ក្រៅពីពិធីជួបជុំក្នុងខេត្តសៀមរាប គណបក្សសង្គ្រោះជាតិក៏មានគម្រោងដង្ហែក្បួននៅទីក្រុងភ្នំពេញដែរនៅថ្ងៃទី១០ធ្នូខាងមុខនេះ។ លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាននិងអនុប្រធានបក្សប្រឆាំងគ្រោងចូលរួមក្បួនដង្ហែនៅភ្នំពេញពេលព្រឹកមុននឹងចូលរួមពិធីជួបជុំនៅខេត្តសៀមរាប នាពេលរសៀល។ គណបក្សប្រឆាំងក៏គ្រោងដង្ហែក្បួនដែរនៅក្នុងខេត្តសៀមរាប។ទីបំផុតទៅ
គណបក្សសង្គ្រោះជាតិបានសម្រេចរៀបចំពិធីដល់ទៅពីរក្នុងថ្ងៃតែមួយគឺថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូខាងមុខនេះ។ គណបក្សនេះគ្រោងរៀបចំក្បួនដង្ហែក្បួនដ៏ធំមួយនៅទីក្រុងភ្នំពេញនៅពេលព្រឹក និងពិធីជួបជុំធំមួយទៀតនៅខេត្តសៀមរាបនៅពេលរសៀល។លោក យ៉ែម ប៉ុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៊ី និងលោក គឹម សុខា នឹងចូលរួមពិធីដង្ហែក្បួននៅភ្នំពេញនៅពេលព្រឹកមុននឹងទៅចូលរួមពិធីមួយទៀតនៅខេត្តសៀមរាបនៅពេលរសៀល។
យោងតាមសេចក្តីជូនដំណឹង នៅភ្នំពេញ ក្បួនដង្ហែរបស់គណបក្សសង្គ្រោះជាតិនឹងចេញពីទីតាំងបីខុសគ្នា៖ ក្បួនទី១ចេញពីទីស្នាក់ការគណបក្សនៅក្នុងសង្កាត់ចាក់អង្រែ ក្បួនទី២ចេញពីចំណុចស្ពានអាកាសពេទ្យព្រះសង្ឃ និងក្បួនទី៣ចេញពីខណ្ឌឬស្សីកែវ។ ក្បួនទាំងបីនឹងជួបគ្នានៅមុខមន្ទីររដ្ឋសភាជាតិ។ ពិធីនេះត្រូវបានគេពន្យល់ថា មានគោលដៅទាមទារឲ្យមានការគោរពសិទ្ធិមនុស្សពិតប្រាកដនៅកម្ពុជា។ មនុស្សរាប់ម៉ឺននាក់ត្រូវគេប្រកាសថានឹងចូលរួមក្នុងពិធីនោះ។
នៅឯខេត្តសៀមរាប ពិធីជួបជុំគ្រោងនឹងធ្វើនៅឯបូរីអង្គរឃ្យុងយូ។ ពិធីនេះគឺជាការអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិផង និងដើម្បីឲ្យពលរដ្ឋសម្តែងមតិផង។ គណបក្សសង្គ្រោះជាតិក៏គ្រោងដង្ហែក្បួនទៅកាន់ប្រាសាទអង្គរវត្តផងដែរ។ នេះបើយោងតាមលោក យ៉ែម ប៉ុញ្ញឬទ្ធិ។ យ៉ាងណាក៏ដោយ គណបក្សនេះក៏ត្រូវពិភាក្សាជាមួយអាជ្ញាធរដែនដីដើម្បីសម្របសម្រួលជាមុន។
បើយោងតាមអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ រហូតមកទល់ថ្ងៃនេះ នៅមិនទាន់មានការពិភាក្សាគ្នារវាងតំណាងគណបក្សជាមួយអាជ្ញាធររាជធានីភ្នំពេញនៅឡើយទេ។ យ៉ាងណាក៏ដោយ បើតាមទម្លាប់ ទោះជាអាជ្ញាធរមិនអនុញ្ញាតក៏គណបក្សប្រឆាំងនៅតែប្រារព្ធពិធីដូចការគ្រោងទុកដដែល៕
Labels: ព័ត៌មានអន្តរជាតិ