Pages

Thursday, December 5, 2013

គណបក្ស​សង្គ្រោះ​ជាតិ​ប្រារព្ធ​ពិធីធំៗពីរ​នៅ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស១០ធ្នូ

លោក សម រង្ស៊ី (ស្តាំ) និង​ លោក កឹម សុខា (ឆ្វេង) នៅ​ក្នុងថ្ងៃ​ដង្ហែក្បួន​មហាផ្ទៃ។
ដោយ ប៉ែន បូណា
ក្រៅពី​ពិធី​ជួបជុំ​ក្នុង​ខេត្តសៀមរាប គណបក្ស​សង្គ្រោះ​ជាតិ​ក៏មាន​គម្រោង​ដង្ហែ​ក្បួន​នៅ​ទីក្រុង​ភ្នំពេញ​ដែរ​នៅ​ថ្ងៃទី១០ធ្នូ​ខាងមុខនេះ។ លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​និង​អនុប្រធាន​បក្សប្រឆាំង​គ្រោង​ចូលរួម​ក្បួន​ដង្ហែ​នៅ​ភ្នំពេញ​ពេលព្រឹក​មុននឹង​ចូលរួម​ពិធី​ជួបជុំ​នៅ​ខេត្តសៀមរាប នាពេល​រសៀល។ គណបក្សប្រឆាំង​ក៏​គ្រោង​ដង្ហែ​ក្បួន​ដែរ​នៅក្នុង​ខេត្តសៀមរាប។ទីបំផុត​ទៅ
គណបក្ស​សង្គ្រោះ​ជាតិ​បានសម្រេច​រៀបចំ​ពិធី​ដល់​ទៅ​ពីរ​ក្នុង​ថ្ងៃ​តែមួយ​គឺ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ​ខាងមុខនេះ។ គណបក្ស​នេះ​គ្រោង​រៀបចំ​ក្បួន​ដង្ហែ​ក្បួន​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ភ្នំពេញ​នៅពេល​ព្រឹក និង​ពិធី​ជួបជុំ​ធំ​មួយទៀត​នៅ​ខេត្តសៀមរាប​នៅពេល​រសៀល។
 
លោក យ៉ែម ប៉ុ​ញ្ញ​ឬ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មេដឹកនាំ​គណបក្សប្រឆាំង​គឺ​លោក សម រង្ស៊ី និង​លោក គឹម សុខា នឹងចូលរួម​ពិធី​ដង្ហែ​ក្បួន​នៅ​ភ្នំពេញ​នៅពេល​ព្រឹក​មុននឹង​ទៅ​ចូលរួម​ពិធី​មួយទៀត​នៅ​ខេត្តសៀមរាប​នៅពេល​រសៀល។
 
យោងតាម​សេចក្តីជូនដំណឹង នៅ​ភ្នំពេញ ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចេញពី​ទីតាំង​បី​ខុសគ្នា៖ ក្បួន​ទី១ចេញពី​ទីស្នាក់ការ​គណបក្ស​នៅក្នុង​សង្កាត់​ចាក់អង្រែ ក្បួន​ទី២ចេញពី​ចំណុច​ស្ពាន​អាកាស​ពេទ្យ​ព្រះសង្ឃ និង​ក្បួន​ទី៣ចេញពី​ខណ្ឌ​ឬ​ស្សី​កែវ។ ក្បួន​ទាំងបី​នឹង​ជួបគ្នា​នៅមុខ​មន្ទីរ​រដ្ឋសភាជាតិ។ ពិធី​នេះ​ត្រូវបាន​គេ​ពន្យល់ថា មាន​គោលដៅ​ទាមទារ​ឲ្យ​មានការ​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ​នៅ​កម្ពុជា។ មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវគេ​ប្រកាសថា​នឹងចូលរួម​ក្នុង​ពិធី​នោះ។
 
 
នៅឯ​ខេត្តសៀមរាប ពិធី​ជួបជុំ​គ្រោង​នឹងធ្វើ​នៅឯ​បូរី​អង្គរ​ឃ្យុ​ង​យូ។ ពិធី​នេះ​គឺជា​ការ​អបអរ​សាទរ​​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ផង និង​ដើម្បី​ឲ្យ​ពលរដ្ឋ​សម្តែង​មតិ​ផង។ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​គ្រោង​ដង្ហែ​ក្បួន​ទៅកាន់​ប្រាសាទអង្គរវត្ត​ផងដែរ។ នេះ​បើ​យោងតាម​លោក យ៉ែម ប៉ុ​ញ្ញ​ឬ​ទ្ធិ។ យ៉ាងណាក៏ដោយ គណបក្ស​នេះ​ក៏ត្រូវ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី​ដើម្បី​សម្រប​សម្រួល​ជាមុន។
 
បើ​យោងតាម​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ រហូតមកទល់​ថ្ងៃនេះ នៅ​មិនទាន់មាន​ការពិភាក្សាគ្នា​រវាង​តំណាង​គណបក្ស​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ។ យ៉ាងណាក៏ដោយ បើតាម​ទម្លាប់ ទោះជា​អាជ្ញាធរ​មិន​អនុញ្ញាត​ក៏​គណបក្សប្រឆាំង​នៅតែ​ប្រារព្ធ​ពិធី​ដូច​ការគ្រោងទុក​ដដែល៕