សំណុំរឿងលោក ជាម យៀប មន្ត្រីជាន់ខ្ពស់និងជាសមាជិកសភាបក្សប្រជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបើករថយន្តរត់គេចមិនទទួលខុសត្រូវ កំពុងត្រូវបានប្រជារាស្ត្រខ្មែរទូទាំងប្រទេសតាមដានយ៉ាងយកចិត្តទុកដាក់ហើយធ្វើការរិះគន់យ៉ាងខ្លាំង។ ឥឡូវនេះសំណុំរឿងគ្រោះថ្នាក់
ចរាចរណ៍បង្កឡើងដោយលោក ជាម យៀប មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ព្រោះស្នងការនគរបាលខេត្តកណ្តាលបានបញ្ជូនសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍បើកបុក ហើយរត់បណ្តាលឱ្យស្ត្រីជាប្រពន្ធស្លាប់ និងប្តីរងរបួសធ្ងន់នៅក្នុងស្រុកកៀនស្វាយទៅកាន់សាលាដំបូងខេត្ត។ អាចនិយាយបានថាសំណុំរឿងពាក់ព័ន្ធនឹងរថយន្តរបស់លោក ជាម យៀប សមាជិកសភាគណបក្សប្រជាជនកំពុងដំណើរការនៅក្នុងតុលាការថ្វីដ្បិតតែគាត់មានការផ្តល់សំណងនិងជួយចេញថ្លៃព្យាបាលដល់ជនរងគ្រោះក្នុងបំណងបញ្ចប់រឿងយ៉ាងណាក៏ដោយ។
ជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តលោក ជាម យៀប បានអះអាងពីការមិនប្តឹងផ្តល់លោក ជាម យៀប នោះឡើយ ហើយមិនបញ្ជាក់ពីមូលហេតុនៃការមិនប្តឹងផ្តល់នោះទេ។ គេមិនដឹងថាជនរងគ្រោះឈ្មោះ មឿន ថា អាយុ ២៦ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរកាល់ម៉ែត្រទទួលយកលក្ខខណ្ឌពីលោក ជាម យៀប តាមវិធីណានោះទេ ប៉ុន្តែទោះជាយ៉ាងណាសំណុំរឿងនេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលរួចហើយ។ គេចាំមើលថាតើតុលាការខេត្តកណ្តាលចាត់វិធានការយ៉ាងណាចំពោះអ្នកធ្វើច្បាប់តែមិនគោរពច្បាប់ដូចជាលោក ជាម យៀប ហើយមើលស្រាលលើអាយុជីវិតរបស់ប្រជាពលរដ្ឋហួសហេតុ។ ប្រជារាស្ត្រខ្មែរទូទាំងប្រទេសសង្ឃឹមថាតុលាការខេត្តកណ្តាលនឹងរកយុត្តិធម៌ជូនរងគ្រោះតាមផ្លូវច្បាប់ព្រោះអីការផ្តល់សំណងគឺជារឿងផ្សេង ឯបទល្មើសធ្វើឱ្យមនុស្សស្លាប់ជារឿងដែលមិនអាចមានការលើកលែងបានឡើយ។
គ្រោះថ្នាក់ចរាចរណ៍ដែលពាក់ព័ន្ធនឹងរថយន្តរបស់លោក ជាម យៀប បានកើតឡើងកាលពីថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា នៅចំណុចស្ពានព្រែកយួន ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឱ្យបុរសឈ្មោះ មឿន ថា អាយុ២៦ឆ្នាំ ជាប្តីរងរបួសធ្ងន់ រីឯប្រពន្ធឈ្មោះ ពិន សុភា មានផ្ទៃពោះពីរខែស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ នៅពេលបង្កគ្រោះថ្នាក់ចរាចរណ៍នោះអ្នកបើកបររថយន្តឱ្យលោក ជាម យៀប មិនចុះមកដោះស្រាយភ្លាមៗទេ ហើយព្យាយាមបើករថយន្តគេចចូលមករាជធានីភ្នំពេញដោយខ្វះការទទួលខុសត្រូវ។ ទង្វើរបស់លោក ជាម យៀប ត្រូវប្រឈមនឹងការរិះគន់សព្វបែបយ៉ាងព្រោះគាត់ជាមន្ត្រីជាន់ខ្ពស់និងជាអ្នកធ្វើច្បាប់បែរជាខ្លួនឯងមិនគោរពច្បាប់ទាល់តែសោះ។
ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថាចាប់ពីថ្ងៃមានគ្រោះថ្នាក់រហូតមកតំណាងរបស់លោក ជាម យៀប បានផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារសពទាំងថ្លៃមន្ទីរពេទ្យ ថ្លៃដឹកជញ្ជូននិងធ្វើបុណ្យ២៣០០ដុល្លារ។ ចំណែកអ្នករងរបួសនៅក្នុងមន្ទីរពេទ្យគឺចេញថ្លៃព្យាបាលចំនួន១១៥០ដុល្លារ ហើយក្រុមគ្រួសារជនរងគ្រោះបានអំពាវនាវឱ្យលោក ជាម យៀប ជួយចេញថ្លៃព្យាបាលបន្តទៀតរហូតដល់ជា។ ទាក់ទងបញ្ហានេះលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានបញ្ជាក់ថាលោកបានបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញាអមសាលាដំបូង ដើម្បីធ្វើការស៊ើបអង្កេតនិងចាត់វិធានការបន្ត។ ក៏ប៉ុន្តែអ្វីដែលមិនសមរម្យនោះគឺលោក អ៊ាវ ចំរើន បាននិយាយថាករណីគ្រោះថ្នាក់នេះបណ្តាលមកពីអ្នកបើកម៉ូតូជិះលឿន ជិះខុសច្បាប់ចរាចរណ៍ ហើយទៅបុករថយន្តរបស់លោក ជាម យៀប ទៅវិញ។ ការអះអាងបែបនេះហាក់ដូចជាចង់ជួយសម្រាលទោសកំហុសរបស់លោក ជាម យៀប ដែលជាមន្ត្រីមានអំណាចរបស់គណបក្សប្រជាជនយ៉ាងច្បាស់ក្រឡែត។
ប្រភពក្រៅផ្លូវការបានឱ្យដឹងថានៅក្នុងថ្ងៃកើតហេតុគឺលោក ជាម យៀប បានទៅលេងស្រុកកំណើតនៅឯខេត្តព្រៃវែង ប៉ុន្តែនៅក្នុងភូមិកំណើតរបស់លោក គឺប្រជាពលរដ្ឋមិនស្វាគមន៍លោកនោះទេ ថែមទាំងប្រើពាក្យសំដីរិះគន់ធ្ងន់ៗទៀតផង។ ប្រការនេះហើយដែលធ្វើឱ្យលោក ជាម យៀប ទទួលរងនូវភាពអាម៉ាស់ងើបមុខមិនរួច ហើយវិលត្រឡប់មករាជធានីភ្នំពេញវិញនិងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យប្រជាពលរដ្ឋត្រូវស្លាប់និងរងរបួសគួរឱ្យអាណិតអាសូរ។ ប្រភពពីសាក្សីមួយចំនួនបានឱ្យដឹងថាអ្នកបើកបររថយន្តរបស់លោក ជាម យៀប បានបើករថយន្តក្នុងល្បឿនលឿនទៅបុកម៉ូតូរបស់ជនរងគ្រោះមិនមែនជនរងគ្រោះបើកម៉ូតូលឿនដូចអ្វីដែលស្នងការនគរបាលខេត្តកណ្តាលលោក អ៊ាវ ចំរើន អះអាងនោះទេ។
សូមបញ្ជាក់ថាកន្លងមកលោកជាម យៀប ធ្លាប់បានដាក់ទំនាយលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិឱ្យជួបគ្រោះថ្នាក់ធ្លាក់យន្តហោះនៅពេលធ្វើដំណើរទៅបរទេសហើយសំដីរបស់ ជាម យៀប ត្រូវបានរាស្ត្រខ្មែរឮនៅទូទាំងប្រទេស។ ប៉ុន្តែជាកម្មផលគឺលោក ជាម យៀប បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយឱ្យអ្នកបើករថយន្តរបស់គាត់បើករត់គេចខ្វះការទទួលខុសត្រូវ។ បញ្ហានេះលោក ជាម យៀប គួរតែមានការភ្ញាក់រលឹកខ្លះៗផងថាទង្វើអាក្រក់របស់ខ្លួនត្រូវទទួលផលបែបណា ព្រោះសូម្បីតែទេវតាក៏បរាមុខមនុស្សអាក្រក់ដែរ មិនទុកឱ្យមនុស្សអាក្រក់មានសេចក្តីសុខជេរប្រមាថគេឯងយ៉ាងអសីលធម៌គ្រប់ពេលវេលាតាមអំពើចិត្តនោះទេ៕