Pages

Tuesday, December 3, 2013

មន្ត្រី​ពុករលួយ​កិបកេង​ជំនួយ​ក្នុង​វិស័យ​សុខាភិបាល​អាច​ត្រូវ​ប្រឈមមុខ​នឹង​ការផ្តន្ទាទោស​តាមច្បាប់​នាពេល​ឆាប់ៗ​ខាងមុខ

ឥឡូវនេះ​ម្ចាស់ជំនួយ​សំខាន់ៗ​ដែល​ផ្តល់​ថវិកា​សម្រាប់​កម្ពុជា បាន​​លើក​ឡើង​ថា​​មន្ត្រី​រដ្ឋាភិបាល​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត​ផ្ទៃក្នុង​​របស់​​អង្គការ​មូលនិធិ​ពិភពលោក ហើយ​រកឃើញថា មាន​អំពើពុករលួយ​នៅក្នុង​ក្រសួងសុខាភិបាល​នោះ​ត្រូវធ្វើ​ការស៊ើបអង្កេត​និង​នាំ​យក​ទៅ​កាត់ទោស​តាមច្បាប់​។ អំពើពុករលួយ​ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ ដែល​បង្ហាញ​នូវ​ប្រព័ន្ធ​
ស៊ីសំណូកសូកប៉ាន់​និង​ការឧបត្ថម្ភ​ពី​អ្នកផ្គត់ផ្គង់​មុង​ជ្រលក់​ថ្នាំ​ជា​ថ្នូរ​នឹង​កិច្ចសន្យា​ធ្វើឱ្យ​ខាត់​បង់​ថវិកា​យ៉ាងច្រើន​។ ក្រុម​ម្ចាស់ជំនួយ​ដូចជា​ប្រតិភូ​សហគមន៍​អឺរ៉ុប ស្ថានទូត​ស៊ុយ​អែត អាល្លឺម៉ង់ និង​អង់គ្លេស បាន​គាំទ្រ​ជំហរ​រឹងមាំ​របស់​អង្គការ​មូលនិធិ​ពិភពលោក​ប្រឆាំងនឹង​អំពើពុករលួយ​។ ពួកគេ​បាន​និយាយថា​ទឹកប្រាក់​ដែល​បាត់បង់​ត្រូវតែ​ទាមទារ​យកមក​វិញ​ឱ្យបាន រីឯ​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ​ត្រូវ​នាំយកទៅ​ផ្តន្ទាទោស​។​
​ទាក់ទង​នឹង​បញ្ហា​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្រោម​ការដឹកនាំ​របស់លោក ឱម យ៉ិនទៀង បាន​បញ្ជាក់ថា​ស្ថាប័ន​នេះ​បាន​ស៊ើបអង្កេត​លើ​ការរកឃើញ​នៅក្នុង​របាយការណ៍​រប​ស់​អង្គការ​មូលនិធិ​ពិភពលោក​ប៉ុន្តែ​មិនទាន់​កំណត់​បាន​ថា​តើ​អតីតមន្ត្រី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ មជ្ឈមណ្ឌល​ជាតិ​ប្រឆាំង​ជំងឺអេដស៍ ជំងឺ​សើ​ស្បែក កាមរោគ និង​មេ​ឌី​ខេ​ម មាន​ពិរុទ្ធ​ពុករលួយ​ឬ​យ៉ាងណា​នោះទេ​។ ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​លោក ច​ន ស៊ី​ម៉ុ​ន បាន​ថ្លែងថា​រដ្ឋាភិបាល​អាមេរិក​កំពុង​ឃ្លាំមើល​ដំណើរការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ លោក ច​ន ស៊ី​ម៉ុ​ន បាន​បញ្ជាក់ថា “​យើង​កំពុង​បន្ត​លើកទឹកចិត្ត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឱ្យធ្វើ​ការស៊ើបអង្កេត​ឱ្យបាន​ពេញលេញ​និង​មាន​តម្លាភាព​។ រដ្ឋាភិបាល​អាមេរិក​មានការ​ប្រុងប្រយ័ត្ន​ណាស់​លើ​ការប្រើប្រាស់​មូលនិធិ​ជំនួយ​អភិវឌ្ឍន៍​ដែល​ខុសឆ្គង​ទោះជា​ប្រទេស​ណាក៏ដោយ ហើយ​កម្មវិធី​ជំនួយ​ជាច្រើន​នៅ​កម្ពុជា​ត្រូវបាន​ដាក់ឱ្យ​អនុវត្តន៍​ដោយ​សង្គម​ស៊ីវិល និង​ដោយ​វិស័យ​ឯកជន​”​។​
​ចំណែក​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា បាន​ថ្លែងថា​ទំនុកចិត្ត​របស់​ម្ចាស់ជំនួយ​និង​ការជំរុញ​ផ្អែកលើ​កិច្ចសហប្រតិបត្តិការ​ដែល​គ្មាន​អំពើពុករលួយ​និង​ការ​ក្លែងបន្លំ​។ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ បញ្ជាក់ថា​ការសម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការចាត់​ការលើករ​ណី​នេះ​នឹង​ជា​សញ្ញា​សំខាន់​មួយ​សម្រាប់​សហគមន៍​អន្តរជាតិ​។ ជាមួយគ្នានេះ​លេខា​ទី​១ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ក៏បាន​លើកឡើង​ដែរ​ថា​មូលនិធិ​ពិភពលោក​មានការ​ទទួល​ខុសត្រូវ​ធានាថា​អាជ្ញាធរ​មូលដ្ឋាន​ស៊ើបអង្កេត ហើយ​បារាំង​នឹង​បន្ត​តាមដាន​ស្ថានការណ៍​យ៉ាង​ហ្មត់ចត់​។ ការ​លើក​ឡើង​របស់​ម​ន្ត្រី​ស្ថានទូត​នៃ​បណ្តា​ប្រទេស​ម្ចាស់ជំនួយ​ប្រចាំ​កម្ពុជា​បែបនេះ​មានន័យថា​ជា​ការជំរុញឱ្យ​ស៊ើបអង្កេត​និង​វែកមុខ​ជន​ប្រ​ព្រឹត្ត​អំពើពុករលួយ​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​។​
​ក្រោយពេល​រឿងអាស្រូវ​នៃ​អំពើពុករលួយ​នៅក្នុង​ក្រសួងសុខាភិបាល​ត្រូវបាន​បែកធ្លាយ​គេ​ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ផ្ញើ​របាយការណ៍​ទៅ​ក្រុមប្រឹក្សា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​រួចហើយ​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា​។ នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា​នោះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​ពិភាក្សា​លើ​របៀបវារៈ​ស្តីពី​របាយការណ៍​របស់​មូលនិធិ​ពិភពលោក​។ រឿងអាស្រូវ​ពុករលួយ​កិបកេង​ថវិកា​ជំនួយ​អស់យ៉ាង​ច្រើន​នោះ​គឺជា​រឿង​ដែល​ធ្វើឱ្យ​អាប់ឱន​យ៉ាងខ្លាំង​ដល់​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​ដូច្នេះ​គេ​រង់ចាំ​មើលថា​តើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ចាត់វិធានការ​បែបណា​ទៅលើ​ក្រុមមន្ត្រី​ពុករលួយ​។ នៅក្នុង​របាយការណ៍រ​បស់​មូលនិធិ​ពិភពលោក​បាន​បញ្ជា​ក់រួ​ច​មកហើយ​អំពី​អត្តសញ្ញាណ​របស់​មន្ត្រី​និង​ក្រុមហ៊ុន​ដែល​ជាប់​ពាក់ព័ន្ធ​ដូច្នេះ​អ្វីៗ​គឺ​វា​អាស្រ័យទៅលើ​ការប្តេជ្ញាចិត្ត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុងការ​អនុវត្ត​ច្បាប់​។
​ថ្មីៗ​កន្លងទៅនេះ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ខំប្រឹង​គេចវេះ​ពី​ការទទួលខុសត្រូវ​ចំពោះ​អំពើពុករលួយ​ដែល​ត្រូវបាន​លាតត្រដាង​នៅក្នុង​របាយការណ៍​រប​ស់​អង្គការ​មូលនិធិ​ពិភពលោក​។ ប៉ុន្តែ​មជ្ឈដ្ឋាន​ជាច្រើន​បានលើកឡើង​ថា​លោក ម៉ម ប៊ុនហេង មិនអាច​ឆ្លើយ​យករួចខ្លួន​ចំពោះ​អំពើពុករលួយ​របស់​ម​ន្ត្រី​ក្រោម​ឱវាទ​នោះទេ ព្រោះ​បើ​គ្មាន​ការ​បើកដៃ​ពី​ថ្នាក់លើ គឺ​មន្ត្រី​ថ្នាក់ក្រោម​មិន​ហា​៊​ន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ ជាងនេះទៅទៀត​លោក ម៉ម ប៊ុនហេង កំពុង​ត្រូវបាន​មន្ត្រី​ក្នុង​ក្រសួងសុខាភិបាល​បើ​កក​កាយ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​​យ៉ាង​ពេញបន្ទុក ហើយ​ភរិយា​របស់គាត់​បាន​លូកដៃ​យ៉ាងជ្រៅ​ចូលក្នុង​កិច្ចការ​របស់​ក្រសួងសុខាភិបាល​។ អំពើពុករលួយ​នៅក្នុង​ក្រសួងសុខាភិបាល​គឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានទេ ហើយ​លោក ម៉ម ប៊ុនហេង​និង​ប្រពន្ធ​របស់គាត់ គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​នោះ​។
​មន្ត្រី​នៅក្នុង​ក្រសួងសុខាភិបាល​បាន​លាតត្រដាង​ជា​បន្តបន្ទាប់​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​របស់លោក ម៉ម ប៊ុនហេង និង​ភរិយា ដែលជា​កត្តា​ធ្វើឱ្យ​វិស័យ​សុខាភិបាល​គ្មាន​គុណភាព​ហើយ ត្រូវ​ប្រឈម​នឹង​ការរិះគន់​យ៉ាង​ពេញបន្ទុក​។ ការដេញថ្លៃ​នានា​នៅក្នុង​ក្រ​សួង​សុខា​ភិ​បាល​​កើតមាន​នូវ​អំពើពុករលួយ​គួរឱ្យ​ភ័យខ្លាច ព្រោះ​មន្ត្រី​ពុករលួយ​ឃុបឃិត​គ្នា​បំផ្លាញ​ថវិកាជាតិ​ស្រេច​តែ​អំពើ​ចិត្ត​។ ដូច្នេះ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ចាញ់ឆ្នោត​ត្រូវ​ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​ក្នុង​ក្រសួងសុខាភិបាល​ជាបន្ទាន់ ដើម្បី​កុំឱ្យ​រាលដាល​យ៉ាង​ពេញបន្ទុក​តទៅទៀត​ពីព្រោះ​កន្លងមក​លោក ម៉ម ប៊ុនហេង និង​បក្ខពួក​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​តាម​គ្រប់​រូបភាព​។ សូម្បីតែ​ជំនួយ​អន្តរជាតិ​ដើម្បី​លើកកម្ពស់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស​ក៏ត្រូវ​ក្រុមមន្ត្រី​ពុករលួយ​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​បន្តិច​ណា​ឡើយ​។​
​អង្គការ​តម្លាភាព​អន្តរជាតិ​គ្រោង​នឹង​បង្ហាញ​របាយការណ៍​ស​ន្ទ​ស្សន៍ ចំណាត់ថ្នាក់​អំពើពុករលួយ​នៅ​សប្តាហ៍​ក្រោយ​បន្ទាប់ពី​រកឃើញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ទៅលើ​ប្រទេស​ជាច្រើន​ដែលជា​សមាជិក​។ ប្រទេស​កម្ពុជា​រង​ការចោទប្រកាន់​ជា​ញឹកញាប់​ពី​ការប្រព្រឹត្ត​អំពើពុករលួយ​កន្លង​មក ក៏​ជា​គោលដៅ​នៃ​ការកំណត់​ចំណាត់ថ្នាក់​ដែល​នឹងត្រូវ​លាតត្រដាង​ក្នុង​របាយការណ៍​ផ្សព្វផ្សាយ​នៅ​សប្តាហ៍​ក្រោយ​ផងដែរ​។ ក្រៅពី​អំពើពុករលួយ​សកល អង្គការ​តម្លាភាព​អន្តរជាតិ​នឹងធ្វើ​ការប្រកាស​ផងដែរ​អំពី​ស្ថានភាព​ពុករលួយ​នៅក្នុង​ប្រទេស​កម្ពុជា​ព្រោះ​រឿងអាស្រូវ​ពុករលួយ​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​រួចមកហើយ​។ ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុងប្រទេស​កម្ពុជា​បាន​វាយតម្លៃថា​កម្ពុជា​មិន​អាចមាន​ចំណាត់ថ្នាក់​ប្រសើរ​ជាង​មុន​ទាក់ទង​ទៅនឹង​អំពើពុករលួយ​នោះទេ ព្រោះ​បច្ចុប្បន្ន​អំពើពុករលួយ​ក្នុងប្រទេស​កម្ពុជា​រាលដាល​តាំង​ពីលើ​រហូតដល់​ក្រោម ហើយ​ស្ថាប័ន​សំខាន់ៗ​សុទ្ធតែ​ញាំញី​ដោយ​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​តែម្តង​។​
​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា​អំពើពុករលួយ​ក្នុង​ស្ថាប័នគយ​និង​រដ្ឋាករ​ក៏ដូចជា​អគ្គនាយកដ្ឋាន​ពន្ធដារ​កំពុង​ធ្វើឱ្យ​បាត់បង់​ប្រាក់ចំណូល​ជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​និង​ធ្វើឱ្យប៉ះពាល់​ដល់​ការរីកចម្រើន​សេដ្ឋកិច្ចជាតិ​ផងដែរ​។ ជាក់ស្តែង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​បាន​ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​តាម​បណ្តា​ស្ថាប័ន​នានា​ជា​បន្តបន្ទាប់ ប៉ុន្តែ​មន្ត្រី​ពុករលួយ​ធំៗ​ដែលមាន​តំណែង​ជា​រដ្ឋ​មន្ត្រី​រដ្ឋ​លេ​ខា​ធិកា​រ និង​ជា​អគ្គនាយក​នៃ​ស្ថាប័នរដ្ឋ​នានា​គឺ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​ហ៊ាន​ប៉ះពាល់​ពួកគេ​ឡើយ​។ ប្រការ​នេះ​ហើយ​​ដែល​ធ្វើឱ្យ​អំពើពុករលួយ​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ ព្រោះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គ្មាន​អំណាច​អ្វី​ទាំងអស់​៕​