ពលរដ្ឋ​២៩​គ្រួសារ​នៅ​ពោធិ៍សាត់​ប្រឈម​នឹង​ការ​បាត់បង់​ដីធ្លី



ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រហស្ថ​ក្បាល ឃុំ​ផ្ទះរុង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ចំនួន ២៩​គ្រួសារ ប្រឈម​នឹង​ការ​បាត់​បង់​ដីធ្លី និង​លំនៅឋាន បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​ប្រាប់​ថា ពួកគាត់​រស់នៅ​លើ​ដី​រដ្ឋ និង​បញ្ជា​ឲ្យ​រុះរើ​ផ្ទះ​សម្បែង​ចេញ​ឲ្យ​អស់​ក្នុង​រយៈ​ពេល ៣០​ថ្ងៃ គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៣។
អាជ្ញាធរ​អះអាង​ថា ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ ហើយ​ទើប​តែ​ចូល​ទៅ​កាប់​ព្រៃ​រាន​យក​ដី​កាន់កាប់​នៅ​ក្នុង​ឆ្នាំ​២០១៣។ ផ្ទុយ​ពី​ការ​អះអាង​នេះ ក្រុម​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ពួកគាត់​បាន​ចូល​មក​រស់​នៅ និង​កាន់កាប់​ដី​នេះ​តាំង​ពី​ឆ្នាំ​២០០៤។
ក្រុម​ប្រជាពលរដ្ឋ​ដែល​ប្រឈម​ទៅ​នឹង​ការ​បណ្ដេញ​ចេញ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ថា អ្នក​ភូមិ​ទាំង ២៩​គ្រួសារ​នឹង​មិន​រុះរើ​លំនៅឋាន​ចេញ​ពី​កន្លែង​ដែល​ពួកគាត់​ធ្លាប់​រស់នៅ​នោះ​ទេ ត្បិត​ពួកគាត់​គ្មាន​ដី​កន្លែង​ណា​ផ្សេង​ដើម្បី​រស់នៅ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ឡើយ។
ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ២៩​គ្រួសារ លោក ហម សាវឿន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​ភ្នំក្រវាញ បាន​ហៅ​ប្រជាពលរដ្ឋ​ទៅ​ព្រមាន និង​ឲ្យ​រុះរើ​ផ្ទះ​សម្បែង​ចេញ​ពី​លើ​ដី​របស់​ពួកគាត់​កំពុង​រស់​នៅ​ចំនួន ២​លើក​រួច​មក​ហើយ គឺ​លើក​ទី​១ នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៣ និង​លើក​ទី​២ នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៣ ដោយ​ដាក់​កំហិត​រយៈ​ពេល ៣០​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​លើក​ទី​២ បើ​មិន​ព្រម​រុះរើ​ទេ ពួកគាត់​នឹង​ប្រឈម​ការ​ដាក់​ទោស​ទណ្ឌ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​រាប់​លាន​រៀល​ទៀត​ផង៖ «ដេញ​ទាំង​អស់​គ្នា​ដេញ​ទាំង ២៩​គ្រួសារ​ហ្នឹង គេ​អត់​ឲ្យ​នៅ​បណ្ដោយ។ ផុត​កំណត់​គេ​ថា តាំង​ពី​ប្រជុំ​ថ្ងៃ​ទី​២​ហ្នឹង បូក​ធ្វើ​ម៉េច​ឲ្យ​គ្រប់ ៣០​ថ្ងៃ បើ​មិន​ចេញ​គេ​នឹង​ធ្វើ​តាម​វិធានការ​ច្បាប់»។
ប្រជាពលរដ្ឋ​ម្នាក់​ទៀត អ្នកស្រី ទី យ៉ីន បាន​បញ្ជាក់​ថា អ្នកស្រី​និង​ក្រុម​គ្រួសារ​បាន​មក​តាំង​ទីលំនៅ​ក្នុង​ភូមិ​ព្រហស្ថក្បាល​នេះ តាំង​ពី​ឆ្នាំ​២០០៤ ដូច​នេះ​អ្នកស្រី​សូម​ឲ្យ​អាជ្ញាធរ ឬ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​គិតគូរ និង​ផ្ដល់​ដី​នេះ​ជូន​ពួកគាត់​រស់​នៅ ខណៈ​ដែល​ពួកគាត់​កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហា​ជីវភាព។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​ភ្នំក្រវាញ លោក សូរ សាហុង មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​បម្រុង​ទុក​របស់​រដ្ឋ នៅ​ក្រោយ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១២ នៃ​បទបញ្ជា​លេខ ០១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូច្នេះ​សកម្មភាព​របស់​ប្រជា​ពលរដ្ឋ នៅ​ពេល​នេះ គឺ​ជា​ការ​បំពាន​ច្បាប់៖ «ប្រជាពលរដ្ឋ​ម្នាក់​មាន​ដី​ដប់​កន្លែង ហើយ​ក៏​មិន​ទាន់​ស្កប់​ចិត្ត​គាត់​ដែរ ឲ្យ​តែ​ឃើញ​ដី​ព្រៃ​ទំនេរ​គាត់​ចេះ​តែ​កាប់​រុករាន​ហើយ ប្អូន​ឯង​ពិនិត្យ​មើល​ហើយ​ស្រាវជ្រាវ​ទៅ ប៉ុន្តែ​នៅ​ក្នុង​ចំណោម​ហ្នឹង គឺ​ខ្ញុំ​ស្គាល់​ច្បាស់​ណាស់ មាន​អ្នក​ខ្លះ​មាន​ដី​បី​បួន​កន្លែង​រួច​ទៅ​ហើយ»។
លោក​អភិបាល​ស្រុក​បាន​ព្រមាន​ប្រើ​ច្បាប់​ព្រៃឈើ ដើម្បី​ចាត់​វិធានការ​ទៅ​លើ​ប្រជាពលរដ្ឋ​ទាំង​នោះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ ច្បាប់​ស្ដីពី​ព្រៃឈើ​មាត្រា​ទី​៩៧ ត្រង់​ចំណុច​ទី​៦ ការ​កាប់​រាន​ព្រៃ ឈូស​ឆាយ​ដី​ព្រៃ ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៥ ទៅ​ដប់ ១០​ឆ្នាំ និង​ត្រូវ​រឹបអូស​វត្ថុ​តាង​ទាំង​អស់​មក​ជា​សម្បត្តិ​រដ្ឋ ដក​ហូត​កិច្ច​ព្រមព្រៀង អាជ្ញាប័ណ្ណ លិខិត​អនុញ្ញាត និង​កម្ទេច​ចោល​នូវ​វត្ថុ​តាង​ក្លែង​ទាំង​នោះ។
មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា មាន​ប្រសាសន៍​ថា ក្រោយ​ពី​លោក​បាន​ចុះ​អង្កេត​ជុំវិញ​ករណី​នេះ​ឃើញ​ថា ប្រជាពលរដ្ឋ​ទាំង ២៩​គ្រួសារ ពុំ​មាន​ផល​ដំណាំ​អ្វី​គួរឲ្យ​កត់​សម្គាល់ ដើម្បី​បញ្ជាក់​ថា ពួកគាត់​ពិត​ជា​បាន​រស់នៅ និង​កាន់កាប់​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​២០០៤ ដូច​ដែល​ពួកគាត់​អះអាង​នោះ​ទេ៖ «ថ្នាក់​ខេត្ត​ធ្វើ​សំណើ​ទៅ​ខាង​ក្រសួង​ដើម្បី​ផ្ដល់​ជា​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​ពួកគាត់​វិញ ពីព្រោះ​អី​ដី​ទាំង​អស់​ហ្នឹង គឺ​វា​អត់​ធំ​ប៉ុន្មាន​ទេ ហើយ​ដី​ទាំង​អស់​ហ្នឹង គឺ​ជា​ដី​គម្រប​ព្រៃឈើ ដែល​យើង​ថា ព្រៃឈើ​ភាគ​ច្រើន​វា​រេចរឹល​ទៅ​ហើយ»។
លោក ភួង សុធា បន្ត​ថា ទោះ​ជា​យ៉ាង​ណា​អាជ្ញាធរ​ត្រូវ​តែ​ចុះ​សិក្សា និង​ធ្វើ​សំណើ​ទៅ​សាលា​ខេត្ត​ដើម្បី​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​ជុំ​វិញ​បញ្ហា​នេះ ជា​ជាង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ឬ​ប្រើ​វិធានការ​ច្បាប់​ចំពោះ​ពួកគាត់ ក្នុង​កាលៈទេសៈ​ដែល​ពួកគាត់​កំពុង​ជួប​ការ​លំបាក៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors