
លោកស្រី យីងឡាក់ អត់បានយកទៅធ្វើបាបឬប្រើអំពើហិង្សាបង្ហូរឈាមប្រជារាស្ត្រវិញទេ។ នៅពេលស្ថានភាពតានតឹងនៃការតវ៉ាយ៉ាងផុសផុលរបស់ក្រុមបាតុករ លោកស្រី យីងឡាក់ បានផ្តល់ជម្រើសនយោបាយដ៏ល្អបំផុតគឺការរំលាយរដ្ឋសភាដើម្បីរៀបចំការបោះឆ្នោតឡើងវិញនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ខាងមុខនេះ ក៏ព្រោះតែលោកស្រី យីងឡាក់ ជឿជាក់ថា គាត់នៅតែទទួលបានការគាំទ្រពីប្រជាជនសៀម យ៉ាងភ្លូកទឹកភ្លូកដីដដែល ក៏ព្រោះតែគាត់ជាមេដឹកនាំល្អ ការពារទឹកដី និងជួយដោះស្រាយទុក្ខលំបាករបស់ប្រជាជនសៀមទូទៅ។
លោកស្រី យីងឡាក់ បានធ្វើឲ្យប្រជាជនសៀមរំភើបចិត្តគ្រប់ៗគ្នាចំពោះការលះបង់ដ៏ធំធេងដើម្បីសេចក្តីសុខសន្តិភាព និងចៀសវាងនូវការបង្ហូរឈាមឬភាពចលាចល ដោយឈរលើការពិត ហើយការពិតនេះនាំឲ្យលោកស្រី យីងឡាក់ ជឿជាក់ថាការដឹកនាំដ៏ត្រឹមត្រូវរបស់គាត់នៅតែទទួលបានការគាំទ្រពីប្រជាជនសៀមមិនខ្លាចក្នុងការរៀបចំបោះឆ្នោតសាជាថ្មីឡើងវិញទេ ព្រោះក្រុមម្ខាងក្នុងចង្កោមបក្សអាវលឿង បានបង្ហាញការមិនពេញចិត្តចំពោះគ្រួសារ ស៊ីណាវ៉ាត្រា ជាយូរមកហើយ ដោយគេភ្ជាប់ភាពរឹងមាំនិងការទទួលខុសត្រូវរបស់ យីងឡាក់ ទៅនឹងលោក ថាក់ស៊ីន ជាបងប្អូនដើម្បីបញ្ឆេះកំហឹងជនជាតិសៀមឲ្យខឹងសម្បានិងធ្វើបាតុកម្មទាមទារឲ្យលោកស្រី យីងឡាក់ ចុះចេញពីតំណែង។ បើពិនិត្យលើស្ថានភាពជាក់ស្តែង ក្រុមអាវលឿងមានចំនួនតិចតួចបើប្រៀបធៀបជាមួយក្រុមអាវក្រហមនៅទូទាំងស្រុកសៀម ដែលគាំទ្រលោកស្រី យីងឡាក់ ដូច្នេះល្បែងខូចរបស់លោក ស៊ូថេប ក្នុងការប៉ុនប៉ងប្លន់អំណាចដោយយកប្រជាជនធ្វើជាខែលមិនអាចទៅរួចទេ ព្រោះប្រទេសប្រជាធិបតេយ្យត្រូវតែមានការផ្តល់សិទ្ធិអំណាចឲ្យប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសមេដឹកនាំ ទៅតាមគោការណ៍យុត្តិធម៌និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
លោកប្រធាន សម រង្ស៊ី បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការវិវត្តន៍នយោបាយនៅក្នុងស្រុកសៀម ចាប់តាំងពីពេលមានការប្រមូលផ្តុំគ្នាធ្វើបាតុកម្មដោយលោកប្រធាន សម រង្ស៊ី បានកត់សម្គាល់ពីឥរិយាបថនិងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរសៀម ដែលត្រូវបានដាក់ពង្រាយដើម្បីរក្សាសណ្តាប់ធ្នាប់និងសន្តិសុខ គ្មានកាំភ្លើងនៅក្នុងដៃ លើកលែងតែខែលសម្រាប់រងដុំថ្ម និងគ្រាប់បែកផ្សែង ដើម្បីបាញ់បំបែកហ្វូងអ្នកតវ៉ា។ ការធ្វើបាតុកម្មយ៉ាងផុសផុលរបស់ប្រជាជនសៀម ប្រព្រឹត្តទៅដោយរលូនល្អគ្មានការរារាំង គ្មានការកំណត់ចំនួនមនុស្ស ឬការវាស់ម៉ែត្រការ៉េដូចនៅក្នុងប្រទេសកម្ពុជាទេ ហើយបាតុករដែលទៅចូលរួមធ្វើបាតុកម្មទាំងអស់ទទួលបាននូវការលើកទឹកចិត្តពីអាជ្ញាធរនិងក្រុមអ្នកកាន់អំណាចអំពីការប្រើប្រាស់សិទ្ធិសេរីភាពដូចមានចែងក្នុងមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ក្រុមបាតុករនៅស្រុកសៀម មានឱកាសប្រមូលផ្តុំជួបជុំគ្នាដើម្បីសម្តែងមតិយោបល់ ហើយក៏អាចនាំគ្នាដង្ហែក្បួននៅតាមផ្លូវផ្សេងៗគ្មានការហាមឃាត់ ឬដាក់កំហិតអ្វីទេ ហើយបើទោះបីជាក្រុមបាតុករហាក់ដូចជាជ្រុលនិងល្មើសច្បាប់ក្នុងការឡោមព័ទ្ធកាន់កាប់អគាររដ្ឋ ក៏កម្លាំងអាជ្ញាធរមិនបង្កហិង្សា សុខចិត្តបើកផ្លូវឲ្យក្រុមបាតុករចូលតាមសម្រួល។
ព័ត៌មានលម្អិតសូមអានក្នុងសារព័ត៌មាន មនសិការខ្មែរ ចេញផ្សាយថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣។ សូមអរគុណ៕
ប្រភព៖មនសិការខ្មែរ