នៅក្នុងប្រទេសស៊ីរី សង្រ្គាមស៊ីវិលបាននិងកំពុងបន្តមានយ៉ាងសកម្ម។ សង្រ្គាមស៊ីវិលដែលកំពុងប្រឈមមុខដាក់គ្នាយ៉ាងហិង្សារវាងកម្លំាងទ័ពរដ្ឋាភិបាលរបស់លោកប្រធានាធិបតីស៊ីរីអាស្ហាដែលគំាទ្រដោយប្រទេសអ៊ីរ៉ង់ និងកម្លំាងក្រុមឧទ្ទាមដែលគំាទ្រដោយក្រុមប្រទេសលោកខាងលិច ព្រមទំាងប្រទេសជិតខាងមួយចំនួន មានអារ៉ាប៊ីសាអូឌីតជាដើម។ វិបត្តិជាង ២ឆ្នំាកន្លងទៅបានបណ្តាល
ឲ្យស្លាប់មនុស្សជាង ១២ម៉ឺននាក់ ព្រមទំាងមានជនភៀសខ្លួនរាប់សិបលាននាក់ផ្សេងទៀត។ រហូតមកដល់ពេលនេះ កម្លំាងទ័ពស៊ីរីសេរីត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ជាកម្លំាងស្របច្បាប់តែមួយគត់របស់ក្រុមប្រឆំាង។ ស្រាប់តែឥឡូវ កម្លំាងមួយនេះហាក់ដូចជាបាននិងកំពុងចុះថយឥទ្ធិពលនៅចំពោះមុខកម្លំាងរណសិរ្យដែលជាកម្លំាងប្រឆំាងដូចគ្នា។ នេះស បញ្ជាក់ឲ្យឃើញពីការបែកបាក់នៅក្នុងក្រុមប្រឆំាងដូចគ្នា។ពិភពលោកហាក់ដូចបាននិយាយច្រើនពីប្រទេសស៊ីរី នៅពេលដែលកម្លំាងទ័ពរដ្ឋាភិបាលរបស់លោកប្រធានាធិបតីស៊ីរីអាស្ហាដបានប្រើអាវុធគីមីសម្លាប់ជនស៊ីវិលកាលពីថ្ងៃទី២១ សីហា។ តំាងពីពេលនោះមក គេហាក់ដូចជាមិនសូវបាននិយាយច្រើនប៉ុន្មានទេ។ តែចូរកុំភ្លេចថា សង្រ្គាមស៊ីវិលហែកហួរគ្នានៅស៊ីរីបាននិងកំពុងបន្តមានមកដល់សព្វថ្ងៃ។ គោលដៅរបស់លោកប្រធានាធិបតីស៊ីរី គឺកំចាត់ឲ្យដល់ឫសគល់ចំពោះក្រុមដែលលោកអាស្ហាដហៅថា ជាពួកភេរវជន។ ចំណែកគោលដៅរបស់ក្រុមប្រឆំាងវិញមានតែមួយគត់ គឺទម្លាក់អំណាចរបស់លោកអាស្ហាដដែលពួកគេចោទថា ជាមនុស្សផ្តាច់ការ។ងាកទៅមើលសហគមន៍អន្តរជាតិវិញម្តង ក្រៅពីរុស្ស៊ី ចិន និងអ៊ីរ៉ង់ ប្រទេសលោកខាងលិចភាគច្រើន មានអាមេរិកនំាមុខ បានគំាទ្របុព្វហេតុរបស់ក្រុមប្រឆំាង។ ក្រុមប្រឆំាងដែលបានព្យាយាមប្រសូត្រចេញនូវរចនាសម្ព័ន្ធតែមួយដើម្បីនិយាយពាក្យតែមួយដូចគ្នា។ ទន្ទឹមគ្នានេះ ក្រុមប្រឆំាងក៏បានប្រសូត្រចេញនូវកម្លំាងទ័ពរួមមួយរបស់ខ្លួនដែលហៅថា « កម្លំាងទ័ពស៊ីរីសេរី » ។ តែបញ្ហានៅត្រង់ថា ក្រៅពីកម្លំាងទ័ពស៊ីរីសេរីដែលបស្ចិមលោកបានទទួលស្គាល់ជាផ្លូវការថា ជាទ័ពរបស់ក្រុមប្រឆំាងនឹងទ័ពរបស់លោកអាស្ហាដ ក៏ស្រាប់តែមានលេចឡើងនូវកម្លំាងប្រដាប់អាវុធមួយផ្សេងទៀតដែលមានឈ្មោះថា « រណសិរ្យអ៊ីស្លាម » ។ តើរណសិរ្យអ៊ីស្លាមជានរណា?
រណសិរ្យអ៊ីស្លាមបានបង្កើតឡើងកាលពីថ្ងៃទី២២ វិច្ឆិកាដោយមានការចូលរួមពីក្រុមអ៊ីស្លាមចំនួន ៧ក្រុមខុសគ្នា ដោយគ្មានវត្តមានកម្លំាងទ័ពស៊ីរីសេរីនៅក្នុងនោះទេ។ គោលដៅរបស់កម្លំាងទ័ពរណសិរ្យអ៊ីស្លាម ក៏ដូចជាកម្លំាងទ័ពស៊ីរីសេរីដែរ គឺរំដោះប្រទេសស៊ីរីឲ្យរួចផុតពីកណ្តាប់ដៃដែករបស់លោកប្រធានាធិបតីអាស្ហាដ។ តែបញ្ហានៅត្រង់ថា សហគមន៍អន្តរជាតិមិនបានទទួលស្គាល់នូវទង្វើរបស់រណសិរ្យអ៊ីស្លាម ដូចជាកម្លំាងទ័ពស៊ីរីសេរីទេ នោះបើទោះបីជារណសិរ្យអ៊ីស្លាម និងកម្លំាងទ័ពស៊ីរីសេរីមានបុព្វហេតុតែមួយដូចគ្នាក៏ដោយ។ ក្រោមភ្នែកច្រមុះរបស់សហគមន៍អន្តរជាតិ រណសិរ្យអ៊ីស្លាម គឺមិនខុសគ្នានឹងក្រុមអ៊ីស្លាមនិយមជ្រុលនោះទេ និយាយបែបផ្សេង សុទ្ធសឹងជាពួកភេរវជនដែលមានជាប់ពាក់ព័ន្ធនឹងអង្គការអាល់កៃដា។
ក៏ប៉ុន្តែ និងអ្វីដែលគួរឲ្យកត់សម្គាល់ លាយឡំ និងក្តីបារម្ភនៅពេលនេះ គឺថា កម្លំាងទ័ពស៊ីរីសេរី និងរណសិរ្យអ៊ីស្លាមកំពុងដំឡើងសរសៃ ក ដាក់គ្នាយ៉ាងខ្លំាង។ ម្យ៉ាងទៀត បន្តិចម្តងៗ គឺកម្លំាងទ័ពរបស់រណសិរ្យអ៊ីស្លាមទៅវិញទេដែលកំពុងមានប្រៀបជាង និងកំពុងមានឥទ្ធិពលជាងកម្លំាងទ័ពស៊ីរីសេរីដែលគំាទ្រដោយក្រុមប្រទេសលោកខាងលិច។ ថ្មីៗនេះ កម្លំាងរបស់រណសិរ្យអ៊ីស្លាមបានវាយដណ្តើមយកឃ្លំាស្តុកអាវុធមួយ ព្រមទំាងដណ្តើមកាន់កាប់បាននូវប៉ុស្តិ៍ព្រំដែនមួយរបស់កម្លំាងទ័ពស៊ីរីសេរីជាប់នឹងប្រទេសតួកគី។ ភ្លាមៗ រដ្ឋអំណាចតួកគីក៏បានប្រកាសបិទច្រកចេញ ចូលតាមប៉ុស្តិ៍ព្រំដែននោះ។ ចំណែកសហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស ក៏បានប្រកាសព្យួរជំនួយជាសម្ភារៈយោធាទៅឲ្យកម្លំាងទ័ពស៊ីរីសេរីដែរ។
ទំាងនេះសុទ្ធសឹងជាសក្ខីកម្មមួយដែលបញ្ជាក់ថា ប្រទេសស៊ីរីបាននិងកំពុងបោះជំហានចូលទៅក្នុងវិបត្តិថ្មីមួយទៀតដែលគ្រប់គ្នាបានរង់ចំា នោះគឺវិបត្តិនៃការហែកហួរគ្នារវាងក្រុមប្រឆំាងដូចគ្នា។ សូមរម្លឹកជូនថា តំាងពីថ្ងៃដំបូងនៃការងើបបះបោររបស់ប្រជាជនប្រឆំាងនឹងរដ្ឋអំណាចរបស់លោកអាស្ហាដមក បាតុកម្មបានចាប់ផ្តើមពីអហិង្សា រហូតដល់មានការផ្តើមកាន់អាវុធ។ ពីដំបូងឡើយ ក្រុមប្រឆំាងប្រដាប់អាវុធបានឯកភាពគ្នាស្ថិតនៅក្រោមស្លាកសញ្ញាតែមួយ គឺកម្លំាងទ័ពស៊ីរីសេរី។ តែបន្តិចម្តងៗ ក៏ស្រាប់តែមានលេចចេញនូវក្រុមប្រដាប់អាវុធផ្សេងទៀតដែលភាគច្រើន ជាពួកអ៊ីស្លាមនិយមជ្រុល និងដែលបានចេញប្រយុទ្ធតស៊ូដាច់ដោយឡែករបស់ខ្លួន។
បន្តិចម្តងៗ និងក្រៅពីការតស៊ូប្រយុទ្ធដើម្បីកំចាត់លោកអាស្ហាដចេញពីអំណាច ក្រុមក្រៅក្របខ័ណ្ឌមួយនេះក៏បាននិងកំពុងដើរជម្រះបញ្ជីជាមួយក្រុមឧទ្ទាមផ្សេងទៀតដែរ។ តើរូបភាពថ្មីនៅស៊ីរីពេលនេះ មិនមែនកំពុងធ្វើឲ្យសហគមន៍អន្តរជាតិឈឺក្បាលទេ ឬយ៉ាងណា ព្រោះចូរកុំភ្លេចថា អ្នកដែលបានទទួលជំនួយ និងត្រូវបានសហគមន៍អន្តរជាតិជួយនោះ គឺកម្លំាងទ័ពស៊ីរីសេរី ពោលមិនមែនកម្លំាងទ័ពរបស់រណសិរ្យអ៊ីស្លាមនោះទេ។
ដូច្នេះ វាពិតជារឿងមួយស្មុគស្មាញខ្លំាងណាស់ចំពោះដំណើរស្វែងរកសន្តិភាពឲ្យប្រទេសស៊ីរី ព្រោះថា នៅថ្ងៃទី២២ មករា ឆ្នំា ២០១៤ គម្រោងសន្និសីទស្តីពីសន្តិភាពនៅស៊ីរីនឹងរៀបចំជាលើកទី២ ក្នុងប្រទេសស្វីស។ សន្និសីទដែលនឹងត្រូវចូលរួមដោយប្រទេសពាក់ព័ន្ធ ពិសេស ពីគ្រប់ភាគីជម្លោះនៅស៊ីរីសព្វថ្ងៃ។ នៅខាងក្រុមប្រឆំាង សហគមន៍អន្តរជាតិទទួលស្គាល់តែក្រុមប្រឆំាងដែលរចនាសម្ព័ន្ធកងទ័ពក្រោមឈ្មោះថា « កងទ័ពស៊ីរីសេរី »។ ប៉ុន្តែសព្វថ្ងៃ កងទ័ពស៊ីរីសេរីហាក់ដូចជាកំពុងចុះខ្សោយឥទ្ធិពលខ្លំាងប្រឈមមុខនឹងកម្លំាងទ័ពរបស់រណសិរ្យអ៊ីស្លាម។ ដូច្នេះចង់ ឬចង់ និងដើម្បីឲ្យសន្និសីទនៅថ្ងៃខាងមុខទទួលបានជោគជ័យ គឺក្រុមប្រឆំាងស៊ីរីគ្នាឯងត្រូវតែស្វែងរកកុងសង់ស៊ុសរួមគ្នាជាមុនដោយចៀសមិនរួច បើពុំនោះសោតទេ គ្មានថ្ងៃនឹងផ្តួលរំលំរបបរបស់លោកអាស្ហាដបានឡើយ៕
