ខេត្ត​សៀម​រាប ប្រារព្ធ​ទិវា​ពិភពលោក​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍



កាល​ពី​ព្រឹក​មិញ​នេះ​ អា​ជ្ញា​ធរ​ខេត្ត្​សៀម​រាប សហ​ការ​ជា​មួយ​អា​ជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំងឺ​អេដស៍ បាន​រៀប​ចំ​​ទិវា​ពិភពលោក​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍ ក្រោម​ប្រ​ធាន​បទ​ ឈាន​ឆ្ពោះ​ទៅ​រក​គ្មាន​ការ​ឆ្លងថ្មី ​គ្មាន​ការ​រើសអើង និង គ្មាន​ការ​ស្លាប់ ក្នុង​គោល​បំ​ណង​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​​ពល​រដ្ឋ​ទូ​ទៅ ឲ្យ​បាន​យល់​ដឹង​កាន់​តែ​ច្បាស់ នឹង​ឈាន​ទៅ​រក​ការ​លុប​បំ​បាត់​ទាំង​ស្រុង​នៅ​កម្ពុជា ត្រឹម​​ឆ្នាំ​២០២០។

លោក ក្រូស សារ៉ាត់ ប្រ​ធាន​មន្ទីរ​សុខា​ភិបាលខេត្ត​សៀម​រាប បាន​មាន​ប្រ​សាសន៍​ថា នៅប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៨ មាន​ប្រេវ៉ាឡង់អ្នក​ផ្ទុក​មេរោគអេដស៍ អ្នក​ជំងឺអេដស៍លើ​មនុស្ស​ពេញ​វ័យ ​ក្នុង​ចន្លោះ​អាយុ​ពី១៥​ឆ្នាំទៅ៤៩​ឆ្នាំ មាន​ចំនួន​២ភាគរយ ហើយ​មាន​ការ​ថយចុះមក​ត្រឹម​០,៧ភាគរយនៅ​ឆ្នាំ​២០១៣ និង បន្ត​ចុះ​មក​ត្រឹម​០,៦​ភាគរយនៅ​ឆ្នាំ​២០១៤ ដែល​អាច​ប៉ាន់​ប្រមាណ​បាន​ថា មាន​អ្នក​ផ្ទុក​មេរោគអេដស៍ អ្នក​ជំងឺអេដស៍​ ចំនួន​៦៥.០០០​នាក់។
លោក​បាន​បញ្ជាក់​ទៀតថា អេដស៍​ជា​ជំងឺ​មួយ​ ដែល​មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​ឱសថ​ណា​មួយ​អាច​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​បាន​ឡើយ ហើយ​វា​ជា​បញ្ហា​ដ៏​ស្មុគ្រ​ស្មាញ​បំផុត​ផង​ដែរ ដែល​ប៉ះ​ពាល់​ពី​បុគ្គល​ទៅ​គ្រួសារ រហូត​ដល់​សង្គម​ទាំង​មូល ដូច្នេះ​ប្រ​ការ​សំខាន់ គឺ​ទាំង​អស់​គ្នា​ រួម​គ្នា​ទប់​ស្កាត់។
អភិ​បាល​រង​ខេត្ត​សៀម​រាប លោក សង់ រីហា បាន​មាន​ប្រ​សាសន៍​ថា ផ្អែក​តាម​របាយ​ការណ៍​ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​មេរោគ​អេដស៍​នេះ បាន​ឲ្យ​ដឹង​ថា ស្ថាន​ភាព​នៃ​ការ​ឆ្លង​ជំងឺ​អេដស៍​ មាន​ការ​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ហើយ​ក្នុង​ឱ​កាស​នៃ​ការ​​​ប្រារព្ធ​ទិវា​ពិភពលោក​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍លើក​ទី​២៤​សម្រាប់​ពិភព​លោក និង លើក​ទី២១​សម្រាប់​កម្ពុជា​​​នា​ឆ្នាំ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​​អ្នក​ទាំង​អស់​គ្នា​​ទ្វេដង​ ក្នុង​ការ​សម្រេច​បាន​ជោគ​ជ័យ​ អំពី​ការ​ទប់​ស្កាត់ និង កាត់​បន្ថយ​អត្រា​ឆ្លង​នៃ​មេរោគ​អេដស៍​នេះ ហើយ​គ្មាន​អ្វី​ដែល​ថា​ធ្វើ​មិន​បាន​នោះ​ទេ ប្រ​សិន​បើ​អ្នកទាំង​អស់​គ្នា​រួម​គ្នា ឯក​ភាព​គ្នា​ក្នុង​ការ​ធ្វើ និង​ចូល​រួម​ធ្វើ​ទាំង​អស់​គ្នា ដែល​អាច​រំពឹង​ថា នឹង​ឈាន​ទៅ​លុប​បំ​បាត់​ទាំង​ស្រុង​នៅ​ឆ្នាំ​២០២០​ខាង​មុន​នេះ។
(សំ​ឡេង លោក សង់​ រី​ហា)
ជា​មួយ​នេះ​ដែរ លោក  ស៊ឹម គឹម​សែន អនុ​ប្រ​ធាន​អាជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​អេដស៍ បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ។
(សំ​ឡេង លោក ស៊ឹម គឹម​សែន)
សូម​បញ្ជាក់​ថា តាម​របាយ​ការណ៍​របស់​អង្គ​ការ​ UNAIDS នៅ​ក្នុង​ឆ្នាំ​២០១១ បាន​​បង្ហាញឲ្យ​ឃើញ​​ថា នៅលើ​សកល​លោក​ទាំង​​មូល មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រ​មាណ​៣៤​លាន​នាក់ ក្នុង​នោះ​មនុស្ស​ឆ្លង​ថ្មី​​មាន​ប្រ​មាណ​២​លាន​នាក់​ក្នុង​មួយ​ឆ្នាំ និង មនុស្ស​ប្រមាណ​១,៧​លាននាក់ ក្នុង​មួយ​ឆ្នាំ​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​អេដស៍​នេះ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors