​ពលរដ្ឋ​៕​
ប្រភព៖មនសិការខ្មែរ


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors